អន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន ប្ដេជ្ញាបង្កើនសមត្ថភាពយោធា ខណៈមានភាពតានតឹងនៅអាស៊ីបូព៌ា
07, Nov 2022 , 10:19 pm        
រូបភាព
រូបថត៖ Xinhua
រូបថត៖ Xinhua
នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី៦ ខែវិច្ឆិកា បានប្ដេជ្ញាពង្រឹងសមត្ថភាពកងទ័ពជើងទឹក និងយោធារបស់ជប៉ុន ព្រមទាំងព្រមានថា ប្រទេសនានាត្រូវតែត្រៀមខ្លួនជាស្រេចប្រឈមមុខរាល់ការឈ្លានពាន។ លោក គីស៊ីដា សន្យាផងដែរថា នឹងបង្កើនថវិកាការពារជាតិរបស់ជប៉ុនទ្វេដង ដល់ប្រហែល ២ភាគរយ នៃផលិតផលក្នុងស្រុកសរុប ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។

 
ជប៉ុននៅថ្ងៃទី៦ ខែតុលា បានរៀបចំក្បួនព្យុហយាត្រា កងនាវាអន្តរជាតិជាលើកដំបូងរបស់ខ្លួនក្រោយខកខានរយៈពេលប្រាំពីរឆ្នាំ ដែលក្នុងនោះមាននាវាសរុបចំនួន ៣៨ ហើយមួយចំនួនមកពីប្រទេសសម្ពន្ធមិត្ត ធ្វើដំណើររួមគ្នានៅឈូងសមុទ្រ Sagami។ ក្បួនព្យុហយាត្រាទ័ពជើងទឹកជប៉ុន ធ្វើឡើងដើម្បីបង្ហាញការរួបរួម ខណៈកូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់ ហើយចិននោះ ក៏បង្កើនសម្ពាធលើតៃវ៉ាន់ផងដែរ។ 
 
ឆ្លៀតក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានប្ដេជ្ញាពង្រឹងសមត្ថភាពកងទ័ពជើងទឹក និងយោធារបស់ជប៉ុន ដោយបង្កើនថវិកាផ្នែកការពារជាតិរបស់ជប៉ុនទ្វេដងរហូតដល់ប្រហែល ២ភាគរយ នៃផលិតផលក្នុងស្រុកសរុប ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ នាយករដ្ឋមន្ត្រីជប៉ុន បានបង្ហាញការព្រួយបារម្ភ ពីបរិយាកាសសន្តិសុខជុំវិញប្រទេសខ្លួន ដែលកាន់តែមានភាពតានតឹងឡើង ទាំងនៅសមុទ្រចិនខាងកើត និងខាងត្បូង។
 
«យើងត្រូវរៀបចំខ្លួនសម្រាប់យុគសម័យ ដែលមានតួអង្គមួយចំនួនលេចឡើង មិនគោរពច្បាប់ និងប្រើប្រាស់កម្លាំង ឬការគំរាមកំហែងបំផ្លាញសន្តិភាព និងសុវត្ថិភាពរបស់ប្រទេសដទៃ»។ លោក គីស៊ីដា បានថ្លែងបែបនេះ និងបន្ថែមថា ជប៉ុននឹង​បង្កើត​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ថ្មី ​នៅ​ចុងឆ្នាំនេះ ហើយ​ពង្រឹង​សមត្ថភាព​ការពារជាតិ​កាន់តែ​ខ្លាំង។
 
ការលើកឡើងរបស់មេដឹកនាំជប៉ុន ធ្វើស្របពេលទីក្រុងតូក្យូ កំពុងរៀបចំផែនការសន្តិសុខ ដែលអាចស្នើបង្កើនការចំណាយលើវិស័យការពារជាតិ ក្នុងរយៈពេលប្រាំឆ្នាំទៅមុខ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ការពង្រឹងសមត្ថភាពកងទ័ពជើងទឹកជប៉ុន ដែលចាំបាច់យកចិត្តទុកដាក់ឱ្យបានឆាប់រហ័សរួមមាន ការសាងសង់នាវាកងទ័ពជើងទឹកថ្មី ការពង្រឹងសមត្ថភាពការពារមីស៊ីល និងការកែលម្អលក្ខខណ្ឌការងារសម្រាប់កងទ័ពយោធាជប៉ុន។
 
គួរបញ្ជាក់ថា កូរ៉េខាងត្បូង ក៏បានចូលរួមក្បួនព្យុហយាត្រា កងនាវាអន្តរជាតិជប៉ុនផងដែរ ខណៈទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល ព្យាយាមកែសម្រួលទំនាក់ទំនងដ៏តានតឹង កន្លងមក។ ចំណែកចិន ដែលបានរិះគន់ផែនការចំណាយលើវិស័យការពារជាតិរបស់ជប៉ុន បានបដិសេធការអញ្ជើញ ឱ្យចូលរួមក្បួនកងនាវាអន្តរជាតិជប៉ុននេះ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com