កីឡាអន្តរជាតិ
អន្តរជាតិ
លោក Mourinho ថាកីឡាករម្នាក់ក្បត់ Roma ក្រោយលេងអន់បំផុត
10, Nov 2022 , 3:59 pm        
រូបភាព
លោក Jose Mourinho ​អ្នកចាត់ការក្រុម ​AS Roma នៅថ្ងៃទី៩ ខែវិច្ឆិកា បាននិយាយថាកីឡាករក្នុងក្រុមម្នាក់បានក្បត់មិត្តរួមក្រុម ដោយការបង្ហាញទម្រង់លេងដ៏អាក្រក់បំផុត និងអាកប្បកិរិយាគ្មានវិជ្ជាជីវៈ អំឡុងការប្រកួតក្របខណ្ឌ Serie A ដែល Roma ស្មើ Sassuolo។



ការប្រកួតរវាងក្រុម Roma ទល់ Sassuolo បញ្ចប់ទៅដោយលទ្ធផលស្មើ ១-១ ខណៈកីឡាករ Tammy Abraham ស៊ុតគ្រាប់ចុងម៉ោងជួយឱ្យ Roma ដណ្តើមបាន ១ពិន្ទុមកវិញពីក្រុមម្ចាស់ផ្ទះ Sassuolo ដែលដឹកនាំដោយលោក Andrea Pinamonti។
 
ក្នុងជំនួបលីគកំពូលអ៊ីតាលីនេះ លោក Mourinho  មើលឃើញថាមានកូនក្រុមរបស់ខ្លួនម្នាក់ក្បត់ក្រុម ដោយលេងមិនអស់ពីចិត្ត។ ទោះជាយ៉ាងណាក្តីអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានបដិសេធមិនបង្ហាញឈ្មោះកីឡាករដោយចំៗឡើយ នៅពេលត្រូវបានអ្នកកាសែតសាកសួរនាំអំពីកីឡាករម្នាក់នោះ។ 
 
«នេះជារឿងដែលខកចិត្តបំផុតសម្រាប់ខ្ញុំព្រោះថាក្រុមទាំងអស់ត្រូវបានកីឡាករម្នាក់ក្បត់ដោយអាកប្បកិរិយាគ្មានវិជ្ជាជីវៈជាកីឡាករ គេបានក្បត់មិត្តរួមក្រុមទាំងមូល»។ នេះជាការអះអាងរបស់អ្នកចាត់ការរហ្សនាម Special One មុនបន្ថែមថា ក្រោយការប្រកួតបញ្ចប់លោកបាននិយាយជាមួយកីឡាករម្នាក់នោះ ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ដោយកីឡាកររូបនោះប្រើអាកប្បកិរិយាដែលគ្មានវិជ្ជាជីវៈ។
 
ការប្រកួតបន្ទាប់របស់ Roma នឹងត្រូវជួប ​Torino នៅថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងការប្រកួតជំនួបចុងក្រោយនៃក្របខណ្ឌ Serie A មុនការសម្រាកលីគ ដើម្បីទៅកាន់ការប្រកួត FIFA World Cup​ នៅកាតា៕ 
 
 

Tag:
 Jose Mourinho
  AS Roma
© រក្សាសិទ្ធិដោយ thmeythmey.com