អន្តរជាតិ
ប្រធានាធិបតីអេហ្ស៊ីបទទូចឱ្យប្រទេសអភិវឌ្ឍគោរពតាមការសន្យាលើបញ្ហាអាកាសធាតុ
08, Nov 2022 , 5:59 pm        
រូបភាព
លោក Abdel-Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីប។ រូបភាព៖ AFP
លោក Abdel-Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីប។ រូបភាព៖ AFP
ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi បានផ្ញើសារនៅថ្ងៃទី៧ ខែវិច្ឆិកា ទៅកាន់ប្រទេសអភិ វឌ្ឍទាំងអស់ឱ្យបំពេញការសន្យាជុំវិញបញ្ហាអាកាសធាតុ  ក្នុងការជួយគាំទ្រប្រទេសកំពុងអភិវឌ្ឍដែលរងគ្រោះដោយសារតែគ្រោះអាកាសធាតុ។

 
ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi បានថ្លែងក្នុងការបើកសុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូលការអនុវត្តអាកាសធាតុ Sharm El-Sheikh (SCIS) ដែលប្រមូលផ្តុំប្រមុខរដ្ឋ និងរដ្ឋាភិបាលទូទាំងពិភពលោកនៅ ក្នុងសម័យប្រជុំលើកទី១៧ នៃសន្និសីទ COP27 នៅទីក្រុងឆ្នេរសមុទ្រ Sharm El-Sheikh អេហ្ស៊ីប។
 
នៅក្នុងកិច្ចប្រជុំនេះ លោក Sisi បានអំពាវនាវដល់មេដឹកនាំពិភពលោកឱ្យ ចាត់វិធានការជាក់ស្តែងឆ្ពោះទៅរកការកាត់បន្ថយការបំភាយឧស្ម័ន បង្កើនការសម្របខ្លួនទៅ នឹងផលវិបាកនៃការប្រែប្រួលអាកាសធាតុ និងការផ្តល់ហិរញ្ញប្បទានចាំបាច់សម្រាប់ប្រទេស កំពុងអភិវឌ្ឍដែលរងគ្រោះខ្លាំងបំផុតពីវិបត្តិអាកាសធាតុនាពេលបច្ចុប្បន្ន។
 
«ពេលវេលា គឺមានរយៈពេលខ្លសម្រាប់ពិភពលោក ហើយវាគ្មានផ្លូវដកខ្លួនចេញពីការប្ដេជ្ញាចិត្ត ចំពោះបញ្ហាអាកាសធាតុនោះទេ»។ លោក Sisi លើកឡើងបែបនេះរួចបន្តថា វាចាំបាច់ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ជាពិសេសនៅក្នុងទ្វីបអាហ្រ្វិក ដើម្បីបង្ហាញថាបញ្ហារបស់ពួកគេត្រូវបានឆ្លើយតប និងយកទៅពិចារណា។
 
ប្រធានាធិបតីអេហ្ស៊ីប បានចង្អុលបង្ហាញពីពិភពលោកដែលកំពុងតែប្រឈមមុខនឹងបញ្ហាជាច្រើន ដែលរារាំងប្រទេសនានាក្នុងការសម្រេចគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសមានគោលបំណងរក្សាសីតុណ្ហភាពជាមធ្យមសកលក្នុងសតវត្សនេះឱ្យមានត្រឹម ១,៥ អង្សា។
 
ជាមួយគ្នានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអាន់តូនីញ៉ូ ហ្គូតេរ៉េសព្រមាន មេដឹកនាំប្រទេសអំពីបញ្ហាអាកាសធាតុប្រឈមនាពេលបច្ចុប្បន្ន។ លោកហ្គូតេរ៉េសជំរុញឱ្យ ប្រទេសទាំងអស់សហការគ្នានៅពេលប្រឈមមុខនឹងវិបត្តិអន្តរជាតិដើម្បីចៀសវាងការធ្វើឱ្យទំនាក់ទំនងអន្តរជាតិរង្គោះរង្គើ៕
 

Tag:
 អេហ្ស៊ីប
  បញ្ហាអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com