ជាតិ
NICC នឹងជួយយុវជនធ្វើអាជីវកម្មថ្មី តាមបច្ចេកវិទ្យាឌីជីថល
04, Nov 2022 , 8:59 pm        
រូបភាព
ដោយ:
កម្មវិធី «NICC Startup Technology Sharing Conference» នឹងជួយសិស្សនិស្សិតឱ្យភ្ជាប់ខ្លួនជាមួយដៃគូរសហការ ដើម្បីធ្វើអាជីវកម្មថ្មី តាមរយៈបច្ចេកវិទ្យាឌីជីថល។ នេះបើតាមលោក ស្រ៊ុន សុវីឡា នាយកមជ្ឈមណ្ឌលជាតិបណ្ដុះធុរៈកិច្ចថ្មីនៃកម្ពុជា (NICC)។



លោក ស្រ៊ុន សុវីឡា លើកឡើងថា ការចាប់ផ្ដើមអាជីវកម្មថ្មី ជាមួយ ITC ឬ Technology វាជាចំណែកមួយដ៏សំខាន់ ដែលអាចជួយផ្នែកបរិស្ថាន ,កាត់បន្ថយការធ្វើចរាចរណ៍តាមដងផ្លូវ និងជួយសន្សំពេលវេលា។
 
លោក សុវីឡា បន្ថែមថា NICC នឹងបណ្ដុះធុរៈកិច្ចថ្មី ជាពិសេសជួយនិស្សិត ឱ្យចាប់ផ្ដើមអាជីកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ។ បើតាមលោក សុវិឡា ស្ថាប័នលោកនឹងបណ្ដុះបណ្ដាលដល់និស្សិតទូទាំងប្រទេស។
«ការសិក្សាមិនមែនមានតែចំណេះដឹងមួយមុខទេ តែក៏មានចំណេះធ្វើ ដូច្នេះវាជាគំរូមួយសម្រាប់និស្សិតដែលជាទំពាំងស្នងឫស្សីនៃកម្ពុជា»។ នេះបើតាមនាយកមជ្ឈមណ្ឌលជាតិបណ្ដុះធុរៈកិច្ចថ្មីនៃកម្ពុជា (NICC)។
   

លោក ស្រ៊ុន សុវីឡា នាយកមជ្ឈមណ្ឌលជាតិបណ្ដុះធុរៈកិច្ចថ្មីនៃកម្ពុជា (NICC)។
 
លោក អ៊ុំ រ៉ូមនី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការចែករំលែកបច្ចេកវិទ្យាសម្រាប់ធុរៈកិច្ចថ្មីនេះ នឹងជួយឱ្យសិស្សនិសិ្សត មានចំណេះជំនាញកាន់តែប្រសើរ ដើម្បីចាប់យកឱកាសការងាររបស់ខ្លួនចំគោលដៅ។
 
«ក្រសួងអប់រំ រៀបចំផ្សព្វផ្សាយដើម្បីសិស្សរៀននៅវិទ្យាល័យ បានដឹងបានយល់ទូលំទូលាយ ក្នុងការចាប់យកចំណេះជំនាញពេលកំពុងរៀន។ ចាប់ជំនាញត្រឹមត្រូវ មិនខាតពេលវេលា និងអាចរកចំណូលបានជួយជីវភាពគ្រួសាររបស់ពួកគេ»។ លោក អ៊ុំ រ៉ុមនី លើកឡើងយ៉ាងដូច្នេះ។
  

លោក អ៊ុំ រ៉ូមនី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា។ រូបភាព៖ ញឹក សំអូន
 
លោក RHO Hyun Jun នាយកប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលកូរ៉េ នឹងបន្តគាំទ្រដល់គម្រោង NICC Startup Technology Sharing Conference រួមទាំងជំនួយផ្សេងៗមកដល់កម្ពុជា។
 
លោកបន្តថា KOICA បានធ្វើគម្រោងជាច្រើនជាមួយកម្ពុជា ជាពិសេសវិស័យអប់រំ ក្នុងគោលបំណងបង្កើតធានធានមនុស្សសម្រាប់កម្ពុជា ។
គម្រោង NICC Startup Technology Sharing Conference នេះ ចំណាយថវិកាអស់ប្រមាណ ៨លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ឆ្នាំ ដើម្បីជួយដល់កម្ពុជា ក្នុងការបណ្ដុះបណ្ដាលនៅក្នុងវិស័យអប់រំ។ បើតាមលោក RHO Hyun Jun គម្រោងនេះ នឹងត្រូវបញ្ចប់ឆ្នាំក្រោយ។ តែយ៉ាងណាក៏ដោយ KOICA និង មជ្ឈមណ្ឌលជាតិបណ្ដុះធុរៈកិច្ចថ្មីនៃកម្ពុជា នៅតែមានគម្រោងជាច្រើនទៀតជាមួយគ្នា។
  

