ជាតិ
TI៖ យុវជនជិត៩០ភាគរយ ក្នុងចំណោមជាង១ពាន់នាក់ ពុំដឹងពីផែនការអភិវឌ្ឍន៍ជាតិ
03, Nov 2022 , 7:59 pm        
រូបភាព
រូបតំណាង TI
រូបតំណាង TI
ភ្នំពេញ៖ អង្គការតម្លាភាពកម្ពុជា (TI) រកឃើញថា យុវជនជិត៩០ភាគរយ ពុំខ្វាយខ្វល់នឹងគោលនយោបាយ ​និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឡើយ។ យ៉ាងណាក្ដី យុវជន៤៣ភាគរយ ចង់ឲ្យមានយន្តការកាត់បន្ថយអំពើពុករលួយ ជាគោលនយោបាយអាទិភាព។

 
អង្គការតម្លាភាពកម្ពុជា បានចេញរបាយការណ៍មួយពី «ការស្ទង់មតិយុវជនស្ដីពីគោលនយោបាយ» ដែលមានយុវជន១៦០០នាក់បានចូលរួម ក្នុងការស្ទង់មតិ ពីបណ្ដាភូមិចំនួន២០០ នៅទូទាំង២៥រាជធានីខេត្ត។ ការស្រាវជ្រាវនេះ រកឃើញថា យុវជនយល់ដឹងពីយុទ្ធសាស្រ្តអភិវឌ្ឍន៍ និងគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាល នៅមានកម្រិតទាប។ 
 
យុវជនចំនួន៩០ភាគរយ ក្នុងចំណោមយុវជន១៦០០នាក់ មិនទាន់បានដឹងពីយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ ហើយ៨៩ភាគរយ ក៏មិនធ្លាប់ឮពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។ ជាមួយគ្នាដែរ មានយុវជន៨៤ភាគរយ ពុំបានដឹងពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ យ៉ាងណាក្ដី មានយុវជន១៥ភាគរយ បានដឹងឮពីគោលនយោបាយស្ដីពីការអភិវឌ្ឍន៍យុវជន។ នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់ TI។ 
 
ការស្រាវជ្រាវរបស់ TI ក៏បានរកឃើញដែរថា យុវជនសព្វថ្ងៃមានស្ថានភាពហិរញ្ញវត្ថុប្រសើរ ប៉ុន្តែពួកគេនៅតែជួបបញ្ហាប្រឈមជាច្រើនទៀត ដូចជា ការថែទាំសុខភាព ការអប់រំ ការងារ និងការចូលរួមសង្គមនយោបាយ។ ទោះយ៉ាងនេះក្ដី ក៏យុវជនកម្ពុជា មានសុទិដ្ឋិនិយមថា សេវាសាធារណៈនឹងល្អប្រសើរឡើង នាពេលអនាគតដ៍ខ្លីខាងមុខ។ 
 
«ឆ្ពោះទៅពេលខាងមុខ យុវជនកម្ពុជាដែលចូលរួមក្នុងការស្ទង់មតិបាននិយាយថា ការកាត់បន្ថយអំពើពុករលួយគួរតែជាគោលនយោបាយអាទិភាពទីមួយ សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ បន្ទាប់មកគឺការបង្កើនការងារ (៤៣ភាគរយ) ការកាត់បន្ថយភាពក្រីក្រ (៤០ភាគរយ) និងការបង្កើនគុណភាពនៃការអប់រំ (៣៨ភាគរយ) »។ នេះជាអ្វីដែលTI បានរកឃើញ។ 
 
ជុំវិញការស្រាវជ្រាវនេះ លោក ជុនលី សិរីវិចិត្រ ដែលជាអ្នកដឹកនាំការសិក្សាស្រាវជ្រាវខាងលើយល់ថា ចំណេះដឹងមានកម្រិត​របស់យុវជនស្ដីពីឯកសារគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាល បានឆ្លុះបញ្ចាំងពីភាពខ្វះខាតការចាប់អារម្មណ៍ និងការយល់ដឹងកិច្ចការសាធារណៈជាទូទៅក្នុងសង្គម។ ប៉ុន្តែក៏បានបង្ហាញដែរថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកន្លងមក សម្រាប់យុវជន នៅមិនទាន់គ្រប់គ្រាន់នៅឡើយ។
 
ទន្ទឹមនឹងនេះ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាក៏បាន លើកឡើងដែរ ជុំវិញការស្រាវជ្រាវខាងលើថា ទិន្នន័យដែលរកឃើញគឺជាភស្តុតាងច្បាស់លាស់ ហើយអាចទុកចិត្តបានសម្រាប់ជួយដល់អ្នកបង្កើតគោលនយោបាយ។ ក្រុមអ្នកបង្កើតគោលនយោបាយ នឹងយល់ច្បាស់អំពីបញ្ហាដែលបានរកឃើញ ហើយធានាថាគោលនយោបាយដែលពួកគេបង្កើត​ឡើង គឺមានភាពស៊ីជម្រៅ និងទទួលបានជោគជ័យ។ 
 
«ដូច្នេះហើយ យើងសង្ឃឹមថា លទ្ធផលនៃការសិក្សានេះនឹងផ្តល់ឱ្យភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងប្រទេសកម្ពុជា ជាពិសេសរដ្ឋាភិបាល នូវព័ត៌មាន ឬធាតុចូលដ៏មានសារៈសំខាន់ ថាតើយុវជនកម្ពុជាយល់ឃើញដូចម្ដេចអំពីសុខុមាលភាពសង្គម និងសេដ្ឋកិច្ចរបស់ពួកគេ ធៀបនឹងគោលនយោបាយសាធារណៈដែលមានផលជះ ឬមានទំនាក់ទំនងជាមួយនឹងជីវិតរស់នៅរបស់ពួកគេ»។  លោក ប៉ិច ពិសី បន្ថែម៕ 
 

Tag:
 យុវជន
  គោលនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com