អន្តរជាតិ
លោក អាន់វ៉ា ប្រកាសមិនយកប្រាក់ខែ បើក្លាយជានាយករដ្ឋមន្រ្តី ហើយកាត់ប្រាក់ខែរដ្ឋមន្រ្តី
09, Nov 2022 , 10:08 am        
រូបភាព
អ្នកនយោបាយល្បីឈ្មោះនៅម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសមិនយកប្រាក់ខែនាយករដ្ឋមន្រ្តីឡើយ បើលោកក្លាយជានាយករដ្ឋមន្រ្តីបន្ទាប់ពីការបោះឆ្នោតទូទៅនៅសប្ដាហ៍ក្រោយ។ លើសពីនោះ លោក អាន់វ៉ា ក៏ប្រកាសកាត់បន្ថយប្រាក់ខែរបស់រដ្ឋមន្រ្តីថែមទៀត។

 
ម៉ាឡេស៊ី នឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសភានៅថ្ងៃទី១៧ ខែវិច្ឆិកា។ កៅអីសមាជិក២២២ នឹងត្រូវដាក់ឱ្យប្រជែងក្នុងការបោះឆ្នោតដែលត្រូវមើលឃើញថា នឹងស្វិតស្វាញខ្លាំង។ ទាំងសម្ព័ន្ធភាពកាន់អំណាច និងក្រុមបក្សប្រឆាំងសុទ្ធតែដាក់ក្ដីរំពឹងខ្ពស់ក្នុងការឃោសនារកសំឡេងឆ្នោតរៀងៗខ្លួន។
 
លោក អាន់វ៉ា អ៊ីប្រាហ៊ីម អ្នកនយោបាយដ៏សំខាន់នៃក្រុមប្រឆាំង អះអាងថា បើជាប់នាយករដ្ឋមន្រ្តី លោកនឹងមិនយកប្រាក់ខែឡើយ ហើយកាត់ប្រាក់ខែរបស់គណៈរដ្ឋមន្រ្តីថែមទៀត។ ថ្លែងក្នុងការឃោសនានៅរដ្ឋ Johor លោក អាន់វ៉ា បញ្ជាក់ថា ក្រៅពីមិនយកប្រាក់ខែដោយសារស្ថានភាពសេដ្ឋកិច្ចប្រទេសមិនល្អ លោកចង់ដកឫសគល់នៃវិបត្តិពុករលួយក្នុងប្រទេសដែលមេដឹកនាំ បក្សពួក និងគ្រួសាររបស់ពួកគេកេងប្រវ័ញ្ចទ្រព្យសម្បត្តិរដ្ឋ។
 
«ដូច្នេះការបដិសេធមិនទទួលប្រាក់បៀវត្សរ៍ ជាសារបង្ហាញថា មេដឹកនាំទាំងអស់មិនសុទ្ធតែពុករលួយ និងលោភលន់នោះឡើយ។» លោក អាន់វ៉ា បន្ថែមបែបនេះ។
 
អ្នកនយោបាយដដែល ក៏បានព្រមានពីការទិញសន្លឹកឆ្នោតដោយសម្ព័ន្ធភាពកាន់អំណាច Barisan Nasional ផងដែរ ពិសេសនៅតំបន់ដែលមានសង្ឃឹមឈ្នះតិចតួច៕
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com