អន្តរជាតិ
អ្នកស្រាវជ្រាវអាម៉េរិក៖ ប្រជាជនកូរ៉េខាងជើងប្រើប្រាស់ទូរស័ព្ទដៃនិងបណ្ដាញ WiFi ច្រើនជាងមុន
16, Nov 2022 , 9:29 pm        
រូបភាព
អ្នកស្រាវជ្រាវអាម៉េរិកអះអាងនៅថ្ងៃទី១៥ ខែវិច្ឆិកាថា ប្រជាជនកូរ៉េខាងជើងប្រមាណ៧លាននាក់​ប្រើ​ប្រាស់ទូរស័ព្ទដៃជាប្រចាំ ហើយការប្រើប្រាស់បណ្ដាញWiFiបានកើនឡើងយ៉ាងខ្លាំងក្លាក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយខណៈដែលឧបករណ៍ទំនាក់ទំនងចល័តក្លាយជាមធ្យោបាយសំខាន់​សម្រាប់សកម្មភាព​ទីផ្សារក្នុងប្រទេសឯកោមួយនេះ។

 
អ្នកស្រាវជ្រាវអាម៉េរិក លោក Martyn Williams និងលោកស្រី Natalia Slavney ដែលធ្វើការ​សម្រាប់​កម្មវិធី 38 North របស់ Stimson Center បង្ហាញពីការសិក្សាចុងក្រោយបង្អស់​ពីទំនាក់ទំនង​ឌីជីថលនៅកូរ៉េខាងជើង។ ការសិក្សារកឃើញពីស្ថិរភាពនៃកំណើនចំនួនអ្នកប្រព័ន្ធទូរស័ព្ទនៅប្រទេសនេះ។ ការសិក្សាត្រូវបានពឹងផ្អែកលើរូបភាពផ្កាយរណប និងការស្ទង់មតិលើមនុស្សចំនួន៤០នាក់ដែល​ភៀសខ្លួនពីកូរ៉េខាងជើងចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០២១។
 
«ជាង៩០ភាគរយនៃមនុស្សដែលចូលរួមក្នុងការស្ទង់មតិ បានប្រើប្រាស់​ទូរស័ព្ទយ៉ាងហោច​ណាស់​ជា​រៀងរាល់ថ្ងៃ ហើយការហៅទូរស័ព្ទភាគច្រើនត្រូវបានធ្វើឡើងទៅកាន់​សមាជិកគ្រួសារ និង​ពាណិជ្ជករ​»​។ លោកស្រី Slavney បញ្ជាក់បែបនេះក្នុងសន្និសីទកាសែតមួយ។ 
 
អ្នកស្រាវជ្រាវទាំងពីរក៏បង្ហាញពីផែនទីប៉ាន់ស្មានមួយដែលគ្របដណ្ដប់ដោយបណ្ដាញទូរស័ព្ទ ហើយ​បានកំណត់ពីស្ថានីយ៍មូលដ្ឋាន អង់តែន និងបន្ទះស្រូបពន្លឺព្រះអាទិត្យ។ លោក Williams និយាយថា សេវាទូរស័ព្ទមិនមានត្រឹមតែក្នុងទីក្រុងនោះឡើយ ប៉ុន្តែក៏មាននៅតំបន់ជនបទដាច់ស្រយាលផងដែរ។
 
ទន្ទឹមនេះ លោក Williams អះអាងថា បណ្តាញ WiFi មិនផ្តល់ការចូលប្រើអ៊ីនធឺណិតទេ ប៉ុន្តែផ្តល់​កា​រ​តភ្ជាប់ទៅកាន់សេវាកម្មក្នុងស្រុកជាពិសេសមូលដ្ឋានទិន្នន័យវិទ្យាសាស្ត្រសម្រាប់សហគមន៍ស្រាវជ្រាវ។ បន្ថែមពីនេះ ប្រជាជនកូរ៉េខាងជើងប្រើប្រាស់ទូរស័ព្ទសម្រាប់ការចូលរួមក្នុងសេដ្ឋកិច្ចទីផ្សារ​ឯកជន​ដែលបានក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់មនុស្សជាច្រើន។
 
ខណៈដែលប្រព័ន្ធអ៊ីនធឺណិត 3G ចាប់ផ្ដើមក្នុងឆ្នាំ២០០៨ ចំនួនអ្នកប្រើប្រាស់បានកើនពី៦,៥លា​ន​នាក់ទៅ៧លាននាក់ដែលចំនួននេះច្រើនជាង១ភាគ៤នៃប្រជាជនកូរ៉េខាងជើងទាំង២៥លាន​នាក់៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com