កីឡាអន្តរជាតិ
អន្តរជាតិ
World Cup កាតាជាឱកាសចុងក្រោយ​ សម្រាប់ Ronaldo
06, Nov 2022 , 9:29 pm        
រូបភាព
Cristiano Ronaldo ប្រធានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ដែលបានក្លាយឈ្មោះជាកីឡាករល្អប្រចាំពិភពលោក ៥លើក នឹងបង្ហាញវត្តមាននៅក្នុងប្រទេសកាតា ជាមួយបេសកកម្មចុងក្រោយ សម្រាប់ការដណ្តើមពានរង្វាន់ FIFA ​World Cup។

 
យុគសម័យនេះជារឿងដែលមិនអាចប្រកែកបានទេថា​​ Ronaldo គឺជាកីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមនិងអស្ចារ្យមួយរូបលើពិភពលោក ។ ប៉ុន្តែរដូវកាលថ្មីនេះ ​តារាឆ្នើមព័រទុយហ្គាល់មានភាពរអាក់រអួលទម្រង់លេង ខណៈរូបគេស្ថិតនៅជាមួយក្រុម Manchester United។ ​អនាគត Ronaldo ត្រូវបានមនុស្សជាច្រើនលើកមកវែកញែក ខណៈពេលដែលការប្រកួតព្រឹត្តិការណ៍ World Cup ខិតជិតមកដល់។
 
ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ ជាកីឡាករតែម្នាក់ ដែលបានបំបែកកំណត់ត្រាជាកីឡាករ ដែលអាចស៊ុតរកគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិច្រើនជាង កីឡាករណាទាំងអស់ក្នុងប្រវត្តិសាស្ត្រពិភពលោកជាមួយ ១១៧គ្រាប់ ពីការបង្ហាញខ្លួនជាមួយព័រទុយហ្គាល់ ១៩១ប្រកួត។ គ្រាប់លើកដំបូងឱ្យព័រទុយហ្គាល់នៅឆ្នាំ ២០០៤ នៃបានរង្វាន់ ​Euro ខ្សែប្រយុទ្ធ ​Ronaldo ស៊ុតបញ្ជូលទីទល់ក្រុមក្រិក ហើយ ២គ្រាប់ចុងក្រោយទល់ស្វីសក្នុងឆ្នាំ ២០២២ ធ្វើឱ្យខ្សែប្រយុទ្ធក្រុមបិសាចក្រហមរូបគេឆ្លងកាត់រយៈពេល ១៨ឆ្នាំ ជាមួយកេរិ៍្តឈ្មោះដ៏ល្បីល្បាញពេញពិភពលោក។
 
អតីតខ្សែប្រយុទ្ធ Real Madrid រូបនេះ រកបានគ្រាប់ចំនួន ៨១៨គ្រាប់ក្នុងអាជីពបាល់ទាត់ ហើយរូបគេក៏ជាកីឡាករដំបូង ដែលមានកំណត់ត្រាស៊ុតបានដល់ ១៤០គ្រាប់ក្នុងប្រវត្តិសាស្ត្រ Champions league ដែលមិនទាន់មាននរណាធ្វើបាន។ ​ក្លិបធំៗដែលតារាឆ្នើមវ័យ ៣៧ឆ្នាំ ធ្លាប់បានលេងឱ្យរួមមាន Sporting CP, Real Madrid, Juventus និង Manchester United ។
 
លេងឱ្យបិសាចក្រហមរដូវកាល ២០២២-២៣ Ronaldo ទើបតែស៊ុតបាន ៣គ្រាប់ប៉ុណ្ណោះ ខណៈដែលបញ្ហារវាងរូបគេជាមួយអ្នកចាត់ការ Erik ten Hag កំពុងជារឿងដ៏ធំមួយសម្រាប់គេផ្ទាល់។ Ronaldo មិនសូវទទួលបានពេលវេលាលេងជម្រើស ១១នាក់ប៉ុន្មានឡើយ ដោយតែងតែអង្គុយនៅកៅអីបម្រុងជារឿយៗ។ ចូលរួមជាមួយ Man United រដូវកាលមុន ម្ចាស់ Ballon d’Or ៥សម័យ រូបនេះរកបានគ្រាប់បាល់ ២៤គ្រាប់រាល់គ្រប់ការប្រកួត ។ តែយ៉ាងណាកិច្ចសន្យារូបគេនឹងក្លិបត្រូវផុតកំណត់ក្រោយបញ្ចប់រដូវកាល ២០២២-២៣ នេះ។
 
យ៉ាងណាមិញក្នុងការប្រកួត​ World Cup ដែល ​Ronaldo ធ្លាប់បានបង្ហាញខ្លួនតាំងពីឆ្នាំ ២០០៦ មក បុរសរូបនេះមិនសូវទទួលបានជោគជ័យប៉ុន្មានឡើយ ដោយកាលឆ្នាំ ២០១០ និង ២០១៨ ព័រទុយហ្គាល់តែងធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ។ ហើយរឿងដ៏អាម៉ាស់កាល ២០១៤ ព័រទុយហ្គាល់ធ្លាក់ត្រឹមវគ្គចែកពូល។ ក្រៅពី World Cup ព័រទុយហ្គាល់អាចគ្រងតំណែងជើងខ្លាំងតំបន់អឺរ៉ុប ដោយឈ្នះ UEFA Euro ក្នុងឆ្នាំ ២០១៦។
 
បើទោះបីជាមានការចាប់អារម្មណ៍ខ្លាំងចំពោះផ្លូវអនាគតរបស់​ Ronaldo កំពុងខិតជិតដល់ទីបញ្ចប់ក្តី តែបុរសវ័យ ៣៧ឆ្នាំរូបនេះ ធ្លាប់បានអះអាងថា រូបគេនឹងធ្វើឱ្យមនុស្សគ្រប់គ្នា មានការគិតខុសពីការរំពឹងទុក។ «ខ្ញុំនៅសល់ពេលវេលាបន្តិចទៀត​ ខ្ញុំគួរតែអាចស្ថិតនៅក្នុងផ្នែកមួយនៃក្រុមសម្បូរទៅដោយកីឡាករវ័យក្មេងៗ ខ្ញុំចង់បង្ហាញខ្លួននៅ World Cup ហើយមិនត្រឹមតែប៉ុណ្ណោះការប្រកួត Euros បន្ទាប់ទៀត។»។ នេះបើតាមសម្តី Ronaldo ធ្លាប់និយាយក្នុងកម្មវិធីមួយនៅព័រទុយហ្គាល់កាលពីខែកញ្ញា។
 
ការតាំងចិត្តពីសំណាក់ខ្សែប្រយុទ្ធរូបនេះ ចំពោះ​ការប្រកួត World Cup គឺមានកាន់តែខ្លាំងឡើង ដែលនេះអាចជាកម្លាំងចិត្តមួយ ដើម្បីអាចនាំរូបគេត្រួសត្រាយផ្លូវក្នុងការកាន់ពានរង្វាន់ ដែលគេមិនដែលស្គាល់រសជាតិឈ្នះម្តងនោះ។ ព័រទុយហ្គាល់ នឹងត្រូវចាប់ផ្តើមការប្រកួត ​World Cup ដោយត្រូវជួបក្រុមហ្គាណានៅថ្ងៃទី២៤ វិច្ឆិកា មុនជួបអ៊ុយរូហ្គាយ ៥ថ្ងៃបន្ទាប់ និងប៉ះកូរ៉េខាងត្បូងថ្ងៃទី២ ខែធ្នូ៕
 
 
 

Tag:
 World Cup
  Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com