អន្តរជាតិ
បោះឆ្នោតសភាអាម៉េរិក៖ បក្សសាធារណរដ្ឋក្ដាប់សំឡេងភាគច្រើនវិញ ឬបក្សប្រជាធិបតេយ្យអាចរក្សាកៅអីដដែល?
08, Nov 2022 , 4:29 pm        
រូបភាព
ដោយ:
ការបោះឆ្នោតជ្រើសរើសសមាជិកសភាអាម៉េរិកនឹងធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ខណៈរដ្ឋមួយចំនួននៅអាម៉េរិកចាប់ផ្តើមជាបណ្តើរៗហើយ។ តាំងពីដើមមក ការបោះឆ្នោតដែលប្រព្រឹត្តឡើងរៀងរាល់ពាក់កណ្តាលអាណត្តិប្រធានាធិបតីនេះតែងនាំឱ្យបក្សកាន់អំណាចមិនថាសាធារណរដ្ឋ ឬប្រជាធិបតេយ្យទេបាត់បង់អាសន:ក្នុងសភា។ សម្រាប់លើកនេះ តើបក្សប្រជាធិបតេយ្យកាន់អំណាច និងមានលោក ចូ បៃឌិន ដឹកនាំសេតវិមាន អាចបន្តគ្រប់គ្រងសភាទាំងពីររបស់អាម៉េរិក ឬដើរតាមគន្លងប្រវត្តិសាស្រ្ត?

 
តាមពិតទៅ ការបោះឆ្នោតដែលធ្វើនៅពាក់កណ្តាលអាណត្តិប្រធានាធិបតី ជាការបោះឆ្នោតជ្រើសរើសសមាជិកសភាអាម៉េរិកដែលមានរដ្ឋសភា និងព្រឹទ្ធសភា។ វាត្រូវបានហៅដូច្នេះដោយសារតែ ការបោះឆ្នោតនេះធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ហើយចំពេលប្រធានាធិបតីអាម៉េរិកកាន់តំណែងបានពាក់កណ្តាលអាណត្តិពោលគឺពីរឆ្នាំនៃមួយអាណត្តិដែលមានបួនឆ្នាំ។ 
 
នេះជាការបោះឆ្នោតទូទាំងប្រទេសដំបូងហើយ ក្រោយលោក ចូ បៃដិន ជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិកកាលពីពីរឆ្នាំមុន។ សមាជិករដ្ឋសភាទាំង៤៣៥នាក់នឹងត្រូវដល់ពេលកំណត់បោះឆ្នោតជ្រើសរើសម្តងទៀត។ ប៉ុន្តែត្រឹមមួយភាគបីនៃសមាជិកព្រឹទ្ធសភាប៉ុណ្ណោះពោលគឺ ៣៥ នាក់ត្រូវដល់ពេលកំណត់បោះឆ្នោតជ្រើសរើសម្តងទៀត ពីព្រោះសមាជិកព្រឹទ្ធសភាទាំង១០០នាក់អាចកាន់តំណែងបានប្រាំមួយឆ្នាំក្នុងមួយអាណត្តិ តែអាចបន្តឈរឈ្មោះបោះឆ្នោតឥតកំណត់ដូចសមាជិករដ្ឋសភាដែរ។ 
 
ក្រៅពីសមាជិកសភា អភិបាលតំណាងរដ្ឋចំនួន ៣៦ ផ្សេងទៀតក៏នឹងត្រូវបានបោះឆ្នោតជ្រើសរើសអំឡុងការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីដែរ។
 
ជាទូទៅ ការបោះឆ្នោតនេះត្រូវបានមើលឃើញជាការធ្វើប្រជាមតិលើប្រធានាធិបតីកាន់តំណែងបច្ចុប្បន្ន ហើយអ្នកដែលគាំទ្រប្រធានាធិបតីកន្លងមក តែងបោះឆ្នោតប្រឆាំងនឹងបក្សកាន់អំណាចវិញ ពីព្រោះប្រជាជនមើលឃើញថា ពីរឆ្នាំមកនេះបក្សកាន់អំណាចក្នុងសភាគ្រប់គ្រងបញ្ហាមួយចំនួនមិនបានល្អដូចជាសេដ្ឋកិច្ច និងឧក្រិដ្ឋកម្មជាដើម។
 
តាមការស្ទង់មតិនានា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីឆ្នាំ២០២២នេះ ឬការបោះឆ្នោតជ្រើសរើសសមាជិកសភាទី១១៨របស់អាម៉េរិក បក្សកាន់អំណាចប្រជាធិបតេយ្យរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន អាចនឹងបាត់បង់កៅអីនៅក្នុងរដ្ឋសភា ហើយធ្លាក់ក្រោមការគ្រប់គ្រងរបស់បក្សសាធារណរដ្ឋវិញ។ ប៉ុន្តែ បក្សប្រជាធិបតេយ្យនៅតែអាចបន្តគ្រប់គ្រងព្រឹទ្ធសភាដដែលដែលបច្ចុប្បន្នមានអនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស ជាប្រធាន។
 
យោងតាមគេហទំព័រ FiveThirtyEight បក្សសាធារណរដ្ឋមានឱកាស៨០ភាគរយក្តោបក្តាប់បានរដ្ឋសភា ហើយឱកាស៤០ ភាគរយគ្រប់គ្រងព្រឹទ្ធសភា។ ប្រហែលមួយខែមុន បក្សប្រជាធិបតេយ្យមានសង្ឃឹមយ៉ាងខ្លាំងអាចបន្តគ្រប់គ្រងព្រឹទ្ធសភា និងអាចសូម្បីតែរដ្ឋសភាទៀតផង ក្រោយទទួលបានជ័យជម្នះនៅព្រឹទ្ធសភាប្រឆាំងនឹងបក្សសាធារណរដ្ឋដែលចង់បញ្ចូលការរំលូតកូនជាបទឧក្រិដ្ឋ។ 
 
យ៉ាងណាមិញ ការស្ទង់មតិរបស់ Gallup បង្ហាញថា បញ្ហាសេដ្ឋកិច្ចជាបញ្ហាចម្បងទីមួយដែលស្ថិតក្នុងចិត្តរបស់អ្នកបោះឆ្នោត ហើយបញ្ហានេះនឹងរុញច្រានឱ្យប្រជាជនបោះឆ្នោតគាំទ្របក្សសាធារណរដ្ឋ។ ចំណែក បញ្ហាផ្សេងទៀតដូចជា ឧក្រិដ្ឋកម្ម អន្តោប្រវេសន៍ សិទ្ធិរំលូតកូន ស្ថិតក្នុងក្តីកង្វល់បន្ទាប់របស់អ្នកបោះឆ្នោតទាំងនោះ។ 
 
បើធៀបនឹងឆ្នាំមុន គ្រប់យ៉ាងនៅអាម៉េរិកកើនតម្លៃយ៉ាងខ្លាំងដែលរួមមានអាហារ ថាមពល សេវាសុខាភិបាល និងទំនិញផ្សេងៗទៀត ជាមួយអតិផរណាកើនដល់ ៨,២ភាគរយក្នុងខែកញ្ញា។ អតិផរណាដែលបន្តកើនឡើងបែបនេះអាចជាកត្តាកំណត់លទ្ធផលបោះឆ្នោតសភាទូទាំងប្រទេស ហើយអាចនឹងមានការផ្លាស់ប្តូរដៃគ្រប់គ្រងនៅសភាផងដែរដែលប៉ះពាល់យ៉ាងខ្លាំងដល់របៀបវារៈគោលនយោបាយរបស់រដ្ឋបាលលោក បៃដិន សម្រាប់ពីរឆ្នាំបន្ទាប់។
 
សូមបញ្ជាក់ថា សភាអាម៉េរិកបង្កើតច្បាប់ទូទាំងប្រទេស។ រដ្ឋសភាមានសិទ្ធិសម្រេចថាសំណើច្បាប់ណាអាចដាក់ឱ្យបោះឆ្នោតបាន ខណៈព្រឹទ្ធសភាអាចរារាំង ឬអនុម័តសំណើច្បាប់ទាំងនោះ។ បន្ថែមពីលើនេះ ព្រឹទ្ធសភាមានតួនាទីអនុម័តលើការតែងតាំងនរណាម្នាក់ដោយប្រធានាធិបតី ក៏ដូចជាបើកការស៊ើបអង្កេតប្រឆាំងប្រធានាធិបតីផងដែរ។ រដ្ឋសភាមានសមាជិក៤៣៥នាក់តំណាងឱ្យ ៥០ រដ្ឋដែលចំនួនអ្នកតំណាងក្នុងរដ្ឋនីមួយៗកំណត់ដោយប្រជាជននៅតំបន់នោះ ខណៈសមាជិកព្រឹទ្ធសភាមាន ១០០នាក់ដែលមានពីរនាក់តំណាងក្នុងមួយរដ្ឋ៕

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com