ជាតិ
សង្គមជាតិ
ក្រុមគ្រូពេទ្យជាង២០០នាក់ ពិភាក្សាគ្នាចែករំលែកបទពិសោធន៍ព្យាបាលជំងឺកុមារ
12, Nov 2022 , 9:29 pm        
រូបភាព
ក្រុមគ្រូពេទ្យជួបជុំគ្នាក្នុងសន្និសីទប្រចាំឆ្នាំលើកទី៦ របស់មន្ទីរពេទ្យកុមារអង្គរ
ក្រុមគ្រូពេទ្យជួបជុំគ្នាក្នុងសន្និសីទប្រចាំឆ្នាំលើកទី៦ របស់មន្ទីរពេទ្យកុមារអង្គរ
សៀមរាប៖ ក្រុមគ្រូពេទ្យសរុបប្រមាណជាង២០០នាក់ (ផ្ទាល់ និងអនឡាញ) បានជួបពិភាក្សាគ្នាក្នុងសន្និសីទប្រចាំឆ្នាំលើកទី៦ របស់មន្ទីរពេទ្យកុមារអង្គរ ស្ដីពីសុខភាពកុមារ ក្រោមប្រធានបទ បច្ចុប្បន្នភាពជំងឺកុមារ ៣។

 
ប្រធានសន្និសីទប្រចាំឆ្នាំលើកទី៦ របស់មន្ទីរពេទ្យកុមារអង្គរ វេជ្ជបណ្ឌិត ង៉ែត ពិសេស បានឱ្យដឹងថា សន្និសីទនេះមានសារសំខាន់ណាស់ ដើម្បីចែករំលែក និងពង្រឹងចំណេះជំនាញក្រុមគ្រូពេទ្យទៅលើការព្យាបាលជំងឺកុមារ។ លោកវេជ្ជបណ្ឌិតបន្ថែមថា ការវិភាគផ្នែកមីក្រូជីវសាស្រ្ត ជាប្រធានបទមួយដ៏សំខាន់ ដែលគ្រូពេទ្យត្រូវឆ្លងមន្ទីរពេទ្យសោធន៍ ដើម្បីមើលមេរោគមុន នឹងផ្ដល់វេជ្ជបញ្ជាសម្រាប់ការប្រើថ្នាំផ្សះផ្សេងៗ ត្រូវនឹងមេរោគរបស់ជំងឺ ក៏ដូចជាដើម្បីជួយកុមារឱ្យឆាប់បានសះស្បើយ។ល។ 
 
ជំងឺកុមារមួយចំនួនដែលក្រុមគ្រូពេទ្យឧស្សាហ៍ជួបប្រទះ ក៏ត្រូវបានលើកយកមកជជែកក្នុងសន្និសីទប្រចាំឆ្នាំលើកនេះផងដែរ។ លោកវេជ្ជបណ្ឌិត ង៉ែត ពិសេស ពន្យល់ថា ជំងឺទាំងនោះរួមមាន ជំងឺខាន់លឿង ជំងឺហូរឈាមក្នុងខួរក្បាលពេលកុមារទើបកើត ជំងឺផ្សិត ជំងឺមហារីកគ្រាប់ភ្នែក មហារីកគ្រាប់ឈាម និងការលូតលាត់របស់កុមារ។

 
ថ្លែងក្នុងពិធីបើកសន្និសីទនាព្រឹកថ្ងៃទី១២ វិច្ឆិកា នាសណ្ឋាគារ សុខាសៀមរាប នាយកមន្ទីរពេទ្យកុមារអង្គរ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្ដា បានឱ្យដឹងថា មន្ទីរពេទ្យបានចាប់ផ្តើមរៀបចំសន្និសីទប្រចាំឆ្នាំទាក់ទងនឹងជំងឺកុមារជាលើកទី១ នៅឆ្នាំ២០១៧ ហើយមកដល់ពេលនេះមានចំនួន៦លើកហើយ។ គោលបំណងសម្រាប់សន្និសីទលើកទី៦ គឺដើម្បីចែករំលែកបទពិសោធន៍ទាក់ទងនឹងសារសំខាន់នៃការធ្វើតេស្តមីក្រូជីវសាស្រ្ដឱ្យបានទាន់ពេលវលា និងត្រឹមត្រូវ, ពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពរបស់គ្រូពេទ្យក្នុងការស្គាល់ ធ្វើរោគវិនិច្ឆ័យ ព្យាបាល និងបញ្ជូនជំងឺទារកទូទៅ ដូចជាជំងឺខាន់លឿង និងកង្វះអុកស៊ីសែន ដែលអាចបណ្ដាលឱ្យមានអត្រាមរណភាពខ្ពស់ ឬផលវិបាកពេញមួយជីវិត។
 
ក្រៅពីនេះ វាគ្មិនជាគ្រូពេទ្យជំនាញក៏នឹងចែករំលែកបទពិសោធន៍ជុំវិញជំងឺមហារីកកុមារ និងការប្រើប្រាស់ឧបករណ៍កំណត់លាងឈាម និងការប្រើប្រាស់បន្ទប់សង្រ្គោះបន្ទាន់ ជំងឺធ្ងន់ និងការធ្វើរោគវិនិច្ឆ័យ។ល។ លោក ងួន ច័ន្ទភក្រ្ដា បន្ថែម។
 
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ មានសុទិដ្ឋិនិយមថា សន្និសីទនៅពេលនេះមានសារសំខាន់បំផុតក្នុងការកសាង និងអភិវឌ្ឍន៍ចំណេះដឹងផ្នែកធនធានមនុស្សដ៏ល្អប្រកបដោយគុណភាព និងគុណធម៌ ដើម្បីការអភិវឌ្ឍអង្គភាព ស្ថាប័ន និងសង្គមជាតិ។ 

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប

លោកបន្ថែមថា សន្និសីទនេះបង្ហាញពីការចូលរួមចំណែកលើកស្ទួយប្រព័ន្ធសុខាភិបាលតាមរយៈការចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់សិក្ខាកាម ដើម្បីយកទៅអនុវត្ត និងចែករំលែកបន្ត ក្នុងបុព្វហេតុពង្រឹង និងបង្កើនគុណភាពព្យាបាលជំងឺតាមមន្ទីរពេទ្យ និងស្ថាប័នរៀងៗខ្លួន៕


 

Tag:
 ជំងឺកុមារ
  មន្ទីរពេទ្យកុមារអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com