ជាតិ
អត្ថបទពាណិជ្ជកម្ម
នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ចុះ MoU ជាមួយក្រុមហ៊ុន សាលា​ ថេក​ ឌីជីថល សឹលូសិន(ខេមបូឌា) លើកិច្ចសហប្រតិបត្ដិការលើកកម្ពស់បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ
02, Nov 2022 , 5:19 pm        
រូបភាព
 នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២៖ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន សាលា​ ថេក​ ឌីជីថល សឹលូសិន(ខេមបូឌា) បានប្រារព្ធពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ដើម្បីជាកិច្ចសហប្រតិបត្ដិការ លើកកម្ពស់បច្ចេកវិទ្យាព័ត៌មាន ក្នុងវិស័យអប់រំ។ កម្មវិធីនេះធ្វើឡើង នៅក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរូម ពី​ភ្ញៀវកិត្ដិយសជាច្រើននាក់ផងដែរ។
 
លោក សុខ លាភ នាយកប្រតិបត្ដិក្រុមហ៊ុន សាលា​ ថេក​ ឌីជីថល សឹលូសិន(ខេមបូឌា) បានមានប្រសាសន៍ថា «ខ្ញុំបាទសូមឆ្លៀតឱកាសនេះផងដែរ ដើម្បីថ្លែងអំណរគុណពីចម្ងាយ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលជាមគ្គុទេសក៍ដ៏ឆ្នើមដែលបាន យកចិត្តទុកដាក់ខិតខំប្រឹងប្រែង ដឹកនាំវិស័យអប់រំនៅកម្ពុជា ឆ្ពោះទៅរកការអប់រំ ដែលមានគុណភាព និងសមធម៌ ព្រមទាំងលើកកម្ពស់ឱកាស ក្នុងការសិក្សាពេញមួយជីវិតសម្រាប់ប្រជាជន កម្ពុជាទាំងអស់។ SalaTech យើងខ្ញុំបានបង្កើតឡើងជាមួយនឹងចក្ខុវិស័យ ក្នុងការតម្រង់ ទិសសិស្សានុសិស្ស និងជាកន្លែងដែលពួកគេអាចមកស្វែងយល់ពីឱកាសក្នុងការសិក្សាដើម្បី ជួយឲ្យពួកគេអាចត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្នាក់ឧត្តមសិក្សា និង ការជ្រើសរើសជំនាញដែល សាកសម នឹងសមត្ថភាព និងគោលដៅនៅថ្ងៃអនាគតរបស់ពួកគេ។ ក្រុមហ៊ុន យើងជឿជាក់ថាការទទួលបានព័ត៌មានជាក់លាក់ ដំបូន្មាន និងការផ្ដល់ជំនួយគាំទ្រអាចជួយ សិស្សានុសិស្សឲ្យធ្វើការសម្រេចចិត្តបានត្រឹមត្រូវដើម្បីឈានទៅរកភាពជោគជ័យ នៅក្នុងជីវិត និងការងាររបស់ពួកគេ។ ថ្ងៃនេះ ខ្ញុំបាទពិតជារីករាយដែលទទួលបានការសហការ និងគាំទ្រដោយផ្ទាល់ ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអភិវឌ្ឍន៍បេសកកម្មរបស់យើង ដោយសង្ឃឹមថានឹងក្លាយជាចំណែក មួយសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំឌីជីថលនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង»។ 


 
ការចុះ MOU នៅក្នុងថ្ងៃនេះ នឹងផ្តោតលើគោលបំណងសំខាន់ៗចំនួន ៤៖ 
 
ទី១ ជួយគាំទ្រ សាលារៀន ក្នុងការធ្វើទំនើបកម្មការអប់រំ និងការគ្រប់គ្រង ជាមួយប្រព័ន្ធ គ្រប់គ្រងសាលារៀន។ បច្ចុប្បន្នមានគ្រឹះស្ថានសិក្សារដ្ឋជាង ១៣ ០០០ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវការដំណោះស្រាយនេះ។ 
 
ទី២ ជំរុញ និងបង្កើនការយល់ដឹងរបស់សិស្សនិស្សិត អំពីសារៈសំខាន់ នៃការជ្រើសរើសមុខជំនាញ និងការងារនៅថ្ងៃអនាគត ព្រមទាំងការជ្រើសរើសសកលវិទ្យាល័យ ឬវិទ្យាស្ថានរអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។
  


 ទី៣ បង្កើតភាពងាយស្រួល ដល់សិស្សានុសិស្សដែលនៅតាមបណ្តាខេត្ត ក្នុងការចុះឈ្មោះ ចូលរៀនអនឡាញទៅសកលវិទ្យាល័យ និងវិទ្យាស្ថានរអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ 
 
ទី៤ ជំរុញឲ្យមានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្នុងវិស័យអប់រំ ព្រមទាំងបង្កើន ឱកាសការងារ និងធនធានមនុស្ស។
 
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រី គឹម​ សេដ្ឋានី បានមានប្រសាន៍ថា៖ «ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃការធ្វើទំនើបកម្មបន្ថែមទៀត លើការអប់រំ ក៏ដូចជាការផ្ដល់នូវជម្រើសល្អដល់សិស្សានុសិស្ស។ កន្លងមកយើងបានធ្វើទំនើបកម្មច្រើនមកហើយ ជាពិសេសនៅក្នុងបរិបទកូវីដ-១៩ ឱ្យទៅជាកាលានុវត្ដភាព ជំរុញឱ្យការប្រើប្រាស់បច្ចេកវិទ្យា ជួយដោះស្រាយបញ្ហាប្រឈមនឹងការបង្រៀន»។ ជាចុងក្រោយ តំណាងឱ្យក្រសួងអប់រំ ខ្ញុំសូមថ្លែងអំណរគុណដល់សាលា ថេក និងក្រុមហ៊ុនដៃគូសហការទាំងអស់ ដែលផ្ដួចផ្ដើមកម្មវិធីនេះឡើង៕
 









(អត្ថបទពាណិជ្ជកម្ម) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com