អន្តរជាតិ
អ្នកការទូតអូស្ត្រាលី៖ គ្មានការផ្លាស់ប្ដូរគោលនយោបាយការពារជាតិឡើយ ក្រោយជួបមេដឹកនាំចិន
16, Nov 2022 , 4:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីអូស្ត្រាលី អាន់ថូនី អាល់បានីស ចាប់ដៃប្រធានាធិបតីចិន ស៊ី ជិនភីង នាជំនួបនៅឥណ្ឌូណេស៊ី។ រូបថត Xinhua
នាយករដ្ឋមន្រ្តីអូស្ត្រាលី អាន់ថូនី អាល់បានីស ចាប់ដៃប្រធានាធិបតីចិន ស៊ី ជិនភីង នាជំនួបនៅឥណ្ឌូណេស៊ី។ រូបថត Xinhua
អ្នកការទូតអូស្ត្រាលី លោក Arthur Sinodinos នៅថ្ងៃទី១៥ ខែវិច្ឆិកា លើកឡើងថា ជំនួបរវាងនាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់ថូនី អាល់បានីស និងប្រធានាធិបតីចិន ស៊ី ជិនភីង មិននាំឱ្យមានការផ្លាស់ប្ដូរគោលនយោបាយពាក់ព័ន្ធយុទ្ធសាស្ត្រការពារជាតិរបស់អូស្ត្រាលីឡើយ។



នាកម្មវិធីមួយក្នុងវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាម៉េរិក លោក Arthur Sinodinos លើកឡើងពីជំនួបទ្វេភាគីមេដឹកនាំអូស្ត្រាលីនិងចិន នៅឥណ្ឌូណេស៊ី។ លោក Sinodinos អះអាងថា ជំនួបទ្វេភាគីជាជំហានឆ្ពោះទៅរកការសម្រួលទំនាក់ទំនងរវាងអូស្ត្រាលី និងចិនឱ្យមានមានលក្ខណៈធម្មតាឡើងវិញ បន្ទាប់ពីប្រទេសទាំងពីរផ្អាកទំនាក់ទំនងការទូតជាច្រើនឆ្នាំ។ 
 
យ៉ាងណាមិញ លោក Sinodinos បញ្ជាក់ថា ជំនួបនេះមិនបាននាំឱ្យមានការផ្លាស់ប្តូរគោលនយោបាយការពារជាតិរបស់ទីក្រុងកង់បេរ៉ាឡើយ ហើយបំណងអូស្ត្រាលីដែលចង់ឱ្យទំនាក់ទំនងខ្លួនជាមួយចិនមានភាពធម្មតានោះ ផ្ដោតលើវិស័យពាណិជ្ជកម្មប៉ុណ្ណោះ។
 
បើតាមលោក Arthur Sinodinos ទីក្រុងកង់បេរ៉ាចង់កាត់បន្ថយភាពតានតឹងក្នុងទំនាក់ទំនងជាមួយចិន បន្ទាប់ពីបានដោះស្រាយបញ្ហាទណ្ឌកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ចិនមកលើខ្លួន។ អូស្ត្រាលីកន្លងមក​បាន​ស្នើ​ឱ្យ​ចិន​ដក​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ដែល​បាន​ដាក់​លើ​ការ​នាំ​ចេញ​ក្នុងវិស័យកសិកម្ម និង​ការនាំចេញរ៉ែ​។ តែទោះយ៉ាងណា រដ្ឋមន្ត្រីការពារជាតិ Richard Marles អះអាងថាអូស្ត្រាលីនឹងមិនជ្រើសរើសរវាងទំនាក់ទំនងការទូត និងការការពារជាតិឡើយ។
 
គួររំលឹកថា មេដឹកនាំអូស្ត្រាលីនិងចិន នៅថ្ងៃទី១៥ ខែវិច្ឆិកា បានជួបគ្នាលក្ខណៈទ្វេភាគីរយៈពេល ៣០នាទី នៅក្រៅកិច្ចប្រជុំកំពូលប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20)។ នេះជាជំនួបទ្វេភាគីលើកដំបូងគិតតាំងពីឆ្នាំ ២០១៦។ 
 
ទំនាក់ទំនងអូស្ត្រាលី និងចិន មានភាពល្អក់កករនាប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយចិនដាក់ទណ្ឌកម្មលើការនាំចូលមួយចំនួនពីអូស្ត្រាលី ដើម្បីឆ្លើយតបទៅនឹងរដ្ឋាភិបាលកង់បេរ៉ា ដែលបានអំពាវនាវសហគមន៍អន្តរជាតិស្រាវជ្រាវពីប្រភពនៃកូវីដ-១៩។ លើសពីនេះ អូស្ត្រាលី និងចិនបានប្រជែងគ្នាជុំវិញបញ្ហាសន្តិសុខនៅក្នុងប្រជុំកោះប៉ាស៊ីហ្វិក ខណៈទីក្រុងប៉េកាំងបានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុន៕ 
 

Tag:
 អូស្ត្រាលី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com