ជាតិ
សេដ្ឋកិច្ច
ស្ថាប័នហិរញ្ញវត្ថុ៦ រងបណ្ដឹងរំលោភសិទ្ធិមនុស្ស និងលក្ខខណ្ឌសាជីវកម្មអន្តរជាតិ
04, May 2022 , 6:29 pm        
រូបភាព
រូបពី គេហទំព័រអេស៊ីលីដា
រូបពី គេហទំព័រអេស៊ីលីដា
ភ្នំពេញ៖ ស្ថាប័នហិរញ្ញវត្ថុចំនួន៦ នៅកម្ពុជា រងការរំលោភសិទ្ធិមនុស្ស​ និងបទដ្ឋានសាជីវកម្មអន្តរជាតិ ពីសំណាក់អង្គការសង្គមស៊ីវិល។ ប៉ុន្តែសមាគមមីក្រូហិរញ្ញវត្ថុកម្ពជា អះអាងថា មិនដែលមានករណីរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបទដ្ឋានសាជីវកម្មអន្តរជាតិឡើយ។

 
សង្គមស៊ីវិលចំនួន២ គឺសម្ព័នខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ) និងអង្គការសមធម៌កម្ពុជា ដែលធ្វើជាអ្នកតំណាងឲ្យអ្នករងគ្រោះពីការខ្ចីប្រាក់កម្ចីខ្នាតតូចពីគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារបានដាក់បណ្ដឹងទៅស្ថាប័នឃ្លាំមើលសាជីវកម្មអន្តរជាតិ ដោយប្ដឹងស្ថាប័នហិរញ្ញវត្ថុ ចំនួន៦ ជុំវិញការរំលោភសិទ្ធិមនុស្ស និងលក្ខខណ្ឌសាជីវកម្ម។ ស្ថាប័នឃ្លាំមើលសាជីវកម្ម នឹងពិនិត្យមើលសំណុំរឿង ពាក់ព័ន្ធគម្រោងឥតទានខ្នាតតូចរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលផ្ដល់មកកម្ពុជា តាមពាក្យបណ្ដឹងនេះ។ 
 
សេចក្ដីថ្លែងការណ៍របស់លីកាដូ ដែលចេញថ្ងៃទី៣ ឧសភា បានអះអាងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាទាំង៦ រួមមាន ធនាគារ​អេ​ស៊ី​លីដា​ ​ធនាគារ​ហត្ថា​ ​ធនាគារ​ស្ថាបនា​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អិ​ល​អូ​អិ​ល​ស៊ី​ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់ ជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងបទដ្ឋានសាជីវកម្មអន្តរជាតិ។ សម្ព័នខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ) និងអង្គការសមធម៌កម្ពុជា
 
សេចក្ដីថ្លែងការណ៍ដដែលបានឲ្យដឹងថា ដើមបណ្ដឹងបានអំពាវនាវឲ្យស្ថាប័នឃ្លាំមើលសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បើកការស៊ើបអង្កេតជាបន្ទាន់ ដើម្បីកំណត់ទំហំនៃផលប៉ះពាល់ឲ្យបានលម្អិត និងពិនិត្យវិសាលភាពនៃការរំលោភបំពាន។ ជុំវិញបណ្ដឹងករណីនេះ លោកស្រី ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ បានលើកឡើងថា ម្ចាស់បណ្ដឹងរងគ្រោះដោយសារកម្ចីនៅកម្ពុជាទាំងនេះ ប្រឈមនឹងហានិភ័យ ក្នុងការលាតត្រដាងពីការរំលោភបំពាន ដែលបង្កឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា។ 
 
បើតាមលោកស្រី ណាលី ពីឡូក បណ្ដឹងនេះ សបញ្ជាក់ថា គម្រោងឥណទានខ្នាតតូចរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានរំលោភបំពានដោយផ្ទាល់ ទៅលើលក្ខខណ្ឌនៃបញ្ជីលើកលែងរបស់ខ្លួន ដែលពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិដីធ្លី ពលកម្មកុមារ និងសន្តិសុខសហគមន៍ជាដើម។ 
 
នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ បានសង្កត់ធ្ងន់ថា៖ «ការវិនិយោគប្រកបដោយគ្រោះថ្នាក់ និងខ្វះការចាត់វិធានការចាំបាច់ឲ្យបានគ្រប់ជ្រុងជ្រោយ របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ពាក់ព័ន្ធនឹងគម្រោងកម្ចីឥណទានខ្នាតតូចរបស់ខ្លួន បានបំផ្លិចផ្លាញការរស់នៅ និងខូចខាតដល់សហគមន៍ជាច្រើននៅក្នុងប្រទេស ហើយពួកគេត្រូវតែចាត់វិធានការ ដើម្បីផ្ដល់ការអនុគ្រោះពិតប្រាកដសម្រាប់អ្នកខ្ចីប្រាក់ទាំងនោះ»។ 
 
ពាក់ព័ន្ធនឹងបណ្ដឹងនេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា យល់ថា បើមានរឿងរ៉ាវរំលោភបំពាន ដូចការចោទប្រកាន់មែន នោះស្ថាប័នដែលប្រព្រឹត្តខុស នឹងប្រឈមមុខលើការវិនិយោគខ្លួន ។ 
 
លោក សុខ វឿន បានបន្ថែមថា៖ «ស្ថាប័ន(គ្រឹះស្ថានមីក្រូហិរវត្ថុនិងធនាគារ) ដែលត្រូវបានរកឃើញថា ពិតជាបានរំលោភគោលការណ៍ទាំងនោះ នឹងត្រូវតម្រូវឲ្យកែប្រែ ឬប្រឈមនឹងការដកទុនវិនិយោគចេញពី សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ»។ 
 
ស្ថាប័នឃ្លាំមើលសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ មានកាតព្វកិច្ចទទួលពាក្យបណ្ដឹង ដែលពាក់ព័ន្ធនឹងការវិនិយោគរបស់ខ្លួន ដើម្បីត្រួតពិនិត្យទាំងផលវិជ្ជមាន និងអវិជ្ជមានលើគម្រោងវិនិយោគរបស់ពួកគេ។ 
 
តែយ៉ាងណាលោក សុខ វឿន អះអាងថា ខាងសមាគមហិរញ្ញវត្ថុ មិនដែលរកឃើញករណីដូចការចោទប្រកាន់នៃពាក្យបណ្ដឹងរបស់សង្គមស៊ីវិលទាំងពីរឡើយ។ បើតាមលោក សុខ វឿន ប្រព័ន្ធនៃការផ្ដល់កម្ចីនៅកម្ពុជា មានស្ដង់ដារខ្ពស់ និងមានការទទួលស្គាល់ពីអន្តរជាតិ។ 
 
«ស្ថាប័នទាំង៦ ដែលបានរងការចោទប្រកាន់ សុទ្ធតែធ្លាប់ទទួលបានសញ្ញាប័ត្រ Smart Campaign ជាស្ដង់ដារមាសកម្រិតពិភពលោកផ្ដល់ជូនដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានបេសកម្មសង្គម រួមទាំងយន្តការណ៍អតិថិជនច្បាស់លាស់រឹងមាំ»។ នេះបើតាមលោក សុខ វឿន ដែលបានបន្ថែមថា មានបញ្ហាតិចតួចបំផុតដែលសមាគមមីក្រូហិរញ្ញវត្ថុរកឃើញជា បញ្ហាបុគ្គល។ ត្រង់ចំណុចនេះលោកពន្យល់ថា បុគ្គលខ្លះបានប្រព្រឹត្តខុសគោលការណ៍ និងក្រមសីលធម៌។ ប៉ុន្តែ បុគ្គលទាំងនោះ ត្រូវបានរងពិន័យ ហើយបញ្ឈប់ការងារ និងប្រឈមមុខផ្លូវច្បាប់។ 
 
