អន្តរជាតិ
អាល្លឺម៉ង់ ចង់បង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយអាស៊ានឱ្យកាន់តែជិតស្និទ្ធ
15, Nov 2022 , 8:29 am        
រូបភាព
 អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល ។ រូបថត Xinhua
អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល ។ រូបថត Xinhua
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល នៅថ្ងៃទី១៤ ខែវិច្ឆិកា បានលើកឡើងថា អាល្លឺម៉ង់ចង់បង្កើនទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅជាមួយប្រទេសសមាជិកអាស៊ាន។ លើសពីនេះ លោក ស្ហូល ជំរុញអឺរ៉ុបឱ្យពង្រីកកិច្ចសហប្រតិបត្តិការផ្សេងៗជាមួយអាស៊ានផងដែរ។



នាកិច្ចប្រជុំថ្នាក់ដឹកនាំធុរកិច្ចសិង្ហបុរី ថ្ងៃទី១៤ ខែវិច្ឆិកា អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល បានថ្លែងពីចំណាប់អារម្មណ៍ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសអាស៊ាន ហើយព្រមទាំងអំពាវនាវឱ្យអឺរ៉ុបខិតខំបង្កើនកិច្ចសហប្រតិបត្តិការជាមួយតំបន់នេះឱ្យកាន់តែជិតស្និទ្ធ។ 
 
«អាល្លឺម៉ង់ចាប់អារម្មណ៍យ៉ាងខ្លាំងលើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយជាមួយតំបន់របស់អ្នក»។ លោក ស្ហូល លើកឡើងបែបនេះក្នុងសុន្ទរកថានៃកិច្ចប្រជុំនៅសិង្ហបុរី។ អធិការបតីរូបនេះបន្ថែមថា ទីក្រុងបែរឡាំង ចង់​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ចតាមរយៈការផ្តល់ឱកាសសម្រាប់ប្រទេសនានាវិនិយោគជាមួយខ្លួន ជំនួសការវិនិយោគជាមួយចិន។ 
 
ការធ្វើបែបនេះមានបំណងការពារមិនឱ្យទីក្រុងប៉េកាំងមានឥទ្ធិពលនយោបាយបន្ថែមទៀត និងមិនឱ្យមានសកម្មភាពចូលរួមកាន់តែច្រើននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ខណៈមានការព្រួយបារម្ភអំពីមហិច្ឆតាគ្រប់គ្រងទឹកដីរបស់ប្រទេសកុម្មុយនីស្តមួយនេះ។ 
 
ស្របគ្នានេះ លោក ស្ហូល សង្ឃឹមថាដំណើរការចរចាពាណិជ្ជកម្មរបស់អឺរ៉ុបជាមួយអូស្ត្រាលី ឥណ្ឌា និងឥណ្ឌូណេស៊ី វិវត្តទៅឆាប់រហ័ស ហើយអឺរ៉ុបនៅតែបើកចំហចំពោះកិច្ចព្រមព្រៀងថ្មីៗលើសពីនោះ។ 
 
កិច្ចសហប្រតិបត្តិការស៊ីជម្រៅគឺមានសារសំខាន់ណាស់ ពីព្រោះស្ថានភាពភូមិសាស្ត្រនយោបាយកំពុងផ្លាស់ប្តូរ។ អធិការបតីអាល្លឺម៉ង់លើកឡើងដូច្នេះជាមួយការចង្អុលបង្ហាញអំពីការផ្លាស់ប្តូរស្ថានភាពភូមិសាស្ត្រនយោបាយទាក់ទងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន រួមទាំងការកើនឡើងអំណាចគ្រប់គ្រងរបស់ចិន។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters អាល្លឺម៉ង់ចង់បង្កើនទំនាក់ទំនងពាណិជ្ជកម្មចម្រុះក្នុងតំបន់អាស៊ីទាំងមូល ដែលជាតំបន់មានសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោក។ នេះដោយសារអាល្លឺម៉ង់ចង់កាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចលើចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ខ្លួន។ បំណងកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចលើចិន កើតឡើងបន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន បង្កបញ្ហាជុំវិញការផ្គត់ផ្គង់ថាមពលទៅឱ្យអឺរ៉ុប។ វាបានក្លាយជាគំរូបង្ហាញពីហានិភ័យនៃការពឹងផ្អែកលើរដ្ឋណាមួយខ្លាំងពេក។ 
 
គួរបញ្ជាក់ថា បន្ទាប់ពីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំធុរកិច្ចនៅសិង្ហបុរី អធិការបតីអាល្លឺម៉ង់ នឹងបន្តដំណើរទៅឥណ្ឌូណេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20)៕
 

Tag:
 អាល្លឺម៉ង់
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com