ជាតិ
វីដេអូ
CATP និង​ក្រសួងបរិស្ថាន បង្កើតផែនទីទស្សនាចរណ៍នៅ​តំបន់៣ ដើម្បីជំរុញ​សេដ្ឋកិច្ចមូលដ្ឋាន​
05, Nov 2022 , 9:59 am        
រូបភាព
ភ្នំពេញ៖ Cambodia Amazing Trip Planner សហការ​ជាមួយ​ក្រសួង​បរិស្ថាន បង្កើត​ផែន​ទី​ទស្សនាចរណ៍​​នៅ​តំបន់ចំនួន ៣រួម​មាន ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​-នរោត្តម «ភ្នំ​គូលែន», តំបន់​បេតិកភណ្ឌ​ធម្មជាតិ​​​ភ្នំ​ត្បែង និង​ដែន​ជម្រក​សត្វ​​​ព្រៃ​គូលែន-ព្រហ្មទេព។ បើតាម​លោក សា ឌីណា ស្ថាបនិក ​Cambodia Amazing Trip Planner ផែន​ទីនេះ នឹង​ជួយ​ដល់​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ និង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ភ្ញៀវទេសចរ​។​

 
ក្រុម​ការងារ​ Cambodia Amazing Trip Planner បាន​ចំណាយ​ពេល ១ឆ្នាំ ដើម្បី​ចង​ក្រង​ផែន​ទី​ទស្សនាចរណ៍​នៅ​តំបន់​ចំនួន៣ ដែល​ស្ថិត​នៅ​ភាគ​ឧត្តរ​នៃ​ប្រទេស​កម្ពុជា ក្រោម​សហការ​របស់​ក្រសួង​បរិស្ថាន​។ ផែនទី​ទាំង​នោះ​រួម​មាន ផែនទី​ទស្សនាចរណ៍​ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដែល​មាន​តំបន់​កម្សាន្តចំនួន​ ៨៥​ទីតាំង​, តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង មាន​តំបន់កម្សន្ត​ចំនួន ៣០​ទីតាំង​ និងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មាន​តំបន់​កម្សាន្ត​ចំនួន ២០​ទីតាំង​។


ផែនទីដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព

 ផែនទីភ្នំត្បែង

ក្នុង​បទសម្ភាស​ជាមួយសារ​ព័ត៌មាន Thmey Thmey 25 លោក សា ឌីណា ស្ថាបនិក​ Cambodia Amazing Trip Planner លើក​ឡើងថា គោល​បំណងនៃ​ការ​រៀបចំ​ផែនទីនេះ ដើម្បី​បង្ហាញ​ទីតាំង​ទេសចរណ៍​ជាច្រើន​កន្លែង​ដែល​ទេសចរ​មួយ​ចំនួន​​មិនបាន​ទៅដល់ និងមិន​បាន​​ដឹង។ ជាមួយ​គ្នានេះ ផែន​ទី​នេះ នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ទេសចរ ជាពិសេស​ផ្ដល់​ចំណូល​ដល់​ពលរដ្ឋ​ តាម​រយៈ​ការ​ចំណាយ​របស់​ភ្ញៀវ បានទៅដល់​ដៃ​ប្រជាជន​នៅ​តាម​តំបន់​ទាំង​នោះ​ ដែល​ធ្វើ​ឱ្យ​ជីវភាព​របស់​ពួ​កគាត់​ប្រសើរឡើង។ 


 រូបភាពពីCambodia Amazing Trip Planner 

សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​អ្នក​ស្រី ញឹក ស្រី​ល័ក្ខ និពន្ធនាយិកា Thmey Thmey 25 ជាមួយ​លោក សា ឌីណា ស្ថាបនិក​ក្រុម Cambodia Amazing Trip Planner ដូច​តទៅ៖

 
ទន្ទឹមនឹង​​ភាព​ជោគជ័យ​នៃការ​លេចចេញ​ជា​​រូបរាង​ផែន​ទី​ទស្សនាចរណ៍នេះ ក៏​មាន​ផល​លំបាក​សម្រាប់​លោក សា ឌីណា និង​ក្រុម​ការ​ងារ​ផងដែរ។ «ការ​ពិត​ទៅ​ នៅ​ពេល​យើង​​រៀប​ចំ​គម្រោង​អ្វី​ក៏​ដោយ មិន​អាច​ថា​រលូន​ ឬ​មួយ​ក៏​​ជោគជ័យ​ និង​ផ្ដល់​ភាព​ងាយ​ស្រួល​រហូត​ទេ។ អ៊ី​ចឹង​តែ​ងតែ​ជួប​នឹង​ឧបសគ្គ​មួយ​ចំនួន ប៉ុន្តែ​សំខាន់​បំផុត​ការ​តាំង​ចិត្ត​ ដោយ​ធានា​ឱ្យ​បាន​សម្រច​គោល​ដៅ​ជាក់​លាក់​ដែល​យើង​បាន​កំណត់»។ នេះជា​ការ​បញ្ជាក់របស់​លោក សា ឌីណា ដោយ​បន្តថា ការ​លំបាក​ដំបូង​បំផុត​ គឺ​បញ្ហា​ជំងឺ​កូវីដ-១៩​ ដោយ​សារ​គម្រោង​នេះ​រៀបចំ​ ចំពេល​ជំងឺ​នេះ​កើត​ឡើង។


 រូបភាពពីCambodia Amazing Trip Planner 

ទោះ​ជួប​ផល​លំបាក​ តែលោក សា ឌីណា ​​មិនបាន​ចាត់​ទុក​ជា​​បញ្ហា​ចម្បង​សម្រាប់លោក​​ និង​ក្រុម​ការងារ​ឡើយ ពោល​លោក ចាត់ទុក​ជា​បទពិសោធ។ ក្នុង​ដំណើរ​ចង​ក្រង​ផែន​ទី​ទស្សនា​ចរណ៍​នេះ លោក សា ឌីណា និង​ក្រុម​ការងារ បាន​ឆ្លងកាត់​ស្ទឹង អូរ និង​គេង​ក្នុង​ព្រៃ ដោយ​ការ​បោះ​តង់ ចង​អង្រឹង​ជាច្រើន​យប់​ថ្ងៃ​ ដើម្បី​ចង​ក្រង​ផែន​ទី​ទាំង​នេះ។​
 
ក្រោយ​បញ្ចប់​គម្រោង​នេះ ក្រុម Cambodia Amazing Trip Planner នឹង​ចង​ក្រង​ផែន​ទី​ទស្សនា​ចរណ៍​នៅ​តំបន់​ផ្សេង​ៗ​ទៀត​។​ លោក សា ឌីណា សង្ឃឹម​យ៉ាង​មុត​មាំថា​ ផែន​ទី​ទស្សនា​ចរណ៍​នេះ នឹង​អាច​បម្រើ​ដល់​សេចក្ដី​ត្រូវ​ការ​របស់​មជ្ឈដ្ឋាន​ទូ​ទៅ​ ជា​ពិសេស​​ភ្ញៀវទេសចរ​ជាតិ-អន្តរ​។​
 


 រូបភាពពីCambodia Amazing Trip Planner 

ផែនទី​ទស្សនាចរណ៍​ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំ​គូលែន» មាន​តំបន់​កម្សាន្ត​ចំនួន ៨៥​ទីតាំង ក្នុង​នោះ​ចែកជា ១១ផ្នែក​ រួម​មាន មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូល, ព្រះ​អង្គ​ធំ, ភូមិ​បុរាណ, ផ្ទះ​គ្រូចារ្យ (​បន្ទាយ​ ឬ​រាជវាំង), ក្រុម​ប្រាសាទ​ថ្ម​ដាប់, ស្រះ​ដំរី, ពើង​គំនូរ, សត្វ​មករ, ព្រះ​អង្គ​ជប់​, តំបន់​ក្បាល​ស្ពាន និង​តំបន់​របៀង​អភិរក្ស​ចង្រ្កានរយ។ ចំណែក​តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង មាន​តំបន់​កម្សាន្ត​ ៣០​ទីតាំង ដោយ​ចែកជា ៦ផ្នែក រួម​មាន តំបន់​វត្ត​ដំបូក​ខ្មៅ​ដំបៅ​ជ្រុំ​, តំបន់​ភ្នំ​ស្រួច, តំបន់​ល្អាង​កួយ, តំបន់​ថ្ម​បី​ដុំ, តំបន់​តាំង​យូ និង​តំបន់​បាក់​កាំ។​
 
ដោយ​ឡែក ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេពវិញ មាន​តំបន់​កម្សាន្ត​ចំនួន ២០​ទីតាំង ក្នុង​នោះ​ចែកជា ខេត្តសៀមរាប, ខេត្ត​ព្រះវិហារ និង​ខេត្តឧត្តរមានជ័យ ព្រោះ​ដែន​ជម្រក​នេះ​ស្ថិត​ក្នុង​ខេត្ត​ចំនួន ៣៕​
 

 រូបភាពពីCambodia Amazing Trip Planner 

 រូបភាពពីCambodia Amazing Trip Planner 

 រូបភាពពីCambodia Amazing Trip Planner 

 រូបភាពពីCambodia Amazing Trip Planner 

 រូបភាពពីCambodia Amazing Trip Planner 


Tag:
 ទេសចរណ៍
  សៀមរាប
  ព្រះវិហារ
  ឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com