ជាតិ
កែផ្ទៃក្នុងរដ្ឋសភា៖ អគ្គលេខាធិការ និងអគ្គលេខាធិការរង មានឋានៈស្មើនឹងរដ្ឋមន្ត្រី
04, Nov 2022 , 5:19 pm        
រូបភាព
 កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាថ្ងៃទី៣វិច្ឆិកា ឆ្នាំ២០២២។ រូបពី រដ្ឋសភា
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាថ្ងៃទី៣វិច្ឆិកា ឆ្នាំ២០២២។ រូបពី រដ្ឋសភា
ភ្នំពេញ៖ រដ្ឋសភា ធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ដើម្បីឲ្យស្របនឹងរដ្ឋធម្មនុញ្ញ ដែលទើបនឹងកែប្រែអំឡុងខែកក្កដា។ ការកែផ្ទៃក្នុងរដ្ឋសភានេះ ក៏នឹងជួយឲ្យអគ្គលេខាធិការ និងអគ្គលេខាធិការរង មានឋានៈស្មើរដ្ឋមន្ត្រី។

 
បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ចំនួន៥ប្រការ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា កាលពីថ្ងៃទី៣ វិច្ឆិកា ។ ក្រោយអនុម័តហើយ អង្គប្រជុំបានប្រគល់សេចក្ដីស្នើវិសោធនកម្មប្រការទាំង៥ ឲ្យគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យនិងសិក្សា ដើម្បីធ្វើរបាយការណ៍ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ 
 
ការធ្វើវិសោធនកម្មប្រការទាំងនោះ រួមមានប្រការថ្មី(ពីរ) ប្រការ៥ថ្មី(ពីរ) ប្រការ១០ថ្មី ប្រការ១៦ និងប្រការ៣៥ថ្មី ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា។ 
 
ជុំវិញការធ្វើវិសោធនកម្មនេះ លោក ប៉េង ឡុង បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទថា គោលដៅដែលធ្វើវិសោធនកម្មនេះ ដោយសារច្បាប់ធម្មនុញ្ញ និងបទបញ្ជារដ្ឋសភា មានការជាប់ពាក់ព័ន្ធនឹងគ្នា ពិសេសគឺការអនុវត្តនិងសិទ្ធិសម្រេចក្នុងរដ្ឋសភា។ 
 
លោកបន្ថែមថា ខ្លឹមសារសំខាន់ ក្នុងការកែបទបញ្ជាផ្ទៃក្នុងនេះ មានបីចំណុច។ ទីមួយ គឺនីតិវិធីក្នុងការរើសនិងតែងតាំងសមាជិករដ្ឋសភា ,ទីពីរ ការដាក់ញត្តិទម្លាក់រដ្ឋភិបាល និងចុងក្រោយ ការកែឋានៈរបស់អគ្គលេខាធិការ និងអគ្គលេខាធិការរង ឲ្យស្មើនឹងរដ្ឋមន្ត្រី។ 
 
ត្រង់ចំណុចនេះ លោក ប៉េង ឡុង បានបញ្ជាក់យ៉ាងដូច្នេះ៖ «ស្មើរដ្ឋមន្ត្រី គឺចង់ឲ្យខ្ញុំ ជាអគ្គលេខាធិការ ទៅធ្វើការជាមួយស្ថាប័នដទៃទៀត ឲ្យបានស្រួលជាងមុន ព្រោះឋានៈតូចទៅនិយាយជាមួយគេខាងធំ គេមិនសូវនិយាយរក ពិបាកអ៊ីចឹង! គោលបំណងគេ(ក្រុមគណៈកម្មក្នុងរដ្ឋសភាដែលស្នើឲ្យកែ)តែប៉ុណ្ណឹងទេ! ដើម្បីឲ្យខ្ញុំស្រួលធ្វើការបន្តិច ឲ្យមានប្រសិទ្ធភាព ឲ្យបានបន្តិចបាទ! »។
 
ប្រការ១៦ នៃបទបញ្ជាផ្ទៃក្នុង ពីមុន ចែងថា អគ្គលេខាធិការ និងអគ្គលេខាធិការរង ត្រូវតែងតាំង ដោយព្រះរាជក្រឹត្យ តាមសេចក្ដីស្នើរបស់ប្រធានរដ្ឋសភា ក្រោយពីបានពិគ្រោះជាមួយអនុប្រធានទី១ និងអនុប្រធានទី២ នៃរដ្ឋសភា ។ អគ្គលេខាធិការ និងអគ្គលេខាធិការរង មានឋានៈស្មើនឹងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ៕ 
 
 
 
 
 
 
 
 
 

Tag:
 រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com