អន្តរជាតិ
បំណែកមីស៊ីលកូរ៉េខាងជើង ត្រូវបានរកឃើញក្នុងដែនទឹកកូរ៉េខាងត្បូងជាលើកដំបូង
07, Nov 2022 , 3:59 pm        
រូបភាព
រូបថត៖  KCNA
រូបថត៖ KCNA
យោធាកូរ៉េខាងជើង នៅថ្ងៃទី៧ ខែវិច្ឆិកា បានលើកឡើងថា សមយុទ្ធយោធាកូរ៉េខាងត្បូងជាមួយអាម៉េរិកនាពេលថ្មីៗនេះ ជាការញុះញង់ដោយបើកចំហ និងជាសមយុទ្ធសម្រាប់សង្គ្រាមដ៏គ្រោះថ្នាក់។ ស្របគ្នានេះ កូរ៉េខាងត្បូង ក៏បានអះអាងថា ខ្លួនបានប្រទះឃើញបំណែកមីស៊ីលកូរ៉េខាងជើង នៅក្នុងដែនសមុទ្ររបស់ខ្លួន ក្រោយកូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់ ឆ្លើយតបនឹងសមយុទ្ធយោធារបស់ខ្លួន រួមនឹងអាម៉េរិក។

 
កាលពីសប្តាហ៍មុន កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់ រួមទាំងមីស៊ីលបាលីស្ទិកអន្តរទ្វីប ដែលជាមីស៊ីលរយៈចម្ងាយឆ្ងាយបំផុតរបស់ខ្លួន និងគ្រាប់កាំភ្លើងធំរាប់រយគ្រាប់ ចូលទៅក្នុងដែនសមុទ្រអន្តរជាតិ ដើម្បីជាការឆ្លើយតបមិនប្រណីដៃ ទៅនឹងការធ្វើសមយុទ្ធដែនអាកាស (Vigilant Storm) រួមគ្នារវាងកូរ៉េខាងត្បូង និងអាម៉េរិក។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters យោធាកូរ៉េខាងជើង បានអះអាង នៅថ្ងៃទី៧ ខែវិច្ឆិកាថា សមយុទ្ធ Vigilant Storm ជាការញុះញង់ដោយបើកចំហ ដែលមានគោលបំណងបង្កើនភាពតានតឹងដោយចេតនា និងជាសមយុទ្ធ សម្រាប់សង្គ្រាមឈ្លានពានដ៏គ្រោះថ្នាក់ខ្លាំង។ 
 
នេះជាការបាញ់មីស៊ីលទ្រង់ទ្រាយធំរបស់កូរ៉េខាងជើង ដែលបានធ្វើឡើងក្រោយផ្អាកជាច្រើនឆ្នាំ។ មន្ត្រីកូរ៉េខាងត្បូង និងអាម៉េរិក ក៏បាននិយាយផងដែរថា ទីក្រុងព្យុងយ៉ាងបានរៀបចំបច្ចេកទេសសាកល្បងអាវុធនុយក្លេអ៊ែរលើកទីមួយ ដែលមានទ្រង់ទ្រាយធំនិងបាញ់មីស៊ីលជាច្រើនប្រភេទ ហើយច្រើនគ្រាប់បំផុតមិនដែលមាន ក្នុងរយៈពេល១ថ្ងៃ។ លើសពីនេះ ក្នុងចំណោមមីស៊ីលកូរ៉េខាងជើងដែលបានបាញ់ មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីមួយគ្រាប់ បានធ្លាក់កៀកដែនទឹកកូរ៉េខាងត្បូង ជាលើកដំបូង។
 
មន្ត្រីម្នាក់នៃអគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង នៅថ្ងៃទី៧ ខែវិច្ឆិកា លើកឡើងថា កប៉ាល់កូរ៉េខាងត្បូង បានស្រង់យកបំណែកមួយ ដែលជឿថា ជាផ្នែកនៃមីស៊ីលរយៈចម្ងាយខ្លី របស់កូរ៉េខាងជើង (SRBM) ដែលបានបាញ់កាលពីសប្តាហ៍មុន។ វាជា​លើក​ទី​មួយ​ហើយ ​ដែល​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ​បាន​ធ្លាក់​ជិត​ដែន​ទឹក​កូរ៉េ​ខាង​ត្បូង រហូតខ្ទាតបំណែកចូលដី កូរ៉េខាងត្បូង។
 
គួរបញ្ជាក់ថា កូរ៉េខាងជើង បានថ្កោលទោសយ៉ាងខ្លាំង លើទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ជុំវិញការធ្វើសមយុទ្ធរួមគ្នា ហើយបានប្តេជ្ញាប្រឆាំងនឹងសមយុទ្ធពួកគេ ជាមួយវិធានការយោធាប្រកបដោយនិរន្តរភាព និងការតាំងចិត្តមោះមុតដោយគ្មានមេត្តាធម៌៕
 

© រក្សាសិទ្ធិដោយ thmeythmey.com