ជាតិ
យុវជនសកម្ម សេវាល្អ
​ឧត្តរមានជ័យ៖ លោក អៃ សុគន្ធ ថាបណ្ណាល័យជួយឱ្យសិស្សមានទម្លាប់អាន និងស្រាវជ្រាវ​
04, Nov 2022 , 9:59 pm        
រូបភាព
 ​ដោយ៖ វ័ន្ត រក្សា (យុវជនសង្កាត់សំរោង)
 
ឧត្តរមានជ័យ៖ បណ្ណាល័យ មានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍចំណេះដឹងរបស់សិស្សានុសិស្ស។ ដោយមើលឃើញពីគុណសម្បត្តិនៃការអាន និងស្រាវជ្រាវនេះហើយ ទើប លោក អៃ សុគន្ធ នាយកវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ បានជំរុញ និងលើកទឹកចិត្តសិស្ស ឱ្យប្រើប្រាស់​បណ្ណាល័យក្នុងសាលាឱ្យបាន​ច្រើន។ បើតាមលោក អៃ សុគន្ធ ការណ៍ដែល​ក្នុងសាលានីមួយៗមានបណ្ណាល័យ  ​វាមិនត្រឹមតែរួមចំណែកបង្កើតទម្លាប់អាន និងស្រាវជ្រាវដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានចូលរួមកាត់បន្ថយការប្រើប្រាស់ទូរសព្ទដៃ នៅក្នុងម៉ោងទំនេរពីការសិក្សារបស់សិស្សានុសិស្សផងដែរ។

 
លោក អៃ សុគន្ធ នាយកវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ ដែលមានទីតាំងនៅក្នុងសង្កាត់សំរោង ក្រុងសំរោង បានជំរុញឱ្យសិស្សានុសិស្សខ្លួន ប្រើប្រាស់បណ្ណាល័យនៅក្នុងសាលាឱ្យបានកាន់តែច្រើនថែមទៀត នៅក្នុងម៉ោងចេញលេង ឬម៉ោងទំនេរមិនមានកាលវិភាគសិក្សា។ ការជំរុញនេះ គឺស្របពេលដែល សាលា ទើបតែបញ្ចប់ការរៀបចំ កែលម្អឡើង បណ្ណាល័យចាស់ពីមុន ទៅជាបណ្ណាល័យដែលមានលក្ខណៈស្តង់ដារ ក្រោមការគាំទ្រហិរញ្ញវត្ថុពីវិស័យឯកជន ដើម្បីសម្រួល​ដល់ការសិក្សា​ ការ​អាន និងស្រាវជ្រាវរបស់សិស្ស។
 

 លោក អៃ សុគន្ធ នាយកវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ

​បើតាមលោក អៃ សុគន្ធ ​នៅក្នុងបណ្ណាល័យថ្មីនេះ មានសៀវភៅច្រើនល្មមគ្រប់គ្រាន់ដែល​បម្រើដល់ការសិក្សា ស្រាវជ្រាវរបស់សិស្សានុសិស្សពីថ្នាក់ទី៩ ដល់ទី១២ ប្រមាណ ១ ០៨០នាក់ ដែលកំពុងសិក្សានៅទីនេះ។ សម្រាប់លោកនាយកសាលា ក្រៅពីរួមចំណែកដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស បណ្ណាល័យ ក៏បានរួមចំណែក​ដល់ការកាត់បន្ថយការប្រើប្រាស់​ទូរសព្ទដៃរបស់សិស្សក្នុងពេលសម្រាកពីការសិក្សាផងដែរ។ «មានប្រយោជន៍ដល់សិស្ស នៅពេលម៉ោងទំនេរ។ កាលណាយើងមានបណ្ណាល័យស្អាត គួរឱ្យទាក់ទាញដូច្នេះ គាត់(សិស្ស) នឹងមិនយកការលេងទូរសព្ទជាធំទេ។ ពេលទំនេរ គាត់(សិស្ស) នឹងមកបណ្ណាល័យ។ ហើយមាន​សារៈសំខាន់ក្នុងការសិក្សា ស្រាវជ្រាវបន្ថែម នៅពេលគ្រូតាមមុខវិជ្ជា ដាក់ចំណោទ ឬក៏លំហាត់ គាត់អាចមកសិក្សា ស្រាវជ្រាវ នៅទីនេះ(ក្នុងបណ្ណាល័យ)បន្ថែម។»។ នេះជាការបញ្ជាក់របស់លោក អៃ សុគន្ធ។
 
