អន្តរជាតិ
ចំនួនប្រជាជនម៉ាឡេស៊ី ចេញទៅបោះឆ្នោតថ្នាក់ជាតិច្រើនបំផុត
19, Nov 2022 , 10:10 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ចំនួនប្រជាជនម៉ាឡេស៊ី ដែលគ្រប់អាយុបោះឆ្នោត បានចេញទៅបោះឆ្នោតថ្នាក់ជាតិច្រើនបំផុត។ គណៈកម្មការរៀបចំការបោះឆ្នោតម៉ាឡេស៊ី បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៩ ខែវិច្ឆិកា។ នេះជាការបោះឆ្នោតថ្នាក់ជាតិលើកដំបូង ក្រោយម៉ាឡេស៊ីបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឱ្យយុវវ័យមានអាយុចាប់ពី ១៨ឆ្នាំឡើង អាចបោះឆ្នោតបាន។

 
ម៉ាឡេស៊ី នៅថ្ងៃទី១៩ ខែវិច្ឆិកា បានរៀបចំការបោះឆ្នោតថ្នាក់ជាតិមុនពេលកំណត់ ក្រោយនាយករដ្ឋមន្រ្តីប្រកាសរំសាយសភា។ ពេលនេះ មណ្ឌលបោះឆ្នោតបានបិទហើយ លើកលែងតែមណ្ឌលបោះឆ្នោតនៅក្នុងតំបន់ Baram ក្នុងរដ្ឋ Sarawak ត្រូវផ្អាកដោយសារតែអាកាសធាតុអាក្រក់ និងភ្លៀងធ្លាក់ខ្លាំង។ ចំណែកក្រុង Padang Serai ក្នុងរដ្ឋ Kedah ត្រូវបានលើកពេលទៅបោះឆ្នោតនៅថ្ងៃទី៧ ខែធ្នូវិញ ក្រោយលោក Karupaiya Mutusami បេក្ខភាពរបស់សម្ព័ន្ធ Pakatan Harapan និងជាសមាជិកសភាម៉ាឡេស៊ី ទទួលមរណភាព។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Strait Times។ 
 
បើតាមគណៈកម្មការរៀបចំការបោះឆ្នោតម៉ាឡេស៊ី ប្រជាជនប្រមាណ ៧០ភាគរយ នៃចំនួនប្រជាជនគ្រប់អាយុបោះឆ្នោតចំនួន ២១លាននាក់ បានចេញមកបោះឆ្នោត។ នេះជាតួលេខដ៏ខ្ពស់បំផុត ក្នុងប្រវត្តិសាស្រ្តបោះឆ្នោតម៉ាឡេស៊ី។ 
 
ការបោះឆ្នោតថ្នាក់ជាតិលើកដំបូងក្រោយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឱ្យយុវជនវ័យ ១៨ឆ្នាំអាចបោះឆ្នោតបាននេះ មានការចូលរួមពេលបេក្ខជនចំនួន ៩៤៥រូប ដើម្បីប្រជែកយកកៅអីសភាចំនួន ២២២រូប។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន the Guardian។ 
 
លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អ៊ីស្មាអ៊ីល សាប៊ី្រ យ៉ាកុប ស្ថិតនៅក្នុងបក្ស បក្សអង្គការបង្រួបបង្រួមជាតិម៉ាឡេ ដោយមានដៃគូប្រជែងគឺលោក Anwar Ibrahim ដឹកនាំបក្សប្រឆាំង និងអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មូហ៊ីឌីន យ៉ាស៊ីន ដែលដឹកនាំសម្ព័ន្ធជាតិ (Perikatan Nasional)។ 
 
សូមបញ្ជាក់ថា យុវជនអាយុចន្លោះពី ១៨ឆ្នាំ ដល់ ២១ឆ្នាំ និងជាក្រុមមនុស្សដែលអាចបោះឆ្នោតបានលើកដំបូង មានចំនួនប្រមាណ ១,៤លាននាក់ ក្នុងចំនួនប្រជាជនគ្រប់អាយុ ២១លាននាក់។ មកទល់ពេលនេះ អ្នកជំនាញមិនទាន់អាចប៉ាន់ប្រមាណបានឡើយថាតើបក្សមួយណានឹងទទួលបានសំឡេងភាគច្រើនក្នុងសភា និងអាចរៀបចំរដ្ឋាភិបាលថ្មីបាន៕ 
 

Tag:
 ម៉ាឡេស៊ី
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com