ជាតិ
សង្គមជាតិ
លោក ឱម យិនទៀង ស្នើឱ្យ «អាយឆា» ប្រឹងប្រែងលើកកម្ពស់សិទ្ធិមនុស្សនៅតំបន់អាស៊ាន
18, Nov 2022 , 9:59 pm        
រូបភាព
page លោក ឱម យិនទៀង ក្នុងពិធីអបអរខួបលើកទី១០នៃសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន និងកិច្ចប្រជុំអាយឆា នាថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២២។
page លោក ឱម យិនទៀង ក្នុងពិធីអបអរខួបលើកទី១០នៃសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន និងកិច្ចប្រជុំអាយឆា នាថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២២។
សៀមរាប៖ ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង មានភាពជឿជាក់ថា គណៈកម្មការអន្ដររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ថា អាយឆា (AICHR) នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅតំបន់អាស៊ាន។

 
ថ្លែងទៅកាន់សមាជិកអាយឆា ក្នុងពិធីអបអរខួបលើកទី១០ នៃសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្ដីថ្លែងការណ៍ភ្នំពេញស្ដីពីការអនុម័តសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន នាថ្ងៃទី១៨ វិច្ឆិកា នៅខេត្តសៀមរាប លោក ឱម យិនទៀង អាយឆា នឹងបន្តការលើកកម្ពស់សិទ្ធិមនុស្សអាស៊ានតាមរយៈការបញ្រ្ជាបសិទ្ធិមនុស្សទៅក្នុងសសរស្ដម្ភទាំង៣។ សសរស្ដម្ភដែលលោកទេសរដ្ឋមន្រ្តីលើកឡើង រួមមាន សហគមន៍ នយោបាយ សន្ដិសុខអាស៊ាន, សហគមន៍ សេដ្ឋកិច្ចអាស៊ាន និងសហគមន៍ សង្គម វប្បធម៌អាស៊ាន និងបន្តពង្រឹងកិច្ចសប្រតិបត្តិការ និងកិច្ចសហការជាមួយស្ថាប័នតាមវិស័យរបស់អាស៊ាន។
 

 
ជាមួយគ្នានេះ លោក ឱម យិនទៀង បានអំពាវនាវឱ្យភាគីពាក់ព័ន្ធ បន្តប្រកាន់ខ្ជាប់នូវគោលការណ៍របស់អាស៊ាន រួមមានគោរពអធិបតីភាព បរមណភាពទឹកដី  ការមិនជ្រៀតជ្រែតកិច្ចការផ្ទៃក្នុងប្រទេសជាសមាជិក និងការដោះស្រាយជំលោះដោយសន្ដិវិធី។
 
តំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធានកិច្ចប្រជុំអាយឆា លោក កែវ រ៉េមី ក្នុងនាមជាប្រធាន កម្ពុជាបានសហការជាមួយឥណ្ឌូនេស៊ី ដែលជាប្រធានអាយឆាប្ដូរវេន ដឹកនាំកិច្ចប្រជុំពិសេសលើកទី២របស់អាយឆា ពីថ្ងៃទី១៦ ដល់១៧ វិច្ឆិកា។ តាមការបញ្ជាក់ពីលោក កែវ រ៉េមី កិច្ចប្រជុំបានធ្វើបច្ចុប្បន្នភាពលើការវិវត្តន៍ថ្មីៗពាក់ព័ន្ធសិទ្ធិមនុស្សតំបន់អាស៊ាន ដូចជាការបង្កើតច្បាប់ បទប្បញត្តិ និងគំនិតផ្តួចផ្តើមថ្មីៗ។ល។ កិច្ចប្រជុំក៏បានពិភាក្សាលើវឌ្ឍនភាពអាយឆាឆ្នាំ២០២២ ដែលពាក់ព័ន្ធវិស័យកុមារ សិទ្ធិជនពិការភាព សិទ្ធិមនុស្សនិងបរិស្ថាន ធុរកិច្ចនិងសិទ្ធិមនុស្ស និងការជួញដូរមនុស្សជាដើម។ល។
 

លោក កែវ រ៉េមី តំណាងកម្ពុជាប្រចាំអាយឆា

ក្នុងនាមប្រធានអាយឆាចប់អាណត្តិ លោក កែវ រ៉េមី លើកឡើងថា ទាំងអស់គ្នានៃសមាជិកអាយឆា សុទ្ធតែមានកាតព្វកិច្ចក្នុងការអភិវឌ្ឍ ក៏ដូចជាលើកកម្ពស់សិទ្ធិមនុស្សអាស៊ាន ពិសេសមានទំនួលខុសត្រូវមិនមែនតែរដ្ឋាភិបាលទេ គឺគ្រប់ភាគីទាំងអស់គ្នា។ 
 
សូមបញ្ជាក់ថា នារសៀលថ្ងៃទី១៧ វិច្ឆិកា គឺក្រោយកិច្ចប្រជុំពិសេសលើកទី២របស់អាយឆា ក៏មានរៀបចំពិធីផ្ទេរតួនាទីប្រធានអាយឆាថ្មីទៅប្រទេសឥណ្ឌូនេស៊ីផងដែរ។ លោក កែវ រ៉េមី រំពឹងថា អាយឆា-ឥណ្ឌូនេស៊ី ក្នុងនាមជាប្រធាន នឹងបន្តដឹកនាំបេសកកម្មសិទ្ធិមនុស្សឱ្យសម្រេចបានលទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជនអាស៊ាន ទាំងក្នុងបច្ចុប្បន្ន និងអនាគត៕


 
 
 
  
 

Tag:
 អាយឆា
  សិទ្ធិមនុស្ស
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com