កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រដាល់សកលជើងឯកអាស៊ី៖ កីឡាករខ្មែរ អាប់ឌុលឡា ជួបកូរ៉េខាងត្បូង ចំណែក អាន់វ៉ា ប៉ះថៃ
03, Nov 2022 , 3:45 pm        
រូបភាព
សកម្មភាពហ្វឹកហាត់ត្រៀមការប្រកួតរបស់កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា រ៉ាចាពៅ អាប់ឌុលឡា (អាវស) និងកីឡាករ ណាស្រេឌីនូវ អាន់វ៉ា(អាវខ្មៅ)។ រូបពី សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា
សកម្មភាពហ្វឹកហាត់ត្រៀមការប្រកួតរបស់កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា រ៉ាចាពៅ អាប់ឌុលឡា (អាវស) និងកីឡាករ ណាស្រេឌីនូវ អាន់វ៉ា(អាវខ្មៅ)។ រូបពី សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា
ដោយ:
កីឡាករជម្រើសជាតិកម្ពុជា រ៉ាចាពៅ អាប់ឌុលឡា ត្រូវជួបប្រកួតជាមួយកីឡាករកូរ៉េខាងត្បូង Haneul Jung មុនការប្រកួតរវាងកីឡាករ ណាស្រេឌីនូវ អាន់វ៉ា តទល់ Weerapon Jongjoho មកពីប្រទេសថៃ នៃពានរង្វាន់ប្រដាល់សកលឯកអាស៊ី ASBC Asian Elite Men and Women Boxing Championship 2022 នៅថ្ងៃទី៣ ខែវិច្ឆិកា ក្នុងក្រុងអាម៉ាន់ ប្រទេសហ្ស៊កដានី។

 
សម្រាប់គូទី១ កីឡាករជម្រើសជាតិកម្ពុជា កូនកាត់ខ្មែរ-អ៊ូសបេគីស្ថាន រ៉ាចាពៅ អាប់ឌុលឡា ត្រូវជួបប្រកួតជាមួយកីឡាករកូរ៉េខាងត្បូង Haneul Jung ក្នុងប្រភេទទម្ងន់ ៩២គីឡូក្រាម ដោយការប្រកួតចាប់ផ្តើមនៅម៉ោង៤ល្ងាច។ 
ចំណែកកីឡាករកូនកាត់ខ្មែរ-អ៊ូសបេគីស្ថានមួយរូបទៀត ណាស្រេឌីនូវ អាន់វ៉ា ត្រូវជួបតទល់ ជាមួយម្ចាស់មេដាយប្រាក់២សម័យកាលថៃ Weerapon Jongjoho លើប្រភេទទម្ងន់ ៨០គីឡូក្រាម នៅម៉ោង១០យប់។
 
លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ថាការចូលរួមប្រកួតក្នុងទឹកដីហ្ស៊កដានីជាការវាស់ស្ទង់កម្រិតសមត្ថភាពកីឡាករត្រៀមស៊ីហ្គេម២០២៣ នៅកម្ពុជា។ លោក សោភ័ណ្ឌ រំលេចថា ការរៀបចំគឺមានកម្រិតលំដាប់តំបន់អាស៊ី ហើយកីឡាករលំដាប់អាស៊ានប៉ុណ្ណោះដែលមានឈ្មោះចូលរួមប្រកួត។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៣ ខែវិច្ឆកា លោក អគ្គលេខាធិការមានជំនឿចិត្តយ៉ាងមុតមាំចំពោះកម្រិតសមត្ថភាពកីឡាករជម្រើសជាតិកម្ពុជា អាចប្រជែងមេដាយនៅស៊ីហ្គេម២០២៣។
 
លោក ប៊ុយ សោភ័ណ្ឌ បញ្ជាក់ថា៖«សម្រាប់ការប្រកួតនេះមានកម្រិតខ្ពស់ជាងកម្រិតស៊ីហ្គេម ដែលសម្រាប់តំបន់អាស៊ានមានតែប្រទេសខ្លាំងៗប៉ុណ្ណោះដែលបញ្ជូនកីឡាករ-ការិនីមកចូលរួមប្រកួត។ វាជាការវាស់ស្ទង់ដ៏សំខាន់សម្រាប់កីឡាករកម្ពុជា ដែលពួកគាត់យើងត្រូវមកប្រកួតជាមួយកីឡាករលំដាប់អាស៊ី និងពិភពលោក ទើបពួកគាត់អាចពង្រឹងសមត្ថភាពឈានទៅដណ្តើមមេដាយកម្រិតស៊ីហ្គេម បាន»៕
 
 
 

Tag:
 កីឡាប្រដាល់សកល
 ASBC
  ប៊ុយ សោភ័ណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com