អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ុយក្រែន​សន្យា​ថា​នឹង​មិន​បោះបង់ទឹកដីនៅ​ភាគ​ខាង​កើតសូម្បីតែបន្តិចឱ្យរុស្ស៊ី​
09, Nov 2022 , 7:29 pm        
រូបភាព
​ប្រធានាធិបតីអ៊ុយក្រែន ​វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅយប់ថ្ងៃទី៨ ខែវិច្ឆិកាលើកឡើងថា កងកម្លាំងអ៊ុយក្រែន​នឹងមិន​បោះបង់ទឹកដីនៅតំបន់ Donetsk ភាគខាងកើតប្រទេសទៅឱ្យរុស្ស៊ីសូម្បីតែមួយសង់ទីម៉ែត្រ​។ ការលើកឡើងនេះធ្វើឡើង ខណៈក្រុមមន្ត្រីរុស្ស៊ីដែលគ្រប់គ្រងនៅតំបន់នេះរាយការណ៍ថា កងកម្លាំងអ៊ុយ​ក្រែន​កំពុងធ្វើដំណើរទៅកាន់ទីក្រុងភាគខាងត្បូងមួយជាមួយរថក្រោះ។



កន្លងមក ចំណុចស្នូលនៃជម្លោះនៅក្នុងតំបន់ឧស្សាហកម្ម Donetsk គឺនៅជុំវិញទីក្រុង Bakhmut, Soledar និង Avdiivka ដែលជាកន្លែងប្រយុទ្ធគ្នាខ្លាំងបំផុតនៅក្នុងប្រទេសចាប់តាំងពីកងកម្លាំងរុស្ស៊ីបានលុកលុយអ៊ុយក្រែនកាលពីចុងខែកុម្ភៈមក។
 
ក្នុងសារជាវីដេអូមួយចេញនៅយប់ថ្ងៃទីទី៨ ខែវិច្ឆិកា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងថា សកម្មភាពរបស់រុស្ស៊ីនៅក្នុងតំបន់នោះនៅតែស្ថិតក្នុងកម្រិតខ្ពស់ ខណៈមានការវាយប្រហាររាប់សិបដងជារៀងរាល់ថ្ងៃ។ 
 
«យើងនឹងមិន​បោះបង់សូម្បីមួយសង់ទីម៉ែត្រនៃដីរបស់យើង»។ លោក ហ្សេលេនស្គី បន្ថែមបែបនេះក្នុងសារជាវីឌីអូដដែល។​ 
 
តំបន់ Donetsk ​ជា​តំបន់​មួយ​ក្នុង​ចំណោមតំបន់​​បួន​ដែល​រុស្ស៊ី​បាន​​បញ្ចូលជាទឹកដីខ្លួន​ក្នុង​ចុង​ខែ​កញ្ញាក្រោយធ្វើប្រជាមតិ។ ការ​ប្រយុទ្ធ​គ្នា​បាន​កើត​មាន​ឡើង​នៅ​ទីនោះ​រវាង​យោធា​អ៊ុយក្រែន​និង​កងកម្លាំងគាំទ្រដោយរុស្ស៊ី ចាប់​តាំង​ពី​ឆ្នាំ​ ២០១៤ ជា​ឆ្នាំ​ដដែល​ដែលទី​ក្រុង​ម៉ូស្គូដណ្ដើមបានតំបន់គ្រីមៀរ។ ​
 
​ទន្ទឹមនឹងសាររបស់ប្រធានាធិបតីរុស្ស៊ីនេះ អភិបាលក្រុងរបស់រុស្ស៊ីនៅទីក្រុង Snihurivkaភាគខាងកើតនៃទីក្រុង Mykolaiv ភាគខាងត្បូងប្រទេស​ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីថា​ អ្នកស្រុកក្នុងតំបន់បានឃើញរថក្រោះជាច្រើនរបស់អ៊ុយក្រែន និងការប្រយុទ្ធគ្នាយ៉ាងសាហាវកំពុងកើតឡើង។
 
កងកម្លាំងអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានវាយប្រហារយ៉ាងខ្លាំងក្លា ខណៈដែលរុស្ស៊ីកំពុងប្រមូលផ្តុំកម្លាំងឡើងវិញ ដើម្បីការពារតំបន់នានារបស់អ៊ុយក្រែនដែលខ្លួនដណ្ដើមបាន ដោយប្រមូលផ្ដុំកម្លាំងបម្រុងរាប់សែននាក់ក្នុងរយៈពេលមួយខែកន្លងមកនេះ៕
 

Tag:
 អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com