ជាតិ
បញ្ហាស្រូវចុះថោក ជាវិញ្ញាសា​ដំបូង​ដែលមហាជន​ចាំផ្តល់ពិន្ទុជូនរដ្ឋមន្ត្រីកសិកម្ម​ថ្មី
20, Nov 2022 , 2:59 pm        
រូបភាព
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដោះស្រាយបញ្ហាស្រូវចុះថោកនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដោយឱ្យរោងម៉ាស៊ីនកិនស្រូវ ជួយទិញក្នុងតម្លៃសមរម្យ។​ មហាជន​កំពុង​រង​ចាំមើល​ចំណាត់ការ​នានា​របស់រដ្ឋមន្ត្រី​ថ្មីរូបនេះ ក្រោយលោក​ចូលកាន់តំណែងជំនួស​លោក វេង សាខុន។

 
នា​អំឡុងពេលចុះជួបពលរដ្ឋ និងចែកពូជស្រូវជូនកសិករក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ និងកំពង់ឆ្នាំង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់អនុសាសន៍ផ្សេងៗដល់​លោក ឌិត ឌីណា ជាពិសេស​ឲ្យរដ្ឋមន្ត្រី​រូបនេះ ជួយដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ដែលបានបំផ្លាញដំណាំស្រូវរបស់ប្រជាពលរដ្ឋ។ ក្រោយ​មក​ លោក ឌិត ទីណា ក៏បានដឹកនាំមន្រ្តីជំនាញរបស់ក្រសួងចុះជួបកសិករ ដែលបានខាតបង់ថវិកា ដោយសារដំណាំស្រូវ ត្រូវបានលិចទឹក សត្វល្អិតបំផ្លាញ និងកសិករប្រើប្រាស់ស្រូវពូជមិនត្រឹមត្រូវ ផងដែរ។ 
 
បញ្ហាទីផ្សារ ជាកង្វល់ធំបំផុតរបស់កសិករគ្រប់រូប។​ ក្រោយការតែងតាំងលោក ឌិត ទីណា កសិករជាច្រើន បានសំណូមពរឱ្យរដ្ឋមន្រ្តីកសិកម្មរូបនេះ ជួយដោះស្រាយបញ្ហាទីផ្សារ នាពេលប្រមូលផលដំណាំរបស់ពួកគេ។ គ្រប់វិស័យកសិកម្មទាំងដំណាំ និងចិញ្ចឹមសត្វ សុទ្ធសឹងតែរងផលប៉ះពាល់ពីបញ្ហាទីផ្សារ។ កសិករខ្លះ បានសំណូមពរឱ្យលោក ឌិត ទីណា បញ្ចុះតម្លៃជី កាត់បន្ថយពន្ធនាំចូល និងសាំងជាដើម ដើម្បីកាត់បន្ថយចំណាយដើមថ្លៃផលិត។ 
 
កន្លងមក ក្រោមការដឹកនាំរបស់លោក វេង សាខុន បញ្ហាទីផ្សារ គឺជាប្រធានបទក្ដៅសម្រាប់កសិករ។​ កសិករជាច្រើន ក៏បានអះអាងថា មន្រ្តីថ្នាក់ក្រោម មិនសូវយកចិត្តទុកដាក់ជាមួយកសិករ។ បញ្ហានេះ ក៏ត្រូវបានអ្នកជំនាញកសិកម្ម មើលឃើញថា មន្រ្តីកសិកម្មថ្នាក់ក្រោម មិនសូវជួបកសិករ ដើម្បីតាមដានពីបញ្ហា និងជួយរកដំណោះស្រាយ។ 
  

 លោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម អតីតប្រធានអង្គការសង្គមស៊ីវិល និងបច្ចុប្បន្ន ជាអនុគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន។ រូបថត៖ ហ្វេសប៊ុកលោកយ៉ង សាំងកុមារ

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey25 លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម បានឱ្យដឹងថា លោកចង់ឱ្យរដ្ឋមន្រ្តីរូបនេះ កែទម្រង់របៀបធ្វើការរបស់មន្រ្តីខ្លួន តាមរយៈការអនុវត្តឱ្យមានមន្រ្តីកសិកម្មល្អ ដែលអាចធ្វើការងារផ្ទាល់ជាមួយកសិករ ផ្ដោតសំខាន់លើការផ្ដល់បច្ចេកទេស និងដំណោះស្រាយទីផ្សារ។
 
លោក យ៉ង សាំងកុមារ បានផ្ដល់យោបល់ដូច្នេះ៖«សម្រាប់ក្រសួងកសិកម្ម ទាមទារឱ្យមានមន្រ្តីកសិកម្មល្អ ចុះទៅពង្រឹងសមត្ថភាពកសិករក្នុងការផលិត ដើម្បីប្រកួតប្រជែងជាមួយការនាំចូល ហើយបង្គ្រប់ដើម្បីនាំចេញថែមទៀត»។ 
 
បញ្ហាទីផ្សារ ត្រូវបានលោក ឌិត ទីណា យកចិត្តទុកដាក់មុនគេ។ លោក ឌិត ទីណា បានសម្រេចបង្កើតក្រុមការងារជំរុញផលិតកម្មគ្រាប់ពូជស្រូវ ដើម្បីចូលរួមកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ។ ការបង្កើតក្រុមការជំរុញផលិតកម្មគ្រាប់ពូជស្រូវនេះ មានតួនាទីសេនាធិការរបស់ក្រសួងកសិកម្ម លើដំណើរការផលិតកម្មដំណាំស្រូវ និងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផលិតកម្មគ្រាប់ពូជស្រូវ ដើម្បីរួមចំណែកក្នុងយុទ្ធសាស្រ្តកាត់បន្ថយថ្លៃដើមផលិត។ ក្រុមការងារនេះ អាចចាត់ចែង អនុវត្តផលិតកម្មគ្រាប់ពូជស្រូវ តាំងពីដំណាក់កាលផលិតពូជគ្រឹះ ពូជចុះបញ្ជី ពូជវញ្ញាបនបត្រ រហូតដល់ស្រូវចំណី។
  

លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងអ្នកពាក់ព័ន្ធ ចុះជួបកសិករនាពេលលក់ស្រូវរបស់ពួកគេ។ រូបថត៖ ហ្វេសប៊ុកលោក សុង សារ៉ន

រដូវប្រមូលផលស្រូវ បានមកដល់។ កសិករក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ បានប្រមូលផលស្រូវ ដែលបានលក់ចេញក្នុងតម្លៃ៩រយរៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងកសិកម្ម បានចេញសេចក្ដីប្រកាសព័ត៌មានថា ខែវិច្ឆិកា ដល់ខែ ឆ្នូ ជារដូវប្រមូលផលស្រូវរដូវវស្សា ជាពិសេសស្រូវផ្ការំដួល។ ក្រសួងកសិកម្ម បានតែងតាំងមន្រ្តីរបស់ខ្លួនពីររូបឱ្យចុះសិក្សា និងដោះស្រាយដោយផ្ទាល់។ 
 
ក្រសួងកសិកម្ម បានអះអាងដូច្នេះ៖ «ខែវិច្ឆិកា ដល់ខែ ឆ្នូ ជារដូវប្រមូលផលស្រូវរដូវវស្សា ជាពិសេសស្រូវផ្ការំដួល ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកកស្ទះ និងជះឥទ្ធិលដល់តម្លៃស្រូវដូចឆ្នាំកន្លងទៅ»។  
 
កាលពីថ្ងៃទី១៩ ខែវិច្ឆិកា លោក ឌិត ទីណា បានបញ្ជាក់តាមបណ្ដាញសង្គមផ្លូវការថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយម្ចាស់រោងម៉ាស៊ីន និងមន្ទីរពាក់ព័ន្ធ ចុះដោះស្រាយបញ្ហាថ្លៃស្រូវ ដោយបានដាក់ចេញនូវគោលការណ៍រក្សាស្ថេរភាពថ្លៃស្រូវ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ជាលទ្ធផល​ កសិករនៅខេត្តទាំងពីរមានចិត្តសប្បាយរីករាយ និងបានសហការលក់ស្រូវទៅតាមតម្លៃដែលបានកំណត់ ហើយមកទល់ពេលនេះរោងម៉ាស៊ីននៅតែបន្តប្រមូលទិញយ៉ាងសស្រាក់សស្រាំ។ 
  

ឡានដឹកស្រូវ កំពុងចតបន្តជាច្រើន ដែលម្ចាស់រោងម៉ាស៊ីនជាច្រើន បាននាំគ្នាជួយទិញក្នុងតម្លៃសមរម្យតាមការស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម។ រូបថត៖ ហ្វេសប៊ុកលោក ឌិត ទីណា 

រដ្ឋមន្រ្តីរូបនេះ ថ្លែងដូច្នេះ៖ «ក្រុមការងារ នៅតែបន្តតាមដានយកចិត្តទុកដាក់ដោយមិនឱ្យប្រជាកសិករយើងបាត់បង់ប្រយោជន៍ដោយគ្មានហេតុផលនោះឡើយ។ ….ក្រសួងកសិកម្ម ចំពោះដំណោះស្រាយ គឺត្រូវតែជាដំណោះស្រាយដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ក្រសួងមិនអាចនៅស្ងៀម ហើយរំពឹងឱ្យអ្នកផ្សេងកែតម្រូវតាមក្រសួងដែលមិនព្រមកែប្រែអ្វីសោះនោះឡើយ»។ 
 
លោក ឌិត ទីណា​ បានអះអាងថា ក្រសួងកសិកម្ម នឹងជួយជ្រោមជ្រែងដល់គ្រប់ភាគីទាំងអស់ ដើម្បីឱ្យវិស័យកសិកម្មដំណាំស្រូវនេះដើរទៅមុខ​ តាមរយ វិធានការផលិតពូជសុទ្ធល្អ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រគល់ឱ្យក្រសួងអនុវត្ត  ដែលក្រសួងបាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំជាមួយវិស័យឯកជន។ វិធានការ លក់ចែកចាយពូជក្នុងថ្លៃសមរម្យដែលនៅក្រោមថ្លៃទីផ្សារធម្មតា។ វិធានការ អ្នកទិញពូជនឹងទទួលបានកិច្ចសន្យាផលិតកម្ម។ វិធានការ កម្មវិធីដាំដុះដើម្បីធានាការប្រើប្រាស់ទឹក​ និងការទិញមកវិញមិនឱ្យចាល់ដូចការផលិតដែលគ្មានផែនការរួម។ 
 
ទោះបីជាមានវិធានការ និងបានទប់ស្កាត់តម្លៃស្រូវធ្លាក់ថ្លៃក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ បណ្ដោះអាសន្ន លោក ឌិត ទីណា យល់ថា បញ្ហានេះ ត្រូវការពេលវេលាយូរដើម្បីដោះស្រាយ។ 
 
រដ្ឋមន្រ្តីកសិកម្ម អំពាវនាវឱ្យកសិករ ទាំងខាងរោងម៉ាស៊ីន​កិនស្រូវ និងទាំងអ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យកសិកម្មដំណាំស្រូវ​ ត្រៀមខ្លួនចូលរួមអនុវត្តការងារក្នុងទម្រង់ថ្មី ដែលនឹងផ្តល់ផលប្រយោជន៍រួម៕ 
 

Tag:
 កសិកម្ម
  ឌិត ទីណា
  ស្រូវចុះថោក
© រក្សាសិទ្ធិដោយ thmeythmey.com