ជាតិ
យុវជនសកម្ម សេវាល្អ
វិទ្យាល័យហ៊ុន សែន ឧត្តរមានជ័យ មានសិស្សអាហារូបករណ៍ចំនួន៧០នាក់
05, Nov 2022 , 7:59 am        
រូបភាព
លោក អៃ សុគន្ធ នាយកវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ។
លោក អៃ សុគន្ធ នាយកវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ។
ដោយ៖ សំ រស្មី (យុវជនសង្កាត់សំរោង)
 
ឧត្តរមានជ័យ៖ លោក អៃ សុគន្ធ នាយកវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ បានឱ្យដឹងថា នៅក្នុងចំណោមសិស្សានុសិស្សជាង១ពាន់នាក់ ដែលកំពុងសិក្សានៅសាលាខ្លួន មានសិស្សក្រីក្រ ដែលទទលបាន អាហារូបករណ៍ពីរាជរដ្ឋាភិបាល សរុប ៧០នាក់។ នាយកសា​លា​រូបនេះ បញ្ជាក់ទៀតថា សិស្សអាហារូបករណ៍ម្នាក់ៗ ទទួលបាន​បានថវិកាប្រចាំឆ្នាំ សរុប ២៦ម៉ឺនរៀល ដោយការបើកប្រាក់អាហារូបករណ៍នេះ ធ្វើឡើង៣ដង ក្នុងមួយឆ្នាំសិក្សា ដែល​ស្មើនឹង ១២ម៉ឺនរៀល។   

បើតាមលោក អៃ សុគន្ធ អាហារូបករណ៍នេះ បានផ្តល់ឱកាសឱ្យសិស្សដែលមានជីវភាពលំបាក មានលទ្ធភាពបន្តការសិក្សា​ និងសម្រាលការលំបាករបស់គ្រួសារពួកគេ បានមួយចំណែកដែរ។ «​វាជាធម្មតាទេ តែគាត់ក្រ គាត់គ្មានលទ្ធភាព គាត់នឹងប្រញាប់បោះបង់កាសិក្សាហើយ។ បើសិនជាគាត់មានអាហារូបករណ៍ប៉ុណ្ណឹង គាត់នឹងអាចបន្តការសិក្សារហូត​។ ទោះជាយ៉ាងម៉េច ក៏គាត់អាចបានចប់ (​ថ្នាក់) ទី១២ដែរ។ ដូចដឹងស្រាប់ថា ថវិកាប៉ុណ្ណឹង វាមិនគ្រប់ទេ។ មួយឆ្នាំ ៩០ដុល្លារនោះ។ ក៏ប៉ុន្តែអាចនៅចំពេលដែលគាត់កំពុងលំបាក ទទួលបានថវិកាប៉ុណ្ណឹងវាច្រើនសម្រាប់គាត់។ ដូច្នេះគាត់នឹងអាចនៅសិក្សាបន្តទៀត​»។ នេះជាកា​រ​ពន្យល់របស់ លោក អៃ សុគន្ធ នាយកវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ។
 


ក្រៅពីការឧបត្ថម្ភប្រចាំឆ្នាំពីរដ្ឋ លោក អៃ សុគន្ធ ក៏លើកឡើងដែរថា សិស្សដែលមានស្ថានភាពក្រីក្រលំបាកជាងគេបំផុត នៅក្នុងចំណោមសិស្សអាហារូបករណ៍ ក៏ទទួលបានការ​ឧបត្ថម្ភបន្ថែម​ប្រចាំខែ ពីគណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូផងដែរ ដូចជាការផ្តល់សម្ភារសិក្សាជាដើម។ 
 
ក្នុងនាមជាគណៈគ្រប់គ្រងសាលា និងជាគ្រូបង្រៀនផង លោក អៃ សុគន្ធ បានលើកទឹកចិត្ត ដល់សិស្សានុសិស្សដែលទទួលបានអាហារូបករណ៍ តស៊ូសិក្សាឱ្យបានខ្ពស់ ដើម្បីកែប្រែ  ស្ថានភាពរបស់ខ្លួន ទៅថ្ងៃអនាគត៕
 
 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 អប់រំ
  សិស្សក្រីក្រ
  អាហារូបករណ៍
  ឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com