អន្តរជាតិ
អាហ្រ្វិកខាងត្បូងគ្រោងស្នើជំនួយ ៨៤ពាន់លានដុល្លារថែមទៀត ដើម្បីជំរុញផែនការថាមពល
07, Nov 2022 , 10:46 am        
រូបភាព
លោក Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង
លោក Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង
អាហ្វ្រិកខាងត្បូងត្រូវការថវិកាប្រហែល ៨៤ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំខាងមុខសម្រាប់ជំរុញផែនការកាត់បន្ថយការបញ្ចេញកាបូន ក៏ដូចជាការទាញយកឱកាសសេដ្ឋកិច្ចពីការផ្លាស់ប្តូរប្រភពថាមពល និងការគាំទ្រសហគមន៍ដែលរងផលប៉ះពាល់។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតី លោក Cyril Ramaphosa នៅថ្ងៃទី៤ ខែវិច្ឆិកា។


នៅក្នុងកិច្ចប្រជុំកំពូលស្ដីពីបញ្ហាអាកាសធាតុលើកទី២៦ (COP26) កាលពីឆ្នាំ២០២១ បណ្ដាប្រទេសអ្នកមាន រួមមានអាម៉េរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និងអឺរ៉ុប បានសន្យាផ្តល់ប្រាក់ចំនួន ៨,៥ពាន់លានដុល្លារ ដើម្បីជួយទ្វីបអាហ្រ្វិកកាត់បន្ថយការបំភាយឧស្ម័ន និងពន្លឿនការផ្លាស់ប្តូរប្រភពថាមពលចេញពីធ្យូងថ្មទៅប្រភពថាមពលកកើតឡើងវិញ។ កន្លងមកអាហ្រ្វិកខាងត្បូងពឹងផ្អែកខ្លាំងលើធ្យូងថ្មដើម្បីផលិតអគ្គិសនី។
 
យ៉ាងណាមិញ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa អះអាងថាផែនការវិនិយោគលើវិស័យថាមពលស្អាតត្រូវការចំណាយច្រើនជាងទំហំលុយជំនួយ ដល់ ៨៤ពាន់លានដុល្លារ។ មេដឹកនាំរូបនេះ លើកឡើងបែបនេះមុនចូលរួមកិច្ចប្រជុំកំពូល COP27 នៅអេហ្ស៊ីប។
 
«ទំហំនៃការផ្តល់មូលនិធិដែលត្រូវការដើម្បីសម្រេចបានមហិច្ឆតារបស់ប្រទេសយើងមានទំហំធំជាងមូលនិធិដែលត្រូវបានផ្តល់ជូនយ៉ាងខ្លាំង»។ លោក Ramaphosa បានលើកឡើងបែបនេះ ។
 
បើតាមលោក Ramaphosa អាហ្រ្វិកខាងត្បូងកំពុងចរចាជាមួយដៃគូអន្តរជាតិ ដើម្បីស្នើសុំជំនួយបន្ថែម។ អាហ្វ្រិកខាងត្បូងត្រូវការលុយប្រហែល ៨៤ពាន់លានដុល្លារដើម្បីជំរុញផែនការកាត់បន្ថយការបញ្ចេញកាបូន ទាញយកឱកាសសេដ្ឋកិច្ចពីការផ្លាស់ប្តូរប្រភពថាមពល និងការគាំទ្រសហគមន៍ដែលរងផលប៉ះពាល់។ ក្នុងនោះ ទឹកប្រាក់ប្រមាណ ៥៥ពាន់លានដុល្លារទុកសម្រាប់ជំរុញហិរញ្ញប្បទានអគ្គិសនី ហើយ ៧ពាន់លានដុល្លារសម្រាប់ជំរុញរថយន្តដើរដោយថាមពលស្អាត និង ១៧ពាន់លានដុល្លារសម្រាប់ជំរុញការផលិតថាមពលពីអ៊ីដ្រូសែន។
 
គួរបញ្ជាក់ថា បើអាហ្វ្រិកខាងត្បូងសម្រេចផែនការផ្លាស់ប្តូរប្រភពថាមពល ក្នុងរយៈពេល៥ឆ្នាំ បានដោយជោគជ័យ នោះផែនការនេះអាចជាគំរូល្អមួយសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍដទៃទៀតដែលពឹងផ្អែកលើធ្យូងថ្មសម្រាប់ផលិតថាមពល ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាសកលរួមគ្នា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com