កីឡាជាតិ
ជាតិ
ប្រណាំងម៉ូតូ៖ ជា លីឃាង ប្តេជ្ញាយកជ័យជម្នះជូនកម្ពុជា ទោះប្រកួតលើវិញ្ញាសាថ្មី
03, Nov 2022 , 9:59 am        
រូបភាព
កីឡាករ ជា លីឃាង ពេលចូលរួមប្រកួតនៅប្រទេសថៃ នាពេលកន្លងទៅ។ រូបពី ជា លីឃាង
កីឡាករ ជា លីឃាង ពេលចូលរួមប្រកួតនៅប្រទេសថៃ នាពេលកន្លងទៅ។ រូបពី ជា លីឃាង
ដោយ:
កីឡាករប្រណាំងម៉ូតូត្រៃតំណាងកម្ពុជា ជា លីឃាង បានទៅដល់ទឹកដីកូរ៉េខាងត្បូងហើយ ដើម្បីចូលរួមប្រកួតកីឡាប្រណាំងម៉ូតូអន្ដរជាតិ Extreme Enduro Sanlim Husqvarna Championship 2022។ ការប្រណាំងនឹងចាប់ផ្តើមពីថ្ងៃទី៣ ដល់ទី៦ ខែវិច្ឆិកា។

 
ថ្លែងក្នុងបទសម្ភាសមុនចេញដំណើរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កីឡាករប្រណាំងម៉ូតូត្រៃតំណាងកម្ពុជា ជា លីឃាង បង្ហាញអារម្មណ៍ត្រេកអរជាខ្លាំងដែលបានទៅចូលរួមប្រកួតការប្រណាំងម៉ូតូខ្នាតអន្តរជាតិនៅកូរ៉េខាងត្បូង។
 

កីឡាករ ជា លីឃាង ពេលចូលរួមប្រកួតនៅប្រទេសថៃ នាពេលកន្លងទៅ។ រូបពី ជា លីឃាង
 
លោក លីឃាង លើកឡើងថា៖«ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត ហើយប្លែកដែលបានទៅប្រកួតនៅប្រទេសកូរ៉េខាងត្បូងនេះ ដូចជាផ្លាស់ប្តូរបទពិសោធ។ ខ្ញុំបានត្រៀមខ្លួនរួចស្រេចហើយដើម្បីចូលរួមការប្រកួតប្រណាំងនេះ»។
ទោះបីព្រឹត្តិការណ៍ប្រណាំងម៉ូតូនេះ ជាការប្រកួតលើកដំបូងលើឆាកអន្តរជាតិសម្រាប់ខ្លួនក៏ពិតមែនប៉ុន្តែកីឡាករមានវ័យ៣០ឆ្នាំរូបនេះ បង្ហាញពីឆន្ទៈមុះមុតក្នុងការប្រជែងជ័យលាភីជូនប្រទេសកំណើតរបស់ខ្លួនដោយលោកប្រកាន់គោលជំហរជាមួយក្តីរំពឹងថានឹងធ្វើបានល្អ និងនាំទង់ជាតិកម្ពុជាបង្ហាញទៅដល់បណ្តាប្រទេសដែលចូលរួម។
 
ជា លីឃាង បន្តថា៖«ការចូលរួមប្រកួតនៅកូរ៉េខាងត្បូងនេះជាលើកដំបូងសម្រាប់ខ្ញុំ បទពិសោធថ្មីសម្រាប់វិញ្ញាសា Extreme Enduro។ ខ្ញុំទៅនេះគឺតំណាងជាតិហើយក៏យកទង់ជាតិទៅបង្ហាញក្នុងកម្មវិធីនេះដែរដើម្បីឱ្យប្រទេសផ្សេងបានឃើញថាប្រទេសយើងក៏មានកីឡាករប្រណាំងម៉ូតូក្រូស(Motor Super Cross)នេះដែរ។ ខ្ញុំបានហ្វឹកហាត់ជាច្រើនហើយដែរ ខ្ញុំរំពឹងថានឹងធ្វើឱ្យបានល្អ និងព្យាយាមយកជ័យជម្នះឱ្យបានពាំនាំយកមាតុភូមិប្រទេសយើងវិញ»។
 
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Extreme Enduro Sanlim Husqvarna Championship 202 នឹងធ្វើឡើងចាប់ពីថ្ងៃទី៣-៦ ខែវិច្ឆិកា នៅប្រទេសកូរ៉េខាងត្បូង ដែលមានប្រទេសចំនួន៦ចូលរួមដូចជា កម្ពុជា ជប៉ុន ថៃ រុស្ស៊ី ឆាយនីសតៃប៉ិ និងម្ចាស់ផ្ទះកូរ៉េខាងត្បូង៕
 

Tag:
 កីឡាប្រណាំងម៉ូតូ
  EESHC
© រក្សាសិទ្ធិដោយ thmeythmey.com