អន្តរជាតិ
ការសិក្សា៖ ត្រីបាឡែនខៀវស៊ីមីក្រូប្លាស្ទិកមួយថ្ងៃប្រហែល១០លានបំណែក
06, Nov 2022 , 8:29 pm        
រូបភាព
ជារៀងរាល់ថ្ងៃ ត្រីបាឡែនខៀវបានស៊ីមីក្រូប្លាស្ទិកដល់ទៅ១០លានបំណែកដែលនៅក្នុងមហាសមុទ្រ។ នេះបើតាមការស្រាវជ្រាវថ្មីមួយចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា លើទិនានុប្បវត្តិ​ Nature Communications។ ការរកឃើញនេះបង្ហាញថា​ ការបំពុលមាននៅសព្វទីកន្លែងហើយកំពុងបង្កគ្រោះថ្នាក់ដល់ពពួកសត្វធំៗដូចជាត្រីបាឡែនកាន់តែខ្លាំងឡើង ហើយក៏បណ្ដាលឱ្យប៉ះពាល់ដល់មនុស្ស។

 
បំណែកតូចៗនៃប្លាស្ទិកត្រូវបានគេរកឃើញនៅគ្រប់ទីកន្លែងចាប់ពីមហាសមុទ្រជ្រៅបំផុតរហូតដល់ភ្នំខ្ពស់បំផុត និងសូម្បីតែនៅខាងក្នុងសរីរាង្គមនុស្ស និងឈាម។ ដោយសារបំណែកប្លាស្ទិកក្នុងទឹកមានចំនួនច្រើនឡើងគួរឱ្យកត់សម្គាល់ ក្រុមអ្នកស្រាវជ្រាវបានចាប់ផ្ដើមការសិក្សាវិភាគថាតើត្រីវបាឡែនបានស៊ីបំណែកប្លាស្ទិកប៉ុន្មានជារៀងរាល់ថ្ងៃ។
 
ក្រុមអ្នកស្រាវជ្រាវបានសិក្សាលើត្រីបាឡែនចំនួន១៩១ដែលរស់នៅក្បែរឆ្នេរសមុទ្ររដ្ឋ California ដោយសង្កេតមើលការផ្លាស់ទីរបស់វា។ ជាលទ្ធផលនៃការសិក្សា ត្រីបាឡែនខៀវបានស៊ីកម្ទេចមីក្រូប្លាស្ទិកប្រមាណ១០លានបំណែកជារៀងរាល់ថ្ងៃ។ អម្បូរសត្វធំជាងគេបង្អស់ក្នុងពិភពលោកមួយនេះ ជាអ្នកស៊ីបំណែកប្លាស្ទិកចូលរាងកាយច្រើនជាងគេបំផុត ដែលមានទម្ងន់ប្រហែល៤៣,៦គីឡូក្រាមក្នុងមួយថ្ងៃ។ 
 
«ត្រីបាឡែនភាគច្រើនស្ថិតនៅបាតសមុទ្រជម្រៅចន្លោះពី៥០ម៉ែត្រទៅ២៥០ម៉ែត្រដែលជាកន្លែងមានកំហាប់មីក្រូប្លាស្ទិកខ្ពស់បំផុត»។ អ្នកដឹកនាំការស្រាវជ្រាវមកពីសាកលវិទ្យាល័យ California លោកស្រី Shirel Kahane-Rapport ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ។
 
មនុស្សប្រហែលគិតថា ប្លាស្ទិកចូលក្នុងខ្លួនត្រីបាឡែនតាមរយៈមាត់វាដោយផ្ទាល់ ពេលវាហែល តែតាមការពិតអ្នកស្រាវជ្រាវបានរកឃើញថា៩៩ភាគរយនៃមីក្រូប្លាស្ទិក សុទ្ធតែចូលទៅក្នុងត្រីបាឡែនតាមរយៈចំណីអាហារវាដែលជាពពួកសត្វតូចៗដទៃទៀត។ 
 
លោកស្រី Kahane-Rapport និយាយថា ការរកឃើញនេះនឹងទាក់ទងជាមួយមនុស្សដែរដោយសារតែមនុស្សក៏បរិភោគពពួកសត្វមួយចំនួន ជាចំណីបាឡែនដែរ។ ជាឧទាហរណ៏ លោកស្រីលើកឡើងថាមនុស្សបរិភោគត្រីល្អិតៗជាចំណីបាឡែនដូចជា ត្រី anchovies ត្រី sardines និងពួកកំពឹសជាដើម។ 
 
គួរបញ្ជាក់ថា ប្រសិនបើបំណែកប្លាស្ទិកមានទំហំតូចខ្លាំង វាអាចឆ្លងកាត់ផ្ទៃពោះវៀនចូលទៅក្នុងសរីរាង្គខាងក្នុងផ្សេងទៀតរបស់មនុស្ស។ ប្លាស្ទិកជាអ្នកបង្កគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងធ្ងន់ធ្ងរ ព្រោះវាអាចបញ្ចេញសារធាតុគីមីដែលរំខានដល់ប្រព័ន្ធអង់ដូគ្រីនមនុស្ស។ ប្រព័ន្ធអង់ដូគ្រីននេះទាក់ទងនឹងក្រពេញបញ្ចេញអរម៉ូនតម្រូវនាទីសរីរាង្គខាងក្នុងសារពាង្គកាយដូចជា តម្រងនោម ខួរក្បាល ពោះវៀនធំ និងលំពែងជាដើម៕
 

Tag:
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com