ជាតិ
យុវជនសកម្ម សេវាល្អ
នាយកវិទ្យាល័យហ៊ុន សែន ឧត្តរមានជ័យ នឹងបង្កើនការ​ប្រយ័ត្ន​កុំឱ្យ​​សិស្សប្រើ​​បារីអេឡិចត្រូ​និក​ ​
03, Nov 2022 , 11:15 am        
រូបភាព
 ដោយ៖ ផល សម្ផស្ស (យុវជនសង្កាត់សំរោង)
 
ឧត្តរមានជ័យ៖ លោក អៃ សុគន្ធ នាយកវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ​ បានបញ្ជាក់ថា បច្ចុប្បន្ន នៅក្នុងវិទ្យាល័យខ្លួន ពុំមានករណីសិស្សប្រើប្រាស់បារីអេឡិចត្រូនិកនោះទេ។ សម្រាប់លោក អៃ សុគន្ធ ​​ដ្បិតនេះគឺជាសញ្ញាល្អ ប៉ុន្តែក្នុងនាមជាថ្នាក់ដឹកនាំសាលា លោកមិនអាចធ្វេសប្រហែសនឹងបញ្ហានេះឡើយ។
 
នាយកវិទ្យាល័យរូបនេះ  អះអាងថា លោកនឹងបង្កើនការប្រុងប្រយ័ត្ន និងតាមដានបន្ថែមទៀត ដើម្បីទប់ស្កាត់​មិនឱ្យមានករណីប្រើប្រាស់​បារីអេឡិចត្រូនិក​នៅក្នុងសាលារបស់ខ្លួននោះទេ។  «ខ្ញុំគិតថា វាជាការល្អ ហើយក៏យើងនឹងមានការប្រុងប្រយ័ត្នដែរ ខ្លាចថ្ងៃមុខវាមាន​។ ដូច្នេះយើងនឹងដាក់បញ្ហាហ្នឹងចូលទៅក្នុងបទបញ្ជាផ្ទៃក្នុងមួយទៀត ហើយនិងប្រជុំផ្សព្វផ្សាយនៅពេលចូលកង(បើកបវេសនកាល) ហើយនឹងត្រួតពិនិត្យតាមដាន ដូច​(ការប្រើប្រាស់) ទូរស័ព្ទ (ក្នុងម៉ោងសិក្សា)អ៊ីចឹង រហូតដល់ស៊ើបដល់ខាងក្រៅទៀត ដាក់បណ្តាញថា បើសិនជាមានការប្រើប្រាស់សូមឱ្យរាយការណ៍»។
 

 សិស្សានុសិស្សថ្នាក់ទី១២A នៃវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ អង្គុយក្នុងបន្ទប់រៀន អំឡុងម៉ោងចេញលេង។
 
​សម្រាប់លោក អៃ សុគន្ធ មិនចង់សិស្សរបស់ខ្លួនលង់ខ្លួនដល់ប្រើប្រាស់​បារីអេឡិចត្រូនិក ដែល​នឹងបង្កផលអវិជ្ជមានដល់ការសិក្សា និងវិបត្តិធ្ងន់ធ្ងរដល់សុខភាព របស់សិស្សនោះឡើយ​។ នាយកសាលារូបនេះ ក៏បានអះអាងពីកិច្ចខិតខំស្វែងរកការសហការបន្ថែមទៀត ពីអាណាព្យាបាលសិស្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់បញ្ហាខាងលើនេះ។
 
ទន្ទឹមនឹងនេះ លោក អៃ សុគន្ធ ក៏លើកទឹកចិត្តឪពុកម្តាយ ឬអាណាព្យាបាលជួយតាមដានព័ត៌មាន ពីសកម្មភាព និងការសិក្សារបស់ខ្លួន ដើម្បីចូលរួម​ជាមួយសាលា ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា៕
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 អប់រំ
  បារីអេឡិចត្រូនិក
  ឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com