 លោក RHO Hyun Jun នាយកប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ។ រូបភាព៖ ញឹក សំអូន
 
លោក RHO Hyun Jun បញ្ជាក់ថា៖ «KOICA នឹងបន្តធ្វើការជាមួយ NICC បន្តទៀត ដោយអាស្រ័យទៅលើការស្នើសុំរបស់ក្រសួងអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការស្នើសុំរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ KOICA សប្បាយចិត្តក្នុងការសិក្សាទៅលើសំណើររបស់ក្រសួងអប់រំ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ»។
 
លោក ម៉ោញ ខែសិញ នាយក​ប្រតិបត្តិរបស់ផ្សារកសិករ (We Farm) បានចាប់ផ្ដើមអាជីកម្មខ្លួន នៅឆ្នាំ២០២០ ។ ចាប់ផ្ដើមអាជីវកម្មដំបូង រូបលោក មិនមានដើមទន់គ្រប់គ្រាន់នោះទេ ។ ប៉ុន្តែក្រោយចូលរួមក្នុងគម្រោងរបស់ NICC ទើបរូបលោក អាចធ្វើឱ្យផ្សារកសិកនេះ ដំណើរការប្រសើរជាងមុន។
 
នាយក​ប្រតិបត្តិផ្សារកសិកររូបនេះ បន្តថា NICC មានវគ្គបណ្ដុះបណ្ដាលពីរបៀបធ្វើជំនួញ ការធ្វើទីផ្សារ និងបច្ចេកវិទ្យាឌីជីថលជាដើម។ អ្វីដែលល្អទៀតនោះ គឺបានជួយដើមទន់ដល់ We Farm ដើម្បីបើកអាជីវកម្មទាំងមូលតែម្ដង។ លោកបន្ថែមថា NICC បានជួយកែប្រែលោក ពីអ្នកធ្វើអាជីវកម្មបែបធម្មតា ទៅជាអាជីវកម្មបែបបច្ចេកវិទ្យា។
 
លោក ខែសិញ បានអះអាងថា ផ្សារកសិករ នឹងចូលរួមជួយដល់កសិករ ដើម្បីឱ្យពួកគេបានទទួលចំណូលបន្ថែមពីការធ្វើកសិកម្ម។ «ខ្ញុំចង់ឱ្យមនុស្សទូទៅ រួមទាំងកសិករខ្លួនឯងផ្ទាល់មានមោទនភាពក្នុងនាមជាកសិករ ព្រោះនៅពេលដែលនិយាយពីកសិករ គាត់មិនសូវឱ្យតម្លៃខ្លួនឯងនៅក្នុងសង្គមទេ តែងាកមកវិញអ្វីដែលយើងហូបជាប្រចាំថ្ងៃ គឺកើតចេញពីកសិករ។ ខ្ញុំចង់ឱ្យការធ្វើកសិកម្ម ក្លាយទៅជាកសិទេសចរណ៍»។ នេះបើតាមលោក ម៉ោញ ខែសិញ។
  

 លោក ម៉ោញ ខែសិញ នាយកប្រតិបត្តិរបស់ផ្សារកសិករ (We Farm)។ រូបភាព៖ ញឹក សំអូន
 
គម្រោង NICC Startup Technology Sharing Conference នេះ បានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា,សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមជ្ឈមណ្ឌលជាតិបណ្ដុះធុរៈកិច្ចថ្មីនៃកម្ពុជា ដែលមានការគាំទ្រដោយ KOICA។ គម្រោងនេះ ធ្វើឡើងក្នុងគោលបំណង បំផុស និងលើកទឹកចិត្តយុវជនកម្ពុជា ឱ្យស្វែងយល់ពីបច្ចេកវិទ្យាឌីជីថល, អភិវឌ្ឍសេវាកម្មបច្ចេកវិទ្យា និងបង្កើតផលិតផល សេវាកម្មបច្ចេកវិទ្យាថ្មីៗ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា៕


 
 

Tag:
 KOICA
  NICC
© រក្សាសិទ្ធិដោយ thmeythmey.com