អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង សុំទោសករណីរត់ជាន់គ្នាស្លាប់នៅបុណ្យ Halloween ហើយសន្យាស្វែងរកយុត្តិធម៌ជូន
07, Nov 2022 , 11:59 am        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ។ រូបថត Xinhua
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ។ រូបថត Xinhua
ដោយ:
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នៅថ្ងៃទី៧ ខែវិច្ឆិកាសុំទោសគ្រួសារជនរងគ្រោះដែលស្លាប់នៅហេតុការណ៍ប្រជ្រៀតគ្នានៅទីក្រុងសេអ៊ូល ព្រមទាំងសន្យានាំមន្រ្តីដែលរកឃើញថាបរាជ័យគ្រប់គ្រងហេតុការណ៍នោះមកទទួលខុសត្រូវ។ ទន្ទឹមនេះ លោក យូន ក៏សន្យាកែទម្រង់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងគ្រប់គ្រងប៉ូលីសផងដែរដើម្បីបញ្ចៀសសោកនាដកម្មដ៏អាក្រក់នេះម្តងទៀត។

 
ហេតុការណ៍រត់ជាន់គ្នាអំឡុងពិធីបុណ្យ Halloween នៅសង្កាត់ Itaewon កាលពីយប់ថ្ងៃទី២៩ ខែតុលា បណ្តាលឱ្យមនុស្សយ៉ាងតិច ១៥៦ នាក់បាត់បង់ជីវិត ហើយប្រហែល ១៩៧នាក់របួសផ្សេងទៀត។
 
ថ្លែងនៅកិច្ចប្រជុំត្រួតពិនិត្យច្បាប់សុវត្ថិភាពឡើងវិញថ្ងៃទី៧ ខែវិច្ឆិកា ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ចេញមុខសុំទោសចំពោះហេតុការណ៍ដ៏សោកសៅនោះ។ 
 
« ខ្ញុំសុំទោសចំពោះគ្រួសារដែលមានសមាជិកបាត់បង់ជីវិតដែលកំពុងរងទុក្ខដោយសារតែសោកនាដកម្មដ៏សោកសៅ ហើយចំពោះអ្នកដែលចូលរួមរំលែកទុក្ខ»។ លោក យូន ថ្លែងបែបនេះក្រោយលើកឡើងថា លោកមិនអាចប្រៀបធៀបខ្លួនឯងជាមួយគ្រួសារដែលបាត់បង់កូនប្រុស និងកូនស្រីរបស់គេទេ ប៉ុន្តែក្នុងនាមជាប្រធានាធិបតីដែលគួរតែការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជន លោកពិតជាឈឺចាប់។ 
 
ក្រៅពីនេះ ប្រធានាធិបតីកូរ៉េខាងត្បូងបេ្តជ្ញាកែទម្រង់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពជាតិ ហើយស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងនាំអ្នកដែលបរាជ័យមើលការខុសត្រូវទាំងនោះមកទទួលខុសត្រូវទាល់តែបាន។
 
សូមបញ្ជាក់ថា ប៉ុន្មានម៉ោងមុនហេតុការណ៍រត់ជាន់គ្នាស្លាប់នោះ ប្រជាជនបានហៅទូរសព្ទសង្រ្គោះបន្ទាន់ជាច្រើនលើក។ ប៉ូលិសកូរ៉េខាងត្បូងប្រឈមនឹងការរិះគន់យ៉ាងខ្លាំង ហើយក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតចំពោះការឆ្លើយតបរបស់ខ្លួនអំឡុងសោកនាដកម្មនោះដែរ ខណៈមានតែមន្រ្តីប៉ូលិសត្រឹម១៣៧នាក់ប៉ុណ្ណោះដែលបញ្ជូនទៅពិធីបុណ្យដែលមានមនុស្សចូលរួមប្រហែល១០ម៉ឺននាក់៕
 
 
 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com