​ដ្បិតនៅក្នុងបណ្ណាល័យ មានសៀវភៅសម្បូរបែបដែល​ពាក់ព័ន្ធនឹងសៀវភៅអប់រំគោលរបស់ ក្រសួងអប់រំ ប៉ុន្តែបើតាម លោក អៃ សុគន្ធ សៀវភៅពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ សៀវភៅភាសាអង់គ្លេស និងជាពិសេសសៀវភៅ និងឯកសារស្រាវជ្រាវផ្សេងៗ ពាក់ព័ន្ធនឹងវិស័យ ស្ទេម( STEM) នៅមានតិចតួចនៅឡើយ។
 
យុវសិស្ស  សាវឿត កណិការ ដែលជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ អះអាងថា រូបគេតែងតែទៅអានសៀវភៅនៅបណ្ណាល័យ នៅរៀងរាល់ពេលទំនេរពីការសិក្សារបស់ខ្លួន។ បើតាម កណិការ នាងមិនត្រឹមមានឱកាស​សិក្សាបន្ថែមពីមុខវិជ្ជាផ្សេងៗ នៅត្រឹមថ្នាក់ទី១០ ដែលខ្លួនកំពុងសិក្សានោះទេ រូបគេបន្ថែមលើមេរៀនថ្នាក់ទី១១ និង១២ បានទៀតផង


 2យុវសិស្ស ហ៊ន់ ស្រីល័ក្ខ ដែលសិក្សានៅថ្នាក់ទី១០ នៃវិទ្យាល័យហ៊ុន សែន ឧត្តរមានជ័យ នៅក្នុងឆ្នាំសិក្សា២០២១-២០២២។ .
 
មិនតែប៉ុណ្ណោះ យុវសិស្សរូបនេះ ក៏អាចស្រាវជ្រាវឯកសារបំណិនជីវិតផ្សេងៗ និងអានសៀវភៅប្រវត្តិសាស្ត្រ និងរឿងរ៉ាវផ្សេងៗទៀត ដែលបានកើតឡើងនៅបណ្ណាប្រទេសផ្សេងៗទៀតផង​។ 
 
យុវសិស្ស  សាវឿត កណិការ បញ្ជាក់ពីអារម្មណ៍ខ្លួនចំពោះវត្តមាននៃបណ្ណាល័យនេះយ៉ាងដូច្នេះ៖ «សម្រាប់ខ្ញុំ សប្បាយចិត្តខ្លាំង ដោយសារតែបើសិនជាសាលាអត់មានបណ្ណាល័យទេ វាអាចធ្វើឱ្យសិស្សមានពេលប្រើប្រាស់ទូរសព្ទច្រើន ដោយសារតែអត់មានបណ្ណាល័យ។​ ពេលមានបណ្ណាល័យអញ្ជឹង នៅពេលទំនេរ សិស្សទៅបណ្ណាល័យ អានសៀវភៅបាន»។ 
 

 យុវសិស្ស ហ៊ន់ ស្រីល័ក្ខ ដែលសិក្សានៅថ្នាក់ទី១០ នៃវិទ្យាល័យហ៊ុន សែន ឧត្តរមានជ័យ នៅក្នុងឆ្នាំសិក្សា២០២១-២០២២។ 
 
យុវសិស្ស ហ៊ន់ ស្រីល័ក្ខ ក៏ឧស្សាហ៍ទៅអានសៀវភៅ និងស្រាវជ្រាវមេរៀនបន្ថែម នៅបណ្ណាល័យជាមួយមិត្តភក្តិដែរ។ បើតាម ហ៊ន់ ស្រីល័ក្ខ ការណ៍ដែលសាលាមានបណ្ណាល័យដូច្នេះ វាបានជួយបង្កើនទម្លាប់អានសៀវភៅដល់ខ្លួន និងកាត់បន្ថយការចំណាយពេលច្រើនទៅលើការប្រើប្រាស់ទូរសព្ទបានផងដែរ។
 

4យុវសិស្ស សាវឿន កណិការ(ឆ្វេង) និងយុវជន ហ៊ន់ ស្រីល័ក្ខ(ស្តាំ) បានជំរុញឱ្យសិស្សានុស្សនៃវិទ្យាល័យហ៊ុន សែន ឧត្តរមានជ័យ ចូលអានសៀវភៅនៅបណ្ណាល័យ ដើម្បីបង្កើនចំណេះរបស់ខ្លួន។ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 អប់រំ
  បណ្ណាល័យ
  ឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com