ជាតិ
សម្តេច ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានសភាវៀតណាម ក្រោយសះស្បើយពីកូវីដ-១៩
20, Nov 2022 , 4:29 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នេះ បាន​ទទួលជួបពិភាក្សាការងារជាមួយ​លោក វឿង ឌីញហ្វេ (Vuong Dinh Hue) ប្រធាន​រដ្ឋសភាវៀតណាម ពោលគឺ​រយៈពេល​១ថ្ងៃ បន្ទាប់ពីមន្ទីរពេទ្យ​កាល់ម៉ែត ប្រកាសថា សម្តេចបានជាសះស្បើយពីកូវីដ-១៩។

 
ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​រកឃើញវិជ្ជមានកូវីដ-១៩ ខណៈសម្តេចស្ថិតនៅប្រទេសឥណ្ឌូណេស៊ី ដើម្បី​ចូលរួមកិច្ចប្រជុំ G20 កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។ ក្រោយសម្រេច​ដឹកនាំប្រតិភូវិល​ត្រឡប់មក​វិញ សម្តេចបាន​បន្តព្យាបាល និងធ្វើចត្តាឡីស័ក រហូតដល់មាន​លទ្ធផលអវិជ្ជមានវិញនា​ថ្ងៃទី​១៩ ខែ​វិច្ឆិកា រីឯសមាជិក​ប្រតិភូផ្សេងៗ ពុំមានអ្នកឆ្លងឡើយ។
 
ក្រោយលទ្ធផល​តេស្តអវិជ្ជមាន សម្តេច​ក៏បានបញ្ជាក់ថា ចាប់ពីថ្ងៃអាទិត្យនេះ សម្តេចមាន​កម្មវិធីពេញទាំងអស់ ហើយសម្តេចនឹងមិនហត់នោះឡើយ។ 
 
ក្នុងជំនួប​ជាមួយ​ភ្ញៀវអន្តរជាតិដំបូងនៅ​វិមាន​សន្តិភាព ប្រធាន​សភាវៀតណាម បាន​សាទរ​​សម្តេច ហ៊ុន សែន ចំពោះ​ការ​គ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ការ​បើកប្រទេស សេដ្ឋកិច្ចឡើងវិញ និងបានសំដែងនូវការអបអរសាទរផងដែរ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសជោគជ័យ​ក្នុង​ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន​ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
 
តាមការឲ្យដឹងពី ​លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេច ហ៊ុន សែន នៅក្នុងជំនួបនេះ លោក  វឿង ឌីញហ្វេ បានសម្តