ជាតិ
នាយករដ្ឋមន្ត្រីចិន មកទស្សនកិច្ច និងប្រជុំអាស៊ាននៅកម្ពុជា
05, Nov 2022 , 11:59 am        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា(ខាងឆ្វេង) និង លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។ រូបពី AKP
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា(ខាងឆ្វេង) និង លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។ រូបពី AKP
ភ្នំពេញ៖ លោក លី ខឹឈាង នាយរដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នឹងមកទស្សនកិច្ច និងចូលរួមប្រជុំអាស៊ាន រយៈពេល៤ថ្ងៃ តបតាមការអញ្ជើញរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

 
សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ច ពីថ្ងៃទី៨ ដល់១១ វិច្ឆិកា លោក លី ខឺឈាង នឹងចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅក្នុងព្រះបរមរាជវាំង និងគោរពវិញ្ញាណក្ខន្ធព្រះនរោត្តម សីហនុ នៅវិមានឯករាជ្យ។ 
 
ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន សែន និង លោក លី ខឹឈាង នឹងជួបពិភាក្សាទ្វេភាគី នៅវិមានសន្តិភាព។ កិច្ចពិភាក្សា នឹងផ្ដោតលើសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។ ក្រៅពីនេះ នឹងជជែកពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនទៀត ដែលជាកង្វល់រួម។ 
 
ជាមួយគ្នាដែរ ថ្នាក់ដឹកនាំទាំងពីរ នឹងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួនទៀត រួមទាំងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅព្រះសីហនុ។ 
 
លោក លី ខឹឈាង ក៏អញ្ជើញទៅខេត្តសៀមរាប ជាមួយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធ្វើពិធីប្រគល់គម្រោងស្ថាបនាឡើងវិញ នៃប្រាសាទតាកែវផងដែរ៕ 
 

Tag:
 កម្ពុជា-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com