អន្តរជាតិ
ប្រធានធនាគារអាហ្វ្រិក៖ អាហ្វ្រិកមានសិទ្ធិប្រើប្រាស់ឧស្ម័នធម្មជាតិបម្រុងរបស់ខ្លួន
16, Nov 2022 , 10:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
បណ្ដាប្រទេសអាហ្រ្វិកសមនឹងទទួលបានសិទ្ធិប្រើប្រាស់ធនធានឧស្ម័នធម្មជាតិរបស់ពួកគេ ហើយបញ្ហានេះគួរលើកឡើងនៅក្នុងកិច្ចព្រមព្រៀងណាមួយនៃកិច្ចពិភាក្សាស្តីពីអាកាសធាតុ COP27។ នេះបើតាមការលើកឡើងរបស់ប្រធានធនាគារអភិវឌ្ឍអាហ្រ្វិក (AfDB) ខណៈប្រទេសមួយចំនួនជំរុញឱ្យកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។



កិច្ចព្រមព្រៀងជុំវិញការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ជាបញ្ហាស្នូលមួយក្នុងកិច្ចពិភាក្សាស្តីពីអាកាសធាតុ COP27 ដោយប្រទេសមួយចំនួនរួមទាំងឥណ្ឌាចង់បញ្ឈប់ការប្រើប្រាស់ឥន្ធនៈទាំងអស់ រួមទាំងឧស្ម័នធម្មជាតិផងដែរសម្រាប់ការផលិតថាមពល។ យ៉ាងណាមិញ ប្រធានធនាគារអភិវឌ្ឍអាហ្រ្វិក (AfDB) លោក Akinwumi Adesina ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា បណ្ដាប្រទេសអាហ្រ្វិកសមនឹងទទួលបានសិទ្ធិប្រើប្រាស់ធនធានឧស្ម័នធម្មជាតិរបស់ពួកគេដើម្បីបំពេញតម្រូវការក្នុងប្រទេស។ 
 
«អាហ្រ្វិកត្រូវមានឧស្ម័នធម្មជាតិដើម្បីបំពេញបន្ថែមលើប្រភពថាមពលកកើតឡើងវិញរបស់ខ្លួន»។ ប្រធាន AfDB លោក Adesina អះអាងបែបនេះនៅខាងក្រៅសន្និសីទអង្គការសហប្រជាជាតិ រៀបចំឡើងនៅទីក្រុង Sharm el-Sheikh របស់អេហ្ស៊ីប។ 
 
លោក Adesina បន្ថែមថាទោះបីជាទ្វីបអាហ្រ្វិកត្រូវបង្កើនការផលិតថាមពលពីឧស្ម័នធម្មជាតិរបស់ខ្លួនបីដងនៃអត្រាផលិតបច្ចុប្បន្នក៏ដោយ ការរួមចំណែកចំពោះការបំភាយឧស្ម័នសកលនឹងកើនឡើងត្រឹមតែ ០,៦៧ភាគរយប៉ុណ្ណោះ។
 
បើតាមលោក Adesina ឧស្ម័ន​ធម្មជាតិ​​ត្រូវ​ការជាចាំបាច់​ដើម្បី​ឲ្យ​មាន​តុល្យភាពជាមួយប្រភពថាមពលកកើតឡើងវិញក្នុងការ​ផ្គត់​ផ្គង់​អគ្គិសនី​ ដែលកន្លងមកមិនគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។ ពិភពលោកត្រូវតែទទួលស្គាល់លក្ខខណ្ឌពិសេសនៃទ្វីបអាហ្រ្វិក ដែលក្រីក្រដោយសារការចំណាយលើវិស័យថាមពលក្នុងកម្រិតខ្ពស់បំផុត។ លោក Adesina យល់ថា អាហ្រ្វិកគួរប្រើប្រាស់ឧស្ម័នធម្មជាតិជាផ្នែកនៃការផលិតថាមពលដើម្បីផ្តល់អគ្គិសនីសម្រាប់ប្រជាជន ៦០០លាននាក់ដែលមិនទាន់មានអគ្គិសនី។
 
ចាប់តាំងពីបដិវត្តន៍ឧស្សាហកម្មមក ប្រទេសអភិវឌ្ឍបានបញ្ចេញឧស្ម័នកាបូនិចប្រហែល២៤០០ជីហ្គាតោន ខណៈដែលអាហ្រ្វិកមិនសូវបានបញ្ចេញដូចបណ្ដាប្រទេសធំៗទាំងនោះទេ។ ដូច្នេះប្រធាន AfDB សង្កត់ធ្ងន់ថា ពិភពលោកមិនគួរបដិសេធចំពោះការស្នើសុំប្រើប្រាស់ឧស្ម័នធម្មជាតិបន្តិចបន្តួចដើម្បីបំពេញបន្ថែមលើការប្រើប្រភពថាមពលកកើតឡើងវិញ និងបំពេញតម្រូវការប្រជាជនដ៏ក្រីក្ររបស់ទ្វីបនេះឡើយ៕
 

Tag:
 អាហ្វ្រិក
  COP27
© រក្សាសិទ្ធិដោយ thmeythmey.com