ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Toyota Tsusho Corporation​ ចុះ MOU ដ៏មានសារៈសំខាន់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ បន្ទាប់ពីបាន​បង្កើត​ក្រុមហ៊ុន​ដំឡើង​រថយន្តរបស់ខ្លួន
12, Nov 2022 , 5:14 pm        
រូបភាព
ដោយ: ថ្មីៗ
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុង​ជំនួប​ទ្វេភាគីរវាង​រដ្ឋាភិបាលកម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន​ ក្រុម​ហ៊ុន Toyota Tsusho​ បាន​ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា។ អនុស្សរណៈ​យោគយល់​​គ្នានេះ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​និង​លោក​ Toshimitsu Imai ជាអនុប្រធាន​ក្រុម​ហ៊ុន​ Toyota Tsusho ។ ពិធីចុះហត្ថលេខានេះ​ ត្រូវ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា និង​នាយករដ្ឋមន្ត្រីនៃប្រទេស​ជប៉ុន លោក​ Fumio Kishida។ ពិធីនេះ​ក៏ជាផ្នែក​មួយ ​នៃ កិច្ចប្រជុំកំពូល​អាស៊ាន លើកទី៤០-៤១ និង​កិច្ចប្រជុំកំពូលពាក់ព័ន្ធ ធ្វើឡើង​នៅរាជធានីភ្នំពេញ ចាប់​ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
 
គូភាគីមាន​គោលបំណង ​បង្កើត​កិច្ច​សហប្រតិបត្តិការ​ដ៏មាន​សារសំខាន់​ សម្រាប់ការអភិវឌ្ឍន៍ ឧស្សាហកម្ម​យានយន្ត​​ នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះបន្ទាប់​ពីចុះហត្ថលេខា​លើអនុស្សរណៈយោគយល់គ្នានេះ​ ក្រុមហ៊ុន Toyota Tsusho នឹងចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍន៍​របស់​កម្ពុជា​ ក្នុង​វិស័យឧស្សាហកម្ម​យានយន្ត សេដ្ឋកិច្ច​ និង​សង្គម​។​
 
ពិធីចុះហត្ថលេខានេះ​ធ្វើឡើង​ មិន​យូរប៉ុន្មាន​បន្ទាប់​ពី​ក្រុម​ហ៊ុន​ Toyota Tsusho បាន​បង្កើត​ក្រុម​ហ៊ុន​ដំឡើង​រថយន្ត​ថ្មីមួយ​ មាន​ឈ្មោះថា​ Toyota Tsusho Manufacturing (Cambodia) Co., Ltd. (“TTMC”) នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​ កាលពីខែសីហា ឆ្នាំ២០២២។ ក្រុម​ហ៊ុន​ថ្មី​នេះមានទុនវិនិយោគ​ ប្រមាណ៣៦,៨លាន​ដុល្លារ​សហរដ្ឋអាម៉េរិក មាន​ទីតាំង​ នៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ភ្នំពេញ។ ក្រុមហ៊ុន​នឹង​ដំឡើង​រថយន្ត​ប្រភេទ Pick-up​ និង SUV ដូចជា TOYOTA HILUX និង TOYOTA FORTUNER។
 
គួរកត់សម្គាល់ផងដែរ​ថា ក្រុម​ហ៊ុន​ Toyota Tsusho គឺជាក្រុម​ហ៊ុន​មេរបស់​ក្រុមហ៊ុន​ Toyota Cambodia Co., Ltd. និង​ជាអ្នកចែកចាយ​ផ្តាច់​មុខ​នៃ​រថយន្ត​ TOYOTA ដែលជាម៉ាករថយន្ត​ឈានមុខ​គេ​នៅកម្ពុជា៕








 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com