ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទោះបានសិទ្ធិនយោបាយវិញ តែព្រះអង្គម្ចាស់ ធម្មិកោ នៅតែបន្តរក្សាភាពស្ងៀមស្ងាត់
17, Nov 2022 , 11:23 am        
រូបភាព
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ទៅចូលរួមតាមសវនាការលោក កឹម សុខា អតិតប្រធានគណបក្សសង្គ្រោះជាតិ នៅតុលាការភ្នំពេញ កាលពីដើមឆ្នាំ២០២០។ រូបដោយ៖ សហការី
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ទៅចូលរួមតាមសវនាការលោក កឹម សុខា អតិតប្រធានគណបក្សសង្គ្រោះជាតិ នៅតុលាការភ្នំពេញ កាលពីដើមឆ្នាំ២០២០។ រូបដោយ៖ សហការី
ដោយ៖ ទេពញាណ 

បម្រាមមិនឲ្យធ្វើនយោបាយ បានផុតរលត់ហើយ តែចំពោះព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ថ្នាក់ដឹកនាំជាន់ខ្ពស់មួយអង្គនៃអតីតគណបក្សសង្គោះជាតិ នៅតែរក្សាភាពនឹងថ្កល់ ដោយមិនទាន់សម្រេចព្រះទ័យចូលឆាកនយោបាយឡើងវិញឡើយ ហើយក៏មិនទាន់មានគណបក្សណាផ្សេង ដែលព្រះអង្គពេញព្រះទ័យដែរ។ ក្នុងព្រះទ័យរបស់ទ្រង់ នៅតែមិនទាន់ដាច់អាល័យពីអតីតគណបក្សសង្គ្រោះជាតិ។



ជាការកត់សម្គាល់ ក្នុងចំណោមថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ មានមួយចំនួន បានទៅចូលរួមជាមួយគណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់មានភាពលេចធ្លោលើសគណបក្សជំទាស់ដទៃទៀតនាពេលបច្ចុប្បន្ននេះ។ ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច​ គឺគណបក្សភ្លើងទៀននេះហើយ ដែលទទួលបានអាសនៈច្រើនជាងគេ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូលដូច្នេះថា៖«ខ្ញុំ នៅតែបន្តរក្សាភាពស្ងៀមស្ងាត់ដដែល។ ខ្ញុំ យល់ថា ទោះថ្នាក់ដឹកនាំទាំង១១៧នាក់ នៃ [អតីត] គណបក្សសង្គ្រោះជាតិ ទទួលបានសិទ្ធិនយោបាយឡើងវិញ តែស្ថានភាពនយោបាយនៅកម្ពុជា មិនប្រែប្រួលទេ»។ 
 
ស្ថានភាពនយោបាយមិនប្រែប្រួល ត្រូវអ្នកនយោបាយដែលមានលោកហិតជាប់សែរាជវង្សអង្គនេះ ពន្យល់ថា អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយក្រោមការចោទប្រកាន់ពីការពាក់ព័ន្ធនឹងបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដែលជាអំពើក្បត់ជាតិ ហើយមកដល់ពេលនេះ ការចោទប្រកាន់នេះ នៅតែមានលើអតីតគណបក្សសង្គ្រោះជាតិដដែល។ ទ្រង់ លើកឡើងថា ទ្រង់ នៅតែរង់ចាំការផ្តល់យុត្តិធម៌ដល់អតីតគណបក្សសង្គ្រោះជាតិ។ ព្រះអង្គម្ចាស់ បន្តថា ការផ្តល់យុត្តិធម៌ដល់អតីតគណបក្សសង្គ្រោះជាតិ គឺជាការផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋពាក់កណ្តាលនគរ ដែលបានបោះឆ្នោតឲ្យអតីតគណបក្សប្រឆាំងដ៏ធំមួយនេះ។ 
 
ទោះជាខានចូលឆាកនយោបាយអស់៥ឆ្នាំក្រោមអំណាចនៃការហាមប្រាមពីតុលាការក្តី ក៏ព្រះអង្គម្ចាស់ ធម្មិកោ នៅតែអាចទ្រាំនៅក្រៅឆាកនយោបាយបន្តទៅទៀត ទាំងដែលបម្រាមនេះ ផុតកំណត់ទៅហើយ។ ព្រះអង្គ មិនខ្លាចខាតពេលវេលាឡើយ ដោយព្រះអង្គ មានហេតុផលថា ព្រះអង្គ ជាអ្នកប្រជាធិបតេយ្យ ហើយការទាមទារឲ្យមានប្រជាធិបតេយ្យនៅស្រុកខ្មែរ ត្រូវស្ថិតលើឆន្ទៈពិតប្រាកដ និងត្រូវការពេលវេលាយូរ មិនមែនត្រូវការពេលតែ១ខែ ឬ១ឆ្នាំនោះទេ។ 
 
សូមរម្លឹកថា គណបក្សសង្គោះជាតិ ត្រូវបានតុលាការកំពូលរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ថា មេដឹកនាំជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំងនេះ ជាប់សង្ស័យថា ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពជា តាមរយៈការលួចពឹងពាក់បរទេស។ បន្ថែមពីនេះ ថ្នាក់ដឹកនាំ១១៧នាក់អតីតគណបក្សប្រឆាំងនេះ ដោយក្នុងនោះ មានទាំងទ្រង់ធម្មិកោផងដែរ ត្រូវហាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ លោក សម រង្ស៊ី មិនត្រូវបានរាប់បញ្ជូលក្នុងចំណោមថ្នាក់ដឹកនាំទាំង១១៧នាក់នៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានបិទសិទ្ធិនយោបាយនោះទេ ព្រោះលោក បានលាលែងពីតំណែងជាប្រធាន និងពីសមាជិកភាពនៃអតីតគណបក្សសង្គ្រោះជាតិ តាំងពីគណបក្សនេះមិនទាន់ត្រូវបានរំលាយម្ល៉េះ។

គិតមកដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានរយៈ៥ឆ្នាំត្រឹមនៃការរំលាយគណបក្សសង្គោះជាតិ ហើយក៏ដល់ពេលដែលការហាមឃាត់របស់តុលាការកំពូលក្នុងការមិនឲ្យថ្នាក់ដឹកនាំជាង១០០នាក់នៃអតីតគណបក្សនេះធ្វើនយោបាយ ត្រូវផុតកំណត់ដែរ។ ពួកគេ អាចចូលធ្វើនយោបាយឡើងវិញដោយសេរី ដោយក្នុងចំណោមពួកគេ លើកលែងតែអ្នកដែលកំពុងជាប់ក្តីក្តាំនៅតុលាការប៉ុណ្ណោះ ដូចជា លោក កឹម សុខា លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ ជាដើម ដែលនៅតែមិនអាចធ្វើនយោបាយនៅក្នុងស្រុកខ្មែរបាន។ 
 
គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយនៅ២-៣ខែក្រោយនៃការចាប់ និងការចោទប្រកាន់លើលោក កឹម សុខា ដែលជាប្រធាន។ លោក កឹម សុខា ត្រូវបានឃាត់ខ្លួន និងរងការចោទប្រកាន់ នៅខែកញ្ញា ឆ្នាំ២០១៧ ពីបទគប់គិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕
 
 

Tag:
 ធម្មិកោ
© រក្សាសិទ្ធិដោយ thmeythmey.com