អន្តរជាតិ
WHO៖ មនុស្សជាង ១ម៉ឺននាក់នៅអឺរ៉ុបបានស្លាប់ ដោយសារអាកាសធាតុក្តៅខ្លាំងក្នុងឆ្នាំ២០២២
08, Nov 2022 , 10:59 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
មនុស្សយ៉ាងហោចណាស់  ១៥០០០នាក់ បានបាត់បង់ជីវិតនៅអឺរ៉ុប ក្នុងឆ្នាំ២០២២ ដោយសារអាកាសធាតុក្តៅខ្លាំង។ នេះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ចេញនៅថ្ងៃទី៨ ខែវិច្ឆិកា។ អេស្ប៉ាញ អាល្លឺម៉ង់ ស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេ។

 
នៅចន្លោះខែមិថុនាដល់សីហា អឺរ៉ុបបានប្រឈមបញ្ហាអាកាសដ៏ក្តៅបំផុត ដោយបញ្ហាមួយនេះ បាននាំឱ្យមានគ្រោះរីងស្ងួតដ៏អាក្រក់នៅលើទ្វីប បើគិតចាប់ពីមជ្ឈិមសម័យមក។ អាកាសធាតុដ៏ក្តៅបែបនេះ បានបង្កឱ្យមនុស្សជាច្រើននាក់ ត្រូវបាត់បង់ជីវិត។ 
 
«ផ្អែកតាមទិន្នន័យត្រូវបានផ្តល់ឱ្យកន្លងមក វាត្រូវបានប៉ាន់ប្រមាណថា យ៉ាងហោចណាស់មនុស្សចំនួន ១៥០០០នាក់ បានស្លាប់ ដោយសារកម្តៅនៅក្នុងឆ្នាំ២០២២»។ លោក Hans Kluge នាយកប្រចាំតំបន់អឺរ៉ុបរបស់អង្គការសុខភាពពិភពលោក បានបញ្ជាក់បែបនេះ ដោយលោកបន្តព្រមានថា ចំនួនករណីស្លាប់ អាចហក់ឡើងបន្តទៀត ដោយសារប្រទេសជាច្រើន បានរាយការណ៍ពីករណីស្លាប់ ដោយសារអាកាសធាតុក្តៅខ្លាំង។ 
 
ទន្ទឹមនេះ មន្រ្តីអង្គការ WHO ខាងលើ បានបន្ថែមថា មនុស្សច្រើនជាង ៤ពាន់នាក់បានស្លាប់នៅអេស្ប៉ាញ , ១ពាន់នៅព័រទុយហ្កាល់, ច្រើនជាង ៣២០០នាក់ នៅអង់គ្លេស និង ៤៥០០នាក់ បានបាត់បង់ជីវិតនៅអាល្លឺម៉ង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
មិនតែប៉ុណ្ណោះ ដំណាំ នៅក្នុងតំបន់អឺរ៉ុបដែលប្រមូលផលបានជាច្រើន បានរងការខូតខាត ខណៈកម្តៅបានបង្កឱ្យមានភ្លើងឆេះព្រៃ ហើយថែមទាំងធ្វើឱ្យប្រភពថាមពលត្រូវខ្វះខាត។
 
សូមបញ្ជាក់ថា នៅចន្លោះខែមិថុនា និងខែកក្កដា កម្តៅនៅអង់គ្លេស បានកើនដល់ ៤០ អង្សារសេ។ ដោយសារកម្តៅខ្លាំងបែបនេះ វាអាចបង្កគ្រោះថ្នាក់ដល់មនុស្សមានជំងឺបេះដូងរ៉ាំរ៉ៃ បញ្ហាដង្ហើម និងទឹកនោមផ្អែម។ លើសពីនេះ វាអាចនាំឱ្យមានជំងឺឆ្លងផ្សេងៗ លុះត្រាតែមានចំណាត់ការដ៏សំខាន់ ត្រូវបានធ្វើឡើង៕ 
 

Tag:
 WHO
  អឺរ៉ុប
  អង់គ្លេស
  អេស្ប៉ាញ
  ព័រទុយហ្កាល់
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com