អន្តរជាតិ
អាម៉េរិក និងឥណ្ឌូណេស៊ី នឹងបង្ហាញភាពជាដៃគូថ្មីមួយនៅជំនួប G20
14, Nov 2022 , 5:59 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅកោះបាលី។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅកោះបាលី។ រូបថត AFP
ដោយ:
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ និងសមភាគីអាម៉េរិក ចូ បៃដិន នៅថ្ងៃទី១៤ ខែវិច្ឆិកាជួបជជែកគ្នានៅកោះបាលីពីសារសំខាន់នៃទំនាក់ទំនងយុទ្ធសាស្រ្តរបស់ប្រទេសទាំងពីរ។ ជាមួយគ្នានេះ ប្រទេសទាំងពីរនៅថ្ងៃទី១៥ ខែវិច្ឆិកា នឹងសម្រេចបានភាពជាដៃគូថ្មីមួយជាផ្លូវការដែលផ្តោតលើការគាំទ្រឥណ្ឌូណេស៊ីក្នុងការឈានទៅរកថាមពលស្អាត។

 
មុនកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០(G20)នៅឥណ្ឌូណេស៊ី ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅថ្ងៃទី១៤ ខែវិច្ឆិកាជួបទ្វេភាគីជាមួយសមភាគីអាម៉េរិកលោក ចូ បៃដិន។ លោក វីដូដូ ដែលជាម្ចាស់ផ្ទះរៀបចំជំនួបកំពូល G20 លើកឡើងថា លោកអរគុណចំពោះការគាំទ្រ និងវត្តមានរបស់សមភាគីអាម៉េរិកក្នុងជំនួបកំពូលនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកានេះ។
 
ដោយហៅឥណ្ឌូណេស៊ីជាដៃគូដ៏សំខាន់ និងរស់រវើក លោក បៃដិន បញ្ជាក់ថា ប្រទេសទាំងពីរត្រូវតែធ្វើការរួមគ្នាដើម្បីសម្រេចបានអនាគតដ៏ល្អប្រសើរ។ មេដឹកនាំអាម៉េរិករូបនេះក៏បានប្រកាសដែរថា សេចក្តីលម្អិតនៃភាពជាដៃគូថ្មីរវាងប្រទេសទាំងពីរនឹងត្រូវបានបង្ហាញនៅថ្ងៃទី១៥ ខែវិច្ឆិកា។ 
 
«ថ្ងៃស្អែក យើងនឹងបង្កើតភាពជាដៃគូវិវឌ្ឍថ្មីដើម្បីគាំទ្រការផ្លាស់ប្តូរទៅរកថាមពលស្អាតរបស់ឥណ្ឌូណេស៊ី»។ នេះបើតាមការបញ្ជាក់របស់លោក បៃដិន ក្នុងសេចក្តីប្រកាសរបស់សេតវិមាន។ 
 
ក្រៅពីនេះ តាមរយៈទីភ្នាក់ងារជំនួយបរទេស Millennium Challenge Corporation ដែលបង្កើតដោយអាម៉េរិក លុយជិត ៧០០ លានដុល្លារនឹងត្រូវបានវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនដែលមានគុណភាពខ្ពស់នៅឥណ្ឌូណេស៊ី។
 
ទន្ទឹមនេះ មេដឹកនាំទាំងពីរក៏បានពិភាក្សាពីប្រធានផ្លាស់វេនឥណ្ឌូណេស៊ីដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៣នេះផងដែរ។ ដូចដែលបានលើកឡើងអំឡុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអាស៊ាន លោក បៃដិន បញ្ជាក់ជាថ្មីពីការប្តេជ្ញារបស់អាម៉េរិកចំពោះមជ្ឈភាពអាស៊ាន និងគាំទ្រទស្សនវិស័យអាស៊ានលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
 
ទាក់ទងនឹងជំនួបកំពូល G20 វិញ ប្រធានាធិបតីឥណ្ឌូណេស៊ីដែលត្រូវបានស្គាល់ថា លោក ចូកូវី បង្ហាញក្តីសង្ឃឹមថា កិច្ចប្រជុំកំពូលនេះអាចសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការជាក់ស្តែង និងអាចជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ 
 
សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់ដឹកនាំ G20 ធ្វើឡើងដើម្បីពិភាក្សាពីដំណោះស្រាយបញ្ហាសេដ្ឋកិច្ចដែលពិភពលោកកំពុងប្រឈម ខណៈសង្រ្គាមនៅអ៊ុយក្រែន និងភាពតានតឹងរវាងប្រទេស និងប្រទេសធ្វើឱ្យជំនួប G20 ពិបាករកចំណុចរួម។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 កន្លងមកមិនបានចេញសេចក្តីថ្លែងការណ៍រួមទេ ហើយថែមទាំងមានរដ្ឋមន្រ្តីដើរចេញអំឡុងកិច្ចប្រជុំទៀតផង៕
 
 

Tag:
 អាម៉េរិក
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com