អន្តរជាតិ
តួកគី៖ យ៉ាងតិច៨នាក់ស្លាប់ និង៨១នាក់រងរបួសក្នុងការវាយប្រហារដែលសង្ស័យជាភេរវកម្ម
14, Nov 2022 , 3:29 pm        
រូបភាព
អ្នកសម្អាតកំពុងបោចបំណែកកញ្ចក់ដែលត្រូវបំផ្លាញដោយការបំផ្ទុះគ្រាប់បែកនៅតួកគី។ រូបថត AFP
អ្នកសម្អាតកំពុងបោចបំណែកកញ្ចក់ដែលត្រូវបំផ្លាញដោយការបំផ្ទុះគ្រាប់បែកនៅតួកគី។ រូបថត AFP
ដោយ:
ហេតុការណ៍បំផ្ទុះគ្រាប់បែកនៅកណ្តាលក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃទី១៣ ខែវិច្ឆិកា សម្លាប់មនុស្សយ៉ាងតិចប្រាំបីនាក់ ខណៈ៨១នាក់ទៀតរងរបួស។ តាមការបញ្ជាក់របស់រដ្ឋមន្រ្តីមហាផ្ទៃតួកគី Suleyman Soylu ប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋតូកគី Anadolu នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា អាជ្ញាធរបានចាប់ខ្លួនបុគ្គលម្នាក់ដែលទុកគ្រាប់បែកឱ្យផ្ទុះនៅលើផ្លូវ Istiklal នេះហើយ។

 
តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយតួកគី ការបំផ្ទុះនេះកើតឡើងប្រហែលជាម៉ោង ៤និង២០នាទីល្ងាច (ម៉ោងនៅតួកគី) ដែលខ្ចាយកម្ទេចកម្ទីទៅក្នុងអាកាស ហើយបណ្តាលឱ្យមនុស្សជាច្រើនដេកដួលលើដីនៅផ្លូវថ្មើរជើង Istiklal ដ៏មមាញឹកនាកណ្តាលក្រុងអ៊ីស្តង់ប៊ុល។ 
 
«វានឹងខុសដែលនិយាយយ៉ាងច្បាស់ថា នេះជាការវាយប្រហារភេរវករ ប៉ុន្តែតាមការវិវឌ្ឍ និងការស៊ើបអង្កេតដំបូងពីអភិបាលរបស់ខ្ញុំគឺថា វាទំនងជាភេរវកម្ម»។ ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ ប្រាប់សន្និសីទកាសែតបែបនេះនៅថ្ងៃទី១៣ ខែវិច្ឆិកា មុនហោះទៅឥណ្ឌូណេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20)។ 
 
បើតាមលោក អ៊ែដូហ្កាន់ កិច្ចប្រឹងប្រែងដើម្បីកម្ចាត់តួកគី និងប្រជាជនតួកគីតាមរយៈភេរវកម្មនឹងបរាជ័យនៅថ្ងៃនេះដូចដែលពេលព្យាយាមកន្លងមក ក៏ដូចជានៅថ្ងៃខាងមុខទៀតដែរ។ លោក ព្រមទាំងធានាដល់ប្រជាជនទៀតដែរថា អ្នកទោសនឹងត្រូវផ្តន្ទាទោសតាមអ្វីដែលសមទទួល។ 
 
ក្រោយនេះបន្តិច បើតាមអនុប្រធានាធិបតីតួកគី Fuat Oktay លោកប៉ាន់ស្មានថា អ្នកដែលនៅពីក្រោយការវាយប្រហារភេរវកម្មនេះទំនងជាស្រ្តី។ រដ្ឋមន្រ្តីយុត្តិធម៌តួកគី លោក Bekir Bozdag បញ្ជាក់ក្នុងទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu ថា ស្រី្តម្នាក់អង្គុយលើកៅអីជាង៤០នាទីមុនការបំផ្ទុះប៉ុន្មាននាទី ហើយបន្ថែមថាគ្រាប់បែកនោះអាចជាត្រូវបានកំណត់នាទី ឬបញ្ជាពីចម្ងាយ។ 
 
ដោយមិនបញ្ជាក់ថាបុរស ឬស្រី រដ្ឋមន្រ្តីមហាផ្ទៃតួកគី Suleyman Soylu ប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋតូកគី Anadolu នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា អាជ្ញាធរបានចាប់ខ្លួនបុគ្គលម្នាក់ដែលទុកគ្រាប់បែកឱ្យផ្ទុះនៅលើផ្លូវ Istiklal នេះហើយ។ លោក Soylu បន្ថែមថា ការបញ្ជាឱ្យមានការវាយប្រហារភេរវកម្មនេះចេញពីតំបន់ Ayn al-Arab នៅភាគខាងត្បូងស៊ីរីដែលបក្សពលករឃើដ និងអង្គភាពការពារប្រជាជនមានទីស្នាក់ការនៅទីនោះ។ 
 
ក្នុងយុទ្ធនាការជាង៣៥ឆ្នាំប្រឆាំងតួកគី បក្សពលករឃើដត្រូវបានតួកគី សហភាពអឺរ៉ុប និងអាម៉េរិកចាត់ទុកជាអង្គការភេរវករដែលទទួលខុសត្រូវចំពោះការសម្លាប់មនុស្សជាង ៤ម៉ឺននាក់។ រីឯ អង្គភាពការពារប្រជាជន ឬYPG គឺជាមែកធាងរបស់ក្រុមភេរវករនេះនៅស៊ីរី៕ 
 
 
 
 
 
 

Tag:
 តួកគី
  ស៊ីរី
© រក្សាសិទ្ធិដោយ thmeythmey.com