ជាតិ
CMA មិនបារម្ភចំពោះការស៊ើបអង្កេតរបស់សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិឡើយ ជុំវិញបណ្ដឹងពីNGO
16, Nov 2022 , 9:59 pm        
រូបភាព
រូបពី CMA
រូបពី CMA
ភ្នំពេញ៖ ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​ (​CA​O) ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (​IF​C) នឹងបើកការស្រាវជ្រាវលើបណ្ដឹង របស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ និងអង្គការសមធម៌កម្ពុជា ដែលរកឃើញថា ស្ថាប័នហិរញ្ញវត្ថុ៦ រំលោភសិទ្ធិមនុស្ស និងលក្ខខណ្ឌសាជីវកម្មអន្តរជាតិ។ តែយ៉ាងណាសមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) មិនបារម្ភចំពោះការស៊ើបអង្កេតនេះឡើយ។

 
បណ្ដឹងរបស់អង្គការលីកាដូ និងសមធម៌កម្ពុជា ប្ដឹងទៅសាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ បានឈានដល់ការស៊ើបអង្កេត ដែលជាដំណា​ក់កាលនៃការអនុលោមទៅតាមច្បាប់។ ​។ សេចក្ដីថ្លែងការណ៍ រួមរបស់អង្គការលីកាដូ និងសមធម៌កម្ពុជា ចេញថ្ងៃទី១៥វិច្ឆិកា បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «ជំហាន​នេះ មាន​សារៈសំខាន់​ ​ឆ្ពោះទៅ​កាន់​ការស៊ើបអង្កេត​ដ៏​ចាំបាច់​មួយ​ ​ចំពោះ​ការ​រំលោភបំពាន​ជាច្រើន​ឆ្នាំ ទៅ​លើ​ស្ដង់​ដារ​អនុវត្ត​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ពីសំណាក់​ស្ថាប័ន​ផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​កម្ពុជា​»។ 
 
លោកស្រី​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ បានចាត់ទុក​ដំណាក់កាល​អនុលោមច្បាប់ ដែលឈានដល់ការស្រាវជ្រាវរបស់ CAO នេះ ជាដំណើរ​ឆ្ពោះទៅ​កាន់​គណនេយ្យ​ភាព​ ​ក្រោយ​ខ្វះការ​ត្រួតពិនិត្យ​ពីសំណាក់សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ អស់ជាច្រើនឆ្នាំមកនេះ។ 
 
នាយិកាអង្គការលីកាដូររូបនេះ បានសង្កត់ធ្ងន់ថា៖« ប្រជាពលរដ្ឋ​ខ្មែរជាអ្នក​ខ្ចីប្រាក់​ ​កំពុង​រងគ្រោះ​រាល់ថ្ងៃ ដូចបានបង្ហាញនៅក្នុងការសិក្សាស្រាវជ្រាវមួយ ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលអាល្លឺម៉ង់ ដោយរកឃើញថា មានការលក់ដី​ដោយសារ​ការ​ជំពាក់​បំណុល ​​កើតឡើង​នៅ​រៀងរាល់​១​៦​នាទី​ម្ដង នៅក្នុងប្រទេសកម្ពុជា»​។ ​ 
 
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាចំនួន៦ ដែលរងបណ្ដឹងពីសង្គមស៊ីវិល រួមមាន ធនាគារ​អេ​ស៊ី​លីដា​ ​ធនាគារ​ហត្ថា​ ​ធនាគារ​ស្ថាបនា​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អិ​ល​អូ​អិ​ល​ស៊ី​ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់ ។ អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា ប្ដឹងពួកគេពីបទ ជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងបទដ្ឋានសាជីវកម្មអន្តរជាតិ។ ស្ថាប័នទាំង៦នេះ សុទ្ធតែទទួលបាន ជំនួយពីសាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (​IF​C) នាពេលកន្លងមក។ 
 
ជុំវិញករណីនេះ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ (CMA) បានឆ្លើយតបវិញថា CMA ពុំបារម្ភពីការអនុវត្តច្បាប់របស់ ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​ (​CA​O) ឡើយ ។ បើតាមលោក តុងងី CMA រីករាយសហការស្រាជ្រាវលើបណ្ដឹងខាងលើ ដើម្បីរកឲ្យឃើញភាពមិនប្រក្រតី។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី១៦វិច្ឆិកានេះ លោក កាំង តុងងី លើកឡើងយ៉ាងដូច្នេះ៖ «យើងមិនមានអ្វីត្រូវបារម្ភពីការសិក្សាស្រាវជ្រាវរបស់ CAO ទេ យើងស្វាគមន៍ ព្រោះបើស្ថាប័នឯករាជ្យអន្តរជាតិ IFC ជួយស៊ើបបែបនេះ ជារឿងប្រសើរ! ហើយបើរកឃើញគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុណា មានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិជាប្រព័ន្ធមែន! CMA ក៏មិននៅស្ងៀមដែរ គឺមិនអត់ឱនឲ្យដល់គ្រឹស្ថានគ្មានវិជ្ជាជីវៈឡើយ»។ 
 
កន្លងមក CMA ធ្លាប់រកឃើញភាពមិនប្រក្រតីមួយចំនួន ជុំវិញការផ្ដល់កម្ចីខុសវិជ្ជាជីវៈ ។ ប៉ុន្តែបុគ្គលដែលប្រព្រឹត្តខុសនោះ ត្រូវបានចាត់វិធានការតាមផ្លូវច្បាប់ និងបទបញ្ជាផ្ទៃក្នុងរួចហើយ។ នេះបើតាមលោក តុងងី ដោយអះអាងថា ករណីមិនប្រក្រតីទាំងនេះ មិនមានច្រើនឡើយ។ 
 
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ក្រោយសង្គមស៊ីវិលទាំងពីរ ចេញរបាយការណ៍នោះ ស្ថាប័នCMA ក៏បានចុះទៅសិក្សា និងផ្ទៀងផ្ទាត់ក្នុងសហគមន៍ប្រមាណ៤ ដែរ ដោយរកឃើញភាពមិនប្រក្រតី តែ១ទៅ២ករណីប៉ុណ្ណោះ។ លោក តុងងី បានសង្កត់ធ្ងន់ថា របាយកាណ៍សង្គមស៊ីវិលដែលរកឃើញ មានការរំលោភសិទ្ធិមនុស្ស ជុំវិញការផ្ដល់កម្ចីពីគ្រឹស្ថានមីក្រូហិរញ្ញវត្ថុទាំង៦ខាងលើនេះ ពុំមានភាពច្បាស់លាស់ឡើយ។ 
 
តែយ៉ាងណាលោក អំ សំអាត អ្នកនាំពាក្យអង្គការលីកាដូ បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា មុននឹងស្ថាប័នអន្តរជាតិព្រមទទួលពាក្យបណ្ដឹង ហើយឈានដល់ការស៊ើបអង្កេតលើសំណុំរឿងណាមួយ នោះសុទ្ធតែផ្អែកតាមរបាយការណ៍ជាក់លាក់។ ដូច្នេះ ការរកឃើញរបស់សង្គមស៊ីវិលកន្លងមក សុទ្ធតែមានភស្តុតាងគ្រប់គ្រាន់។ 
 
កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា បានប្ដឹងស្ថប័នហិរញ្ញវត្ថុចំនួន៦ ដែល​រំលោភបំពាន​ទៅលើ​ “​បញ្ជី​លើកលែង​” ​របស់ IFC ​ ​ចំពោះ​ការ​ហាមឃាត់​ការ​វិនិយោគ​ទាំងឡាយ​ណា​ ​ដែល​ពាក់ព័ន្ធ​នឹង​​ពលកម្ម​កុមារ​ ​និង​ការរំលោភ​សិទ្ធិ​ដីធ្លី​របស់​ជនជាតិ​ដើម​ភាគតិច​ ដោយ​គ្មាន​ការ​យល់ព្រម​ ​ក៏ដូចជា​ការ​រំលោភបំពាន​ទៅលើ​បទដ្ឋាន​អនុវត្ត​ស្តង់​ដារ​របស់​ IFC៕ 
 

Tag:
 អាជីវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com