អន្តរជាតិ
កូរ៉េខាងជើងច្រានចោលការចោទរបស់អាម៉េរិកទាក់ទងនឹងការផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ី
08, Nov 2022 , 1:59 pm        
រូបភាព
រូបភាព៖ KCNA
រូបភាព៖ KCNA
កូរ៉េខាងជើង នៅថ្ងៃទី៨ខែវិច្ឆិកា បានច្រានចោលការចោទរបស់អាម៉េរិកដែលបានអះអាងថា ទីក្រុងព្យុងយ៉ាងកំពុងតែផ្គត់ផ្គង់គ្រាប់កាំភ្លើងធំទៅកាន់រុស្ស៊ី ក្នុងការធ្វើសង្គ្រាមជាមួយអ៊ុយក្រែន។ ក្រុងព្យុងយ៉ាងបញ្ជាក់ថា ពួកគេមិនដែលបានធ្វើរឿងនេះ ហើយក៏មិនធ្វើនៅពេលអនាគតផងដែរ។

 
សេចក្ដីថ្លែងការណ៍កូរ៉េខាងជើងនៅថ្ងៃទី៨ ខែវិច្ឆិកា បានច្រានចោលការចោទរបស់អ្នកនាំពាក្យ សន្តិសុខជាតិសេតវិមាន លោក John Kirby កាលពីសប្ដាហ៍មុនដែលបានអះអាងថាអាវុធរបស់ កូរ៉េខាងជើងត្រូវបានបញ្ជូនទៅរុស្ស៊ី តាមរយៈការដឹកជញ្ជូនទៅកាន់តំបន់មជ្ឈឹមបូព៌ា ឬតំបន់ អាហ្វ្រិក។ ការមិនទទួលស្គាល់នេះកើតឡើង ខណៈពេលភាពតានតឹងកំពុងតែកើនឡើងនៅឧបទ្វីបកូរ៉េដោយសារតែកូរ៉េខាងជើងបានតេស្តមីស៊ីលជាច្រើនលើកច្រើនសាររួមទាំងមីស៊ីបាលីស្ទីកអន្តរទ្វីប ខណៈដែលអាម៉េរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាអាកាសរួមគ្នាដ៏ធំមិនធ្លាប់មាន។
 
«ថ្មីៗនេះអាម៉េរិកកំពុងបន្តផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាននៃការផ្គត់ផ្គង់អាវុធរវាងកូរ៉េខាងជើង និងរុស្ស៊ី»។ អនុប្រធានកិច្ចការយោធាបរទេសនៃក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបែបនេះបើយោងតាម KCNA។ សេចក្ដីថ្លែង ការណ៍ដដែលនោះបន្តថា កូរ៉េខាងជើងមើលឃើញពាក្យចចាមអារ៉ាមនេះជាផ្នែកមួយនៃទង្វើ ព្រៃផ្សៃរបស់អាម៉េរិកដែលបានបំណងធ្វើឱ្យខូចមុខមាត់កូរ៉េខាងជើង។
 
ក្រុងព្យុងយ៉ាងសង្កត់ធ្ងន់បន្ថែមថា ពួកគេមិនមានការជួញដូរអាវុធជាមួយរុស្ស៊ីនោះឡើយ ហើយពួកគេក៏នឹងមិនធ្វើបែបនេះនៅពេលអនាគតផងដែរ។
 
គួរបញ្ជាក់ថា លោក Kirby ធ្លាប់បានអះអាងថា មន្ត្រីអាម៉េរិកមិនបានដឹងច្បាស់ថារុស្ស៊ីបានទទួលអាវុធទាំងនោះ ឬអត់ ក៏ប៉ុន្តែរុស្ស៊ីច្បាស់បានព្យាយាមតាមដានការដឹកជញ្ជូននោះ៕
 

Tag:
 កូរ៉េខាងជើង
  រុស្ស៊ី
  អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com