អន្តរជាតិ
EU ដាក់ទណ្ឌកម្មមន្រ្តីមីយ៉ាន់ម៉ា១៩នាក់ទៀត
09, Nov 2022 , 11:49 am        
រូបភាព
ប្រធានគណៈកម្មការអឺរ៉ុប អឺស៊ូឡា វ៉ុន ដឺ លៃអេន។ រូបថត Xinhua
ប្រធានគណៈកម្មការអឺរ៉ុប អឺស៊ូឡា វ៉ុន ដឺ លៃអេន។ រូបថត Xinhua
សហភាពអឺរ៉ុប (EU) នៅថ្ងៃទី៨ ខែវិច្ឆិកា ប្រកាសដាក់ទណ្ឌកម្មលើមន្រ្តីស៊ីវិល និងយោធា១៩នាក់ទៀតជុំវិញរដ្ឋប្រហារដែលមានជាងមួយឆ្នាំទៅហើយ។

 
ក្នុងសេចក្ដីប្រកាសមួយ សហភាពអឺរ៉ុប សម្រេចបង្កទ្រព្យសម្បត្តិរបស់មន្រ្តីមីយ៉ាន់ម៉ា១៩នាក់ដែលមានឈ្មោះរដ្ឋមន្រ្តីវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ Kan Zaw និងប្រធានចៅក្រមនៃតុលាការកំពូលមីយ៉ាន់ម៉ា មន្រ្តីយោធាគ្រាក់ៗ អ្នកជំនួញមានទំនាក់ទំនងជាមួយយោធា។ ពួកគេ ក៏ត្រូវហាមមិនឱ្យធ្វើដំណើរទៅអឺរ៉ុបផងដែរ។
 
ជាមួយគ្នានេះ ប្លុក២៧ប្រទេសនេះ​ ក៏បង្កកទ្រព្យសម្បត្តិរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលត្រូវបានបង្កើតក្រោយរដ្ឋប្រហារដែរ។ បើតាមសហភាពអឺរ៉ុប ក្រុមប្រឹក្សានេះ ទទួលខុសត្រូវចំពោះគោលនយោបាយ និងសកម្មភាពដែលបំពានប្រជាធិបតេយ្យ និងនីតិរដ្ឋនៅមីយ៉ាន់ម៉ា។ សហភាពអឺរ៉ុប ក៏បង្ហាញក្ដីបារម្ភចំពោះអ្វីដែលកើតនៅមីយ៉ាន់ម៉ាទៀតផង។
 
«សហភាពអឺរ៉ុប ពិតជាបារម្ភចំពោះអំពើហិង្សាដែលនៅតេបន្ត និងការរាលដាលទៅជាជម្លោះអូសទាញ ដែលពង្រីកខ្លួនទៅទូទាំងប្រទេស និងបង្កបញ្ហាដល់តំបន់ថែមទៀត។» សេចក្ដីថ្លែងការណ៍របស់ EU បន្ថែមបែបនេះ មុនបន្តថា ខ្លួននឹងបន្តធ្វើការដើម្បីដាក់ការទទួលខុសត្រូវចំពោះអ្នកដែលនៅពីក្រោយការធ្វើទុក្ខបុកម្នេញនៅមីយ៉ាន់ម៉ា។
 
សរុបទាំងលើកនេះទៀត បុគ្គលនៅមីយ៉ាន់ម៉ា៨៩នាក់ និងអង្គភាព១១ ស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់អឺរ៉ុប៕
 
 
 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com