សេចក្ដីថ្លែងការណ៍ដដែលរបស់លីកាដូ បានឲ្យដឹងថា ស្ថាប័ន​ទាំង​៦ខាងលើ ​ទទួល​បានការ​អនុម័ត​ទឹកប្រាក់​ជាង​៤​០​០​លាន​ដុល្លារ​ ​ពី​មូលនិធិ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​នារយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ​។ ការផ្ដល់ឲ្យនេះ ​​មាន​ក​ម្ចី​ឥណទាន​ដោយ​ផ្ទាល់​ ​ក​ម្ចី​បញ្ចូល​គ្នា​ និង​ការ​វិនិយោគ​ផ្អែកលើ​សមភាព​ពី​មូលនិធិ​ ដែល​គាំទ្រ​ដោយមាន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ជាដើម។ ចំពោះក​ម្ចី​ឥណទាន​ខ្នាត​តូច​​របស់ពលរដ្ឋកម្ពុជា ជិត​៣​លាន​ក​ម្ចី ​មានទំហំទឹកប្រាក់​ជាង​១​៤​ពាន់​លាន​ដុល្លារ​។ កម្ទីទាំងនេះ គឺ​​តម្រូវ​ឱ្យ​មាន​សវនកម្ម​ទាំងស្រុង​ ហើយជាបន្ទាន់​ ​ដើម្បី​កំណត់​ពី​វិសាលភាពនៃការខូចខាត​។ 
 
កន្លងមកអង្គការលីកាដូ បានចេញរបាយការណ៍ ប្រមាណ៥ដងហើយ រួមទាំងសេចក្ដីថ្លែងការណ៍ចុងក្រោយនេះ ជុំវិញបញ្ហាកម្ចីខ្នាតតូច និងការរំលោភសិទ្ធិមនុស្សនេះ។ 
 
ចំពោះរបាយការណ៍ និងវិធីសាស្រ្តធ្វើការរបស់អង្គការលីកាដូនេះ ខាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មិនចាត់ទុកជារបាយការណ៍ផ្លូវការឡើយ ព្រោះសំណាកចុះសិក្សាស្រាវជ្រាវតិចតួច ខ្វះការយល់ដឹង និងគ្មានទិន្នន័យច្បាស់លាស់។ លោក សុខ វឿន បាននិយាយថា ការចេញរបាយការណ៍បែបនេះ គឺជាការធ្វើបាបប្រជាពលរដ្ឋ និងវាយប្រហាវិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងមូល ខណៈវិស័យនេះ កំពុងជួយប្រជាជនរាប់លាននាក់។ 
 
ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា៖ «ការចោទប្រកាន់នេះ បានបង្កការរំខាន និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា និងគ្រឹះស្ថានដែលយកចិត្តទុកដាក់ខ្លាំង លើសុខុមាលភាពអតិថិជនរបស់គាត់»។ 
 
បើតាមលោក សុខ វឿន កន្លងមកសមាគមធ្លាប់បានផ្ទៀតផ្ទាត់ពីរបាយការណ៍របស់លីកាដូឡើងវិញ ក្នុងករណីខេត្តបន្ទាយមានជ័យ គឺរកឃើញថាប្រាស់ចាកពីការពិតទាំងស្រុង។ តែយ៉ាងណា ភាគីខាងសមាគមនឹងបន្តតាមដាន ជុំវិញចំណុចដែលពាក់ព័ន្ធនឹងការចោទប្រកាន់របស់អង្គការសង្គមស៊ីវិល។ ជាពិសេសសហការជាមួយអង្គការ និងអ្នកពាក់ព័ន្ធ ដែលមានគោលបំណងគាំពារ ឬការពារអតិថិជន ៕ 
 

Tag:
 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
  ធនាគារ
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com