ជាតិ
យុវជនសកម្ម សេវាល្អ
នាយកវិទ្យាល័យហ៊ុន សែន ឧត្តរមានជ័យ ជំរុញឱ្យសិស្ស​ប្រើ​​ទូរសព្ទដៃដើម្បីបង្កើនចំណេះ​​
03, Nov 2022 , 4:16 pm        
រូបភាព
ដោយ៖ ឈិន សុភារើន (យុវជនសង្កាត់សំរោង)
ឧត្តរមានជ័យ៖ លោក អៃ សុគន្ធ នាយកវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ ដែលមានទីតាំងស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានជំរុញ និងណែនាំ ឱ្យសិស្សានុសុស ប្រើប្រាស់ទូរសព្ទដៃ ដើម្បីជាប្រយោជន៍ដល់ការសិក្សា និងបង្កើនចំណេះដឹង ជាជាងការលេងហ្គេម។ ការជំរុញបែបនេះ គឺស្របពេល​ដែលទូរសព្ទដៃទំនើប កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលាយ នៅក្នុងចំណោម​សិស្សានុសិស្ស​នៅទីនេះ។

 
សម្រាប់លោក អៃ សុគន្ធ នៅក្នុងបច្ចុប្បន្ននេះ គេមិនអាចហាមឃាត់ សិស្សមិនឱ្យប្រើទូរសព្ទនោះទេ។ ប៉ុន្តែអ្វីដែលជាកង្វល់របស់គណៈគ្រប់គ្រងសាលា គឺបារម្ភថា សិស្សអាច​ឆ្លៀត ឬលួចប្រើទូរសព្ទខុសគោលដៅ ពោលគឺចំណាយពេលលេងហ្គេម ឬកម្សាន្តជ្រុលហួសហេតុ។ ដើម្បីទប់ស្កាត់បញ្ហាទាំងនេះ វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ បានដាក់ចេញនូវការណែនាំ និងវិន័យរដ្ឋបាលមួយចំនួន ដើម្បីជាការព្រមានដល់សិស្សានុសិស្សដែល​ ល្មើល។ 
 
លោក អៃ សុគន្ធ ពន្យល់បន្ថែមដូច្នេះ៖ «យើងមិនអាចផ្តាច់ពីប្រព័ន្ធអេឡិចត្រូនិកហ្នឹងទេ ដោយសារសម័យនេះ គឺជាសម័យសិក្សាតាមប្រព័ន្ធអនឡាញ។ ដូច្នេះដើម្បីឱ្យការប្រើប្រាស់គាត់មានប្រសិទ្ធភាព គឺយើងមានបទបញ្ជាផ្ទៃក្នុងហ្នឹង បើសិនជាឃើញលេង ជាពិសេសគឺការមើលរឿងអាសអាភាស និងលេងហ្គេមហ្នឹង គឺយើងដកទូរសព្ទទុកជាការព្រមាន ពី១សប្តាហ៍ ទៅ១ខែតែម្តង បានប្រគល់ឱ្យវិញ​។ គាត់ធ្លាប់ទទួលបានការពិន័យនេះ ធ្វើឱ្យគាត់រាងចាល មិនហ៊ានលេងទេ»។ 
 

 លោកគ្រូ អៃ សុគន្ធ នាយកវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ។
 
យ៉ាងណាក៏ដោយ នាយកសាលាដដែល ទទួលស្គាល់ថា ការហាមឃាត់សិស្សានុសិស្សមិនឱ្យប្រើប្រាស់ទូរសព្ទដៃសម្រាប់កម្សាន្ត ឬលេងហ្គេមនៅក្រៅបរិវេណសាលា គឺជារឿងដែលពិបាកធ្វើណាស់ដែរ​។ ដូច្នេះអ្វីដែលគណៈគ្រប់គ្រងសាលារូបនេះ ធ្វើបានគឺការបន្តតាមដានពីសកម្មភាព និងលទ្ធផលសិក្សារបស់សិស្ស បន្ថែមលើការអប់រំ ណែនាំ និងជំរុញឱ្យសិស្សគោរពតាមបទបញ្ជាផ្ទៃក្នុងដែល​មានចែង។ លោក អៃ សុគន្ធ ក៏បន្តលើកទឹកចិត្តដល់អាណាព្យាបាល ចូលរួម​អប់រំ ​ណែនាំ និងជំរុញកូនៗ ឱ្យខិតខំសិក្សាបន្ថែមផងដែរ។
 

 2សិស្សថ្នាក់ទី១២A នៃវិទ្យាល័យហ៊ុន សែន ឧត្តរមានជ័យ ពិភាក្សាគ្នាធ្វើលំហាត់ អំឡុងម៉ោងចេញលេង។ 
 
សម្រាប់ លោក អៃ សុគន្ធ ចង់ឃើញ ហើយក៏សង្ឃឹមថា សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យទាំងអស់ នឹងប្រើប្រាស់​ទូរសព្ទសម្រាប់ជាប្រយោជន៍ដល់ការសិក្សា និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន។ លើសពីនេះ គឺចៀសវាងការលេងហ្គេម នៅក្នុងម៉ោងសិក្សា និងនៅក្នុងបរិវេណសាលា។ «ការសំណូមពររបស់ខ្ញុំ គឺគ្មានអីក្រៅពីសុំឱ្យប្អូនៗ ធ្វើម៉េចពេលគ្រូបង្រៀន បើសិនគាត់មិនឱ្យឆែកទូរសព្ទ គឺសុំឱ្យប្អូន កុំទាញទូរសព្ទមកឆែកអ្វីដែលគ្រូមិនបានអនុញ្ញាត។ ម៉ោងខ្លះ មុខវិជ្ជាខ្លះគាត់តម្រូវឱ្យសិស្សឆែកទូរសព្ទ។ អ៊ីចឹងអ្វីដែលក្រៅពីគ្រូអនុញ្ញាត គឺប្អូនត្រូវបិទសំឡេងទូរសព្ទ ហើយរក្សាទូរសព្ទនៅក្នុងកាតាប ដើម្បីកុំឱ្យរំខានអារម្មណ៍(ដល់)គ្រូ និងសិស្សរួមថ្នាក់»៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 អប់រំ
  បារីអេឡិចត្រូនិក
  ឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com