អន្តរជាតិ
ចិនជំទាស់ដាច់ខាតចំពោះការផ្លាស់ប្តូរជាផ្លូវការរវាងអង់គ្លេស និងកោះតៃវ៉ាន់
08, Nov 2022 , 9:59 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian។ រូបភាព៖ យកពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian។ រូបភាព៖ យកពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានលើកឡើងនៅថ្ងៃទី៧ ខែវិច្ឆិកាថា ចិនជំទាស់ដាច់ខាតចំពោះការផ្លាស់ប្តូរក្នុងទម្រង់ណាមួយជាផ្លូវការរវាងអង់គ្លេស និងកោះតៃវ៉ាន់ ហើយទទូចឱ្យអង់គ្លេសបញ្ឈប់ការបញ្ជូនសញ្ញាខុសឆ្គងទៅកាន់កងកម្លាំង តៃវ៉ាន់ដែលអង់គ្លេសចាត់ទុកជាកងកម្លាំងឯករាជ្យ។

 
ការិយាល័យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេសនៅថ្ងៃទី៧ខែវិច្ឆិកាបានប្រកាសថា រដ្ឋមន្ត្រីលោក Greg Hands នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់តៃវ៉ាន់ចំនួនពីរថ្ងៃនៅក្នុងសប្ដាហ៍នេះសម្រាប់ជំនួបពាណិជ្ជកម្ម និងការជួបជាមួយមេដឹកនាំកោះតៃវ៉ាន់លោកស្រី Tsai Ing-wen ។
 
មិនទុកយូរនៅថ្ងៃដដែលអំឡុងសន្និសីទកាសែតជាប្រចាំ អ្នកនាំពាក្យក្រសួងការបរទេស ចិនលោក Zhao Lijian ឆ្លើយទៅកាន់ដំណើរទស្សនកិច្ចខាងលើថា ចិនជំទាស់ដាច់ខាតចំពោះសកម្ម ភាពមួយនេះ។
 
«ពួកយើងទទូចឱ្យភាគីអង់គ្លេសគោរពអធិបតេយ្យភាពរបស់ចិនឱ្យមានប្រសិទ្ធភាព គោរព តាមគោលការណ៍ចិនតែមួយ បញ្ឈប់រាល់ទម្រង់ទំនាក់ទំនងជាផ្លូវការជាមួយកោះតៃវ៉ាន់ និង បញ្ឈប់ការបញ្ជូនសញ្ញាខុសទៅកងកម្លាំងឯករាជ្យតៃវ៉ាន់»។ លោកZhao  បានសង្កត់ធ្ងន់បែប នេះរួចព្រមានកោះតៃវ៉ាន់ថា ការរួមគ្នាជាមួយកម្លាំងខាងក្រៅដើម្បីស្វែងរកឯករាជ្យ គឺត្រូវទទួលការវិនាសនិងការបរាជ័យ។
 
អ្នកនាំពាក្យក្រសួងការបរទេសចិនដដែលនោះបញ្ជាក់សាជាថ្មីថា នៅក្នុងពិភពលោកនេះ ចិន មានតែមួយទេ ហើយកោះតៃវ៉ាន់គឺជាផ្នែកមួយនៃចិន។ គោលការណ៍ចិនតែមួយ គឺជាមូលដ្ឋានគ្រឹះនយោបាយសម្រាប់ចិន និងអង់គ្លេសក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី៕

© រក្សាសិទ្ធិដោយ thmeythmey.com