អន្តរជាតិ
អនុប្រធានាធិបតីអាម៉េរិក នឹងធ្វើទស្សនកិច្ចនៅហ្វីលីពីន ពិភាក្សាពីបញ្ហាសមុទ្រចិនខាងត្បូង
16, Nov 2022 , 8:29 pm        
រូបភាព
អនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស។ រូបថត Xinhua
អនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស។ រូបថត Xinhua
មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាម៉េរិកមួយរូប នៅថ្ងៃទី១៥ ខែវិច្ឆិកា អះអាងថា អនុប្រធានាធិបតីអាម៉េរិក លោកស្រី កា​ម៉ា​ឡា ហារី​ស នឹងទៅធ្វើទស្សនកិច្ចកោះ Palawan របស់ហ្វីលីពីនដែលនៅជាប់សមុទ្រចិនខាងត្បូងនៅថ្ងៃទី២២ ខែវិច្ឆិកា។ ការធ្វើទស្សនកិច្ចរបស់អនុប្រធានាធិបតីអាម៉េរិកក្នុងតំបន់មានជម្លោះជាមួយចិន នឹងអាចនាំឱ្យមានការរិះគន់ពីទីក្រុងប៉េកាំង។



ដំណើរ​ទស្សនកិច្ចរបស់អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉េឡា ហារីស ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី២២ ខែវិច្ឆិកា ​​ត្រូវបានចាត់ទុកជាដំណើរបស់មន្ត្រី​អាម៉េរិក​លំដាប់​ខ្ពស់​បំផុត​នៅលើកោះ Palawan របស់ហ្វីលីពីន។ នាកោះ Palawan លោកស្រី ហារីស នឹងជួបជាមួយអ្នកស្រុករស់នៅទីនោះ មេដឹកនាំសង្គមស៊ីវិល និងតំណាងឆ្មាំឆ្នេរសមុទ្រហ្វីលីពីន។ នេះបើតាមការលើកឡើងរបស់មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាម៉េរិកមួយរូបនៅថ្ងៃទី១៥ ខែវិច្ឆិកា។
 
«ទស្សនកិច្ចនេះនឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលអាម៉េរិក ដែលឈរជាមួយសម្ពន្ធមិត្តហ្វីលីពីនរបស់យើង ដើម្បីរក្សាសណ្តាប់ធ្នាប់ដែនសមុទ្រអន្តរជាតិដែលផ្អែកលើច្បាប់នៅសមុទ្រចិនខាងត្បូង គាំទ្រដល់ការចិញ្ចឹមជីវិតតាមសមុទ្រ និងប្រឆាំងការនេសាទខុសច្បាប់ គ្មានការគ្រប់គ្រង និងមិនមានការរាយការណ៍»។ ប្រភពដដែលលើកឡើងបែបនេះ។
 
កោះ Palawan ស្ថិតក្បែរកោះ Spratlys បំផុតក្នុងដែនសមុទ្រចិនខាងត្បូង ខណៈវាជាកោះស្ថិតក្រោមវិវាទដ៏តានតឹងរវាងចិន ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី វៀតណាម និងព្រុយណេ។ ​ចិន​បាន​បូម​ខ្សាច់​បាត​សមុទ្រ​ដើម្បី​សាងសង់​កំពង់ផែ និង​ផ្លូវចុះយន្តហោះនៅ​លើ​កោះ Spratlys។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
កន្លងមក ទីក្រុងប៉េកាំងបានទាមទារទឹកដីមួយចំនួននៅលើកោះ Palawan និងកោះភាគច្រើនក្នុងសមុទ្រចិនខាងត្បូង ដោយលើកឡើងតាមព័ស្ដុតាងផែនទីប្រវត្តិសាស្ត្រក្នុងស្រុក។ ទោះយ៉ាងណាក៏ដោយ សេចក្ដីសម្រេចតុលាការអន្តរជាតិឆ្នាំ២០១៦ បានលើកឡើងថា ​ការទាមទារ​ទឹកដីរបស់​ទីក្រុង​ប៉េកាំង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរតែ​ទាំងស្រុង​ ​គ្មាន​មូលដ្ឋានច្បាស់លាស់​។ 
 
សមុទ្រចិនខាងត្បូង មានធនធានមហាសាល ពិសេសប្រេង និងឧស្ម័ន និងជាផ្លូវដឹកជញ្ជូនដ៏សំខាន់ដែរ។ ក្រៅពីចិន និងហ្វីលីពីន ដែនសមុទ្រចិនខាងត្បូងមាន​ភាគីវិវាទផ្សេងទៀតដូចជា​ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និង​វៀតណាម​ផងដែរ។
 
ហ្វីលីពីន ជាសម្ព័ន្ធមិត្តការពារជាតិអាម៉េរិក ប៉ុន្តែក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូទើតេ ហ្វីលីពីនមិនបានរិះគន់ទីក្រុងប៉េកាំងឡើយជុំវិញវិវាទសមុទ្រចិនខាងត្បូង ខណៈសម្លឹងឃើញការវិនិយោគរបស់ចិន។
 
គួរបញ្ជាក់ថា អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស នឹងពិភាក្សាអំពីបញ្ហាមីយ៉ាន់ម៉ា សន្តិសុខក្នុងតំបន់ ទំនាក់ទំនងសេដ្ឋកិច្ច និងវិបត្តិអាកាសធាតុ អំឡុងដំណើរទស្សនកិច្ចទៅកាន់អាស៊ីដែលចាប់ផ្តើមក្នុងសប្តាហ៍នេះ មុនទៅដល់ហ្វីលីពីន។ លោកស្រី ហារីស នឹងជួបជាមួយនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១៩ ខែវិច្ឆិកា នៅទីក្រុងបាងកក ដែលជាកន្លែងប្រារព្ធកិច្ចប្រជុំមេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec)៕ 
 

Tag:
 អាម៉េរិក
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com