ជាតិ
តារាកំប្លែង ខាត់ ចំរើន ទទួលមរណភាពក្នុងអាយុ៤០ឆ្នាំដោយសារជំងឺ
20, Nov 2022 , 9:37 am        
រូបភាព
លោក ខាត់ ចំរើន តារាកំប្លែង និងជាតារាសម្តែងពហុជំនាញ បានទទួលមរណភាពនាព្រឹកថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ដោយសារជំងឺ។ អ្នកនាង ខាត់ សុឃីម ដែលជារៀមច្បងនៃក្រុមគ្រួសារត្រកូលខាត់ បានបញ្ជាក់ពីដំណឹងមរណភាពនេះ តាមគណនីហ្វេសប៊ុករបស់ខ្លួន។

 
តារាសិល្បៈពហុជំនាញ ខាត់ សុឃីម បានសរសេរលើបណ្តាញសង្គមរបស់ខ្លួនថា៖ «សូមប្អូនទៅកាន់ឋានសុខ ជាតិក្រោយសូមឲ្យអាយុវែងទៅចុះកុំគិតពីប្រពន្ធកូនបងប្អូនមើលថែហើយ បងជួយឲ្យកូនៗរបស់ឯងរៀនសូត្រចប់ចុង ចប់ដើម»។
 
លោក ខាត់ ចំរើន មានឈ្មោះសិល្បៈថា «នាយកន្តេះឡង់» ជាកូនទីពីរក្នុងចំណោមបងប្អូន៩នាក់នៃគ្រួសារត្រកូលខាត់ ដោយមានអ្នកនាង ខាត់ សុឃីម ជាកូនច្បង។ ប្អូនៗ៧នាក់ទៀតរួមមាន ខាត់ សារ៉ុម, ខាត់ សារ៉េម, ខាត់ ស្រីវង, ខាត់ អាយ៉ៃ, ខាត់ សេរី, ខាត់ សួស្តី និង ខាត់ ណាចា។
 
បងប្អូនគ្រួសាត្រកូលខាត់ មានទេពកោសល្យសិល្បៈស្ទើរគ្រប់ជំនាញ ជាពិសេសការប្រើប្រាស់ឧបករណ៍តន្ត្រីបុរាណ ដែលទទួលបានការបណ្តុះបណ្តាលពីលោក លាវ ខាត់ ជាឪពុក។ លោក លាវ ខាត់ បានទទួលមរណភាពកាលពីជាងពីរឆ្នាំមុន ក្នុងអាយុ៦៧ឆ្នាំ។
 
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ពោលគឺប៉ុន្មានម៉ោងមុនមរណភាព អ្នកនាង ខាត់ សុឃីម បានអំពាវនាវរកសប្បុរសដើម្បីសុំការបរិច្ឆាគឈាមសម្រាប់ប្អូនប្រុសរបស់ខ្លួន។ លោក ខាត់ ចំរើន ក៏ត្រូវបានគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតរួចម្តងហើយកាលពីអំឡុងខែសីហា ដោយសារជំងឺខូចក្រលៀន និងក្រិនថ្លើម។ ក្រោយមកលោកបានធូរស្រាល ហើយវិលទៅប្រកបរបររកស៊ីដូចដើម ប៉ុន្តែសម្រាប់លើកនេះ លោកបានលាទៅដោយគ្មានត្រឡប់ ដោយចាកចោលក្រុមគ្រួសារជាពិសេសភរិយា និងកូនបីនាក់។
 
បើតាមក្រុមគ្រួសារត្រកូលខាត់ ពិធីបុណ្យ ប្រព្រឹត្តទៅនៅគេហដ្ឋានក្បែរផ្សារត្រពាំងព្រាយ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ (ជិតភ្នំបាសិត)៕
 

Tag:
 មរណភាព
© រក្សាសិទ្ធិដោយ thmeythmey.com