អន្តរជាតិ
COP27៖ប៉ាគីស្ថានស្នើសុំការបន្ធូរបន្ថយបំណុលនិងសំណងសម្រាប់ការខូចខាតដោយសារ គ្រោះធម្មជាតិ
08, Nov 2022 , 9:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន នៅថ្ងៃទី៧ ខែវិច្ឆិកា បានលើកឡើងថា ប្រទេសរបស់លោកកំពុងត្រូវការ ការបន្ធូរបន្ថយបំណុល និងការទទួលបានសំណងសម្រាប់ការខូចខាត ដោយសារគ្រោះទឹកជំ នន់ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យប្រទេសមួយនេះខាតបង់អស់ថវិកាជាង ៣០ ពាន់លានដុល្លារ។

 
នៅក្នុងសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៧របស់អង្គការសហប្រជាជាតិ (UN)  COP27 ដោយមានការចូលរួមពីមេដឹកនាំផ្សេងៗរួមទាំងអគ្គលេខាធិការ UN លោកអាន់តូនីញ៉ូ ហ្គូតេរ៉េស នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានអះអាងថា បំណុលរបស់ ប៉ាគីស្ថានកំពុងតែរារាំងការងើបឡើងវិញរបស់ប្រទេសមួយនេះ ក្រោយជួបប្រទះគ្រោះទឹកជំនន់។
 
«ពួកយើងបានប្រមូលគ្រប់ធនធានដែលពួកយើងមានសម្រាប់កិច្ចខិតខំជួយសង្គ្រោះជាតិ។ ប៉ុន្តែវាមិនគ្រប់គ្រាន់»។ លោក Sharif ថ្លែងបែបនេះដោយចង់សំដៅលើតម្រូវការជួសជុល ស្ពានបាក់បែកជាច្រើនឡើងវិញ និងការស្រោចស្រង់ចំពោះវាលកសិកម្ម និងតម្រូវការជាច្រើនទៀត។
 
មេដឹកនាំប៉ាគីស្ថានរូបនេះបានបន្តថា មនុស្សរាប់លាននាក់កំពុងតែប្រឈមមុខនឹងការគ្មានទីជម្រក អំឡុងរដូវរងារខាងមុខ ជាពិសេសស្ត្រី និងកុមារកំពុងតែស្វែងរកការផ្គត់ផ្គង់តម្រូវការចាំបាច់ផងដែរ។ ហេតុដូច្នេះ ការបន្ធូរបន្ថយបំណុល និងការទទួលបានសំណងសម្រាប់ការខូច ខាតដោយសារគ្រោះធម្មជាតិគឺសំខាន់ណាស់សម្រាប់ប៉ាគីស្ថាន។
 
ក្នុងពេលជាមួយគ្នានេះ លោកហ្គូតេរ៉េសទទូចឱ្យគ្រឹស្ថានហិរញ្ញវត្ថុអន្តរជាតិដូចជាធនាគារ ពិភពលោក និងមេដឹកនាំប្រទេសនានាដែលនឹងចូលរួមក្នុងកិច្ចប្រជុំប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង ២០  (G20) ឱ្យធ្វើកំណែទម្រង់គោលនយោបាយដែលនឹងជួយបន្ធូរបន្ថយបំណុល និងការសម្រេចចិត្តកម្ចីសម្បទានដើម្បីជួយប្រទេសដែលមានចំណូលមធ្យមកម្រិតទាបដូចជាប៉ាគីស្ថានផ្តោតលើការកសាងឡើងវិញជាជាងការសងបំណុល។
 
«វាគួរតែមានវិធីមួយដើម្បីឱ្យមានការដោះដូរ(បំណុល) និងផ្លាស់ប្តូរការសងបំណុលទៅការ វិនិយោគលើការស្តារឡើងវិញនិងការកសាងឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ។
 
គួរបញ្ជាក់ថា ប៉ាគីស្ថាន និងប្រទេសដែលងាយរងគ្រោះអាកាសធាតុផ្សេងទៀតកំពុងទាម ទារឱ្យកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់ UN នៅឆ្នាំនេះចាត់វិធានការដើម្បីប្រមូលមូលនិធិ «ការបាត់បង់ និងការខូចខាត» សម្រាប់ប្រទេសដែលរងគ្រោះដោយគ្រោះមហន្តរាយ។ ប្រទេសមួយចំនួនទទូចឱ្យប្រទេសអ្នកមានរ៉ាប់រងកាតព្វកិច្ចបង់ថ្លៃចំណាយទាំងនេះដោយសារតែការបំភាយឧស្ម័នជាប្រវត្តិសាស្ត្ររបស់ប្រទេសអ្នកមានពីមុនមក៕
 

Tag:
 ប៉ាគីស្ថាន
  ទឹកជំនន់
  UN
© រក្សាសិទ្ធិដោយ thmeythmey.com