អន្តរជាតិ
UN ៖ ៨ឆ្នាំចុងក្រោយ ជាឆ្នាំដ៏ក្តៅបំផុតក្នុងកំណត់ត្រាអាកាសធាតុពិភពលោក
08, Nov 2022 , 7:59 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញូ ហ្គូតេរ៉េស នាសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៧។ រូបភាពយកពី UN
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញូ ហ្គូតេរ៉េស នាសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៧។ រូបភាពយកពី UN
ដោយ:
ស្របពេលសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៧ (COP27) កំពុងបើកនៅអេហ្ស៊ីប ស្ថាប័នអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានចេញរបាយការណ៍ព្រមានពីវិបត្តិនៃបម្រែបម្រួលអាកាសធាតុ។ រីឯ នៅ COP 27 ប្រតិភូព្រមព្រៀងគ្នាពិភាក្សាលើការផ្តល់សំណងពីប្រទេសអ្នកមានទៅប្រទេសក្រីក្រដែលប៉ះពាល់ដោយបម្រែបម្រួលអាកាសធាតុផង។

 
តាមរបាយការណ៍របស់អង្គការឧតុនិយមពិភពលោក (WMO) រយៈពេលប្រាំបីចុងក្រោយនេះ ជាឆ្នាំដ៏ក្តៅបំផុត ។ របាយការណ៍ប្រចាំឆ្នាំនេះ ត្រូវបានបញ្ចេញនៅថ្ងៃទី៦ ខែកញ្ញា ចំពេលសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៧ (COP27) កំពុងតែបើកនាទីក្រុង Sharm el-Sheikh នៅអេហ្ស៊ីប។ 
 
«ស្របពេល COP27 កំពុងដំណើរការ ផែនដីរបស់យើងកំពុងបញ្ជូនសញ្ញាអាសន្ន»។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញូ ហ្គូតេរ៉េស ថ្លែងបែបនេះ ដោយសំដៅលើរបាយការណ៍នេះថាជាកំណត់ត្រាបង្ហាញពីបម្រែបម្រួលអាកាសធាតុ។
 
របាយការណ៍ដដែលរបស់ស្ថាប័នអាកាសធាតុរបស់ UN ព្រមានទៀតថា គោលដៅកំណត់កម្តៅអាកាសធាតុកុំឱ្យឡើងលើសពី ១,៥ អង្សាររបស់បណ្តាប្រទេសក្នុងកិច្ចព្រមព្រៀងប៉ារីសរបស់ UN ស្ទើតែមិនអាចសម្រេចបាន។ WMO បង្ហាញថា ក្រៅពីឡើងកំដៅផែនដី ការរលាយផ្ទាំងទឹកកក និងការធ្លាក់ភ្លៀងខ្លាំងបង្កឱ្យគ្រោះធម្មជាតិកើនឡើងផងដែរ។
 
មេដឹកនាំ និងអ្នកតំណាងដែលមកពីប្រទេសជិត២០០ចូលរួមក្នុងសន្និសីទ COP27 នឹងពិភាក្សាពីបញ្ហា ដំណោះស្រាយស្តីពីបម្រែបម្រួលអាកាសធាតុ ក៏ដូចជាពីគោលដៅដែលកំណត់កម្តៅផែនដីកុំឱ្យកើនលើស ១,៥ ទៅ២ អង្សារ បើធៀបនឹងកម្រិតមុនសម័យឧស្សាហកម្ម។
 
ក្នុងឆ្នាំ២០២១ ផ្ទៃទឹកមហាសមុទ្រដែលមានតួនាទីស្រូបកំដៅជាង ៩០ ភាគរយពីការបំភាយកាបូនរបស់មនុស្សកើនឡើងដល់សីតុណ្ហភាពខ្ពស់បំផុត ។ របាយការណ៍បញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២២ ជាង៥០ភាគរយនៃផ្ទៃទឹកនៅមហាសមុទ្រប្រឈមនឹងរលកកំដៅក្នុងសមុទ្រយ៉ាងហោចណាស់ម្តងដែលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជនកន្លះពាន់លាននាក់។ រីឯ ជម្រៅទឹកសមុទ្រក៏ឡើងទ្វេដងដែរក្នុង៣០ចុងក្រោយនេះ។
 
លើសពីនេះ រលកកម្តៅនៅប៉ាគីស្ថាន និងឥណ្ឌាកាលពីខែមីនា និងមេសាឆក់យកជីវិតមនុស្សជាង ៩០ នាក់។ ប៉ុន្មានខែមុននេះ ជំនន់ទឹកភ្លៀងក៏បានជន់លិចប្រហែល១ភាគបីនៃផ្ទៃដីប៉ាគីស្ថានដែលនាំឱ្យមនុស្សយ៉ាងតិច ១ ៧០០ នាក់ស្លាប់ ហើយខូចខាតហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសរាប់ពាន់លានដុល្លារ។ 
 
ចំណែកនៅអាហ្វ្រិកខាងកើតវិញកំពុងប្រឈមនឹងគ្រោះរាំងស្ងួតដ៏យូរបំផុតក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ។ ចិន ក៏ដូចជាអឺរ៉ុបប្រឈមនឹងអាកាសធាតុក្តៅយ៉ាងខ្លាំងដែលបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់ក្នុងឆ្នាំ២០២២នេះ។ ក្រៅពីនេះ នៅឯថ្ងៃបើកកិច្ចប្រជុំ COP 27 ប្រតិភូបានព្រមព្រៀងពិភាក្សាគ្នាពីការផ្តល់សំណងរបស់ប្រទេសអ្នកមានទៅប្រទេសក្រីក្រដែលរងប៉ះពាល់ដោយបម្រែបម្រួលអាកាសធាតុ៕

Tag:
 COP27
  UN
  បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com