អន្តរជាតិ
អាម៉េរិក និងកូរ៉េខាងត្បូង ប្តេជ្ញាប្រើកងកម្លាំងឆ្លើយតបឱ្យចាស់ដៃ បើកូរ៉េខាងជើងប្រើអាវុធនុយក្លេអ៊ែរ
14, Nov 2022 , 9:29 pm        
រូបភាព
ដោយ:
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល និងសមភាគីអាម៉េរិក លោក ចូ បៃដិន នៅថ្ងៃទី១៣ ខែវិច្ឆិកា ព្រមានថា ប្រទេសទាំងពីរនឹងឆ្លើយតបយ៉ាងចាស់ដៃដោយប្រើកម្លាំងយោធាជាមួយមធ្យោបាយដែលមានគ្រប់់បែបយ៉ាងប្រឆាំងកូរ៉េខាងជើង បើប្រទេសមួយនេះប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។

 
ការព្រមព្រៀងពាក់ព័ន្ធនឹងការឆ្លើយតបរួមគ្នារវាងប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល និងសមភាគីអាម៉េរិក លោក ចូ បៃដិន ធ្វើឡើងក្នុងជំនួបមួយទល់មួយក្រៅកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងភ្នំពេញនាថ្ងៃទី១៣ ខែវិច្ឆិកា។ 
 
«មេដឹកនាំទាំងពីរចែករំលែកពីការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញទង្វើបង្ករឿងដ៏គឃ្លើនមិនធ្លាប់មានពីមុនមករបស់កូរ៉េខាងជើង ហើយព្រមព្រៀងគ្នារក្សា និងបន្តពង្រឹងការសម្របសម្រួល ក៏ដូចជាជំហរការពាររួមគ្នាយ៉ាងមាំទាំរវាងកូរ៉េខាងត្បូង និងអាម៉េរិក»។ សេចក្តីប្រកាសព័ត៌មានដែលចេញដោយការិយាល័យលោក យូន បញ្ជាក់បែបនេះ។ 
 
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា លោក យូន និងលោក បៃដិន ព្រមទាំងបានបញ្ជាក់ជាថ្មីថានឹងឆ្លើយតបដោយកម្លាំងដ៏ខ្លាំងក្លា បើក្រុងព្យុងយ៉ាងប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងទម្រង់ណាមួយ។ ប្រធានាធិបតីកូរ៉េខាងត្បូងក៏បានស្នើឱ្យអាម៉េរិកបន្តបង្កើនការប្តេជ្ញាលើការការពារចំពោះកូរ៉េខាងត្បូងប្រឆាំងនឹងសមត្ថភាពនុយក្លេអ៊ែរកំពុងកើនឡើងរបស់កូរ៉េខាងជើងផងដែរ។ 
 
សូមបញ្ជាក់ថា ស្ថានភាពនៅឧបទ្វីបកូរ៉េបច្ចុប្បន្នកំពុងតានតឹងយ៉ាងខ្លាំង បន្ទាប់ពីកូរ៉េខាងជើងតេស្តមីស៊ីលជាច្រើនគ្រាប់ប៉ុន្មានសប្តាហ៍មុន ដោយមានមួយគ្រាប់ជាមីស៊ីលបាលីស្ទិកអន្តរទ្វីបផងដែរដើម្បីព្រមានដល់សមយុទ្ធយោធារួមគ្នារបស់អាម៉េរិក និងកូរ៉េខាងត្បូង។ កាលពីខែមុន កូរ៉េខាងជើងក៏បានធ្វើសមយុទ្ធយោធា រួមមានធ្វើប្រតិបត្តិការនុយក្លេអ៊ែរយុទ្ធសាស្រ្តដោយក្លែងប្រើមីស៊ីលនុយក្លេអ៊ែរវាយប្រហារអាកាសយានដ្ឋានកូរ៉េខាងត្បូង។
 
មេដឹកនាំអាម៉េរិក និងកូរ៉េខាងត្បូង ក៏ជួបជាមួយមេដឹកនាំជប៉ុនផងដែរនៅកម្ពុជា ដោយមេដឹកនាំទាំងបី ប្រកាសជំហររួមគ្នាលើការឆ្លើយតបទង្វើបង្ករឿងរបស់កូរ៉េខាងជើង៕
 
 
 
 
 
​ 
 

Tag:
 អាម៉េរិក
  កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com