ជាតិ
យុវជនសកម្ម សេវាល្អ
សុខភាព
កោះកុង៖ ពលរដ្ឋឃុំជីខក្រោម ត្រេកអរដែលបានទទួលសេវាសុខភាពពីប៉ុស្ដិ៍សុខភាពជិតផ្ទះ
08, Nov 2022 , 10:59 pm        
រូបភាព
ដោយ៖ លី ស្រីមុំ (យុវជនឃុំជីខក្រោម) 

ស្រុកស្រែអំបិល, កោះកុង៖ ប៉ុស្តិ៍សុខភាពជីខក្រោម ដែលស្ថិតនៅឃុំជីខក្រោម ស្រុកស្រែអំបិល បានបើកបម្រើសេវាដល់ពលរដ្ឋក្នុងឃុំប្រមាណជាង៣ ឆ្នាំមកហើយ។ ពលរដ្ឋនៅក្នុងឃុំ មានចិត្តសប្បាយដែលបានមកទទួលសេវាសុខភាពនៅប៉ុស្តិ៍សុខភាព ព្រោះនៅជិតផ្ទះដោយមិនបាច់ចំណាយពេលទៅឆ្ងាយដូចមុន។

 
ប៉ុស្តិ៍សុខភាពជីខក្រោម មានសេវាកម្មដូចជា ពិនិត្យសុខភាពទូទៅ  ពិនិត្យសុខភាពស្រ្តីមានផ្ទៃពោះ ផ្ដល់ថ្នាំ និងផ្ដល់ការពន្យារកំណើតជាដើម។  ក្នុងដំណើរការប្រមាណ៣ឆ្នាំ ពលរដ្ឋនៅក្នុងឃុំ តែងមកទទួលសេវាសុខភាពពីប៉ុស្តិ៍សុខភាព ដ្បិតមិនបាច់ទៅឆ្ងាយ និងចំណាយថវិកាតិច។ 
 
អ្នកស្រី កាន មុំ ដែលជាពលរដ្ឋរស់នៅឃុំជីខក្រោម បានឱ្យដឹងថា តាំងពីមានប៉ុស្ដិ៍សុខភាពនៅក្នុងឃុំ អ្នកស្រីទទួលបានសេវាសុខភាពងាយស្រួលជាងមុន។ បើតាមអ្នកស្រី ពីមុនពេលមានបញ្ហាសុខភាពម្ដងៗ អ្នកស្រីត្រូវទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកនៅស្រុក ដែលត្រូវធ្វើដំណើរជាង១ម៉ោងឯណោះ ហើយផ្លូវធ្វើដំណើរក៏ពិបាកទៀត។ វត្តមានប៉ុស្តិ៍សុខភាពក្នុងឃុំនេះ ធ្វើឱ្យពលរដ្ឋរូបនេះ សប្បាយចិត្ត ព្រោះវាបានផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋច្រើន។ អ្នកស្រី កាន មុំ រៀបរាប់ដូច្នេះ៖ «កូនចៅខ្ញុំឈឺទៅត្រឹមហ្នឹងជិត ពេទ្យនៅជិតពេទ្យស្រួលណាស់ មិនបាច់ទៅឆ្ងាយដូចមុន»។ 
 
អ្នកស្រី សិន រីម ក៏ជាពលរដ្ឋម្នាក់ ដែលតែងតែទៅទទួលសេវាសុខភាពនៅប៉ុស្តិ៍សុខភាពជីខក្រោមដែរ។ ស្រ្តីមានផ្ទៃពោះរូបនេះ បានមកទទួលសេវាពិនិត្យផ្ទៃពោះក្នុងកំណើតកូនទីពីរនៅប៉ុស្តិ៍សុខភាពជាប្រចាំ។ នេះជាលើកដំបូង ដែលអ្នកស្រីបានពិនិត្យផ្ទៃពោះ នៅប៉ុស្តិ៍សុខភាពនេះ ដោយកាលពីកំណើតកូនដំបូងអ្នកស្រីទៅមណ្ឌលសុខភាពនៅស្រុកស្រែអំបិលដែលត្រូវធ្វើដំណើរឆ្ងាយ ព្រោះពេលនោះក្នុងឃុំមិនទាន់មានប៉ុស្តិ៍សុខភាពនៅឡើយ។ អ្នកស្រី សិន រីម រៀបរាប់ថា៖« មានពេទ្យនៅក្នុងឃុំស្រួលណាស់មិនបាច់ទៅឆ្ងាយ។ បើយើងមានបញ្ហាធ្ងន់ធ្ងរព្យាបាលនៅប៉ុស្តិ៍អត់បាន គេមានឡានមកយកទៅពេទ្យស្រុកទៀត»។ 
 
អ្នកស្រី រីម បានលើកឡើងថា អ្នកស្រីពេញចិត្ត និងសប្បាយចិត្តក្នុងការមកទទួលសេវាសុខភាពនៅប៉ុស្តិ៍សុខភាពជីខក្រោម ដោយសារមានការយកចិត្តទុកដាក់ពីគ្រូពេទ្យ ចំណាយពេលវេលា និងថវិកាតិចថែមទៀត៕  
 
 អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 សុខភាព
  ប៉ុស្ដិ៍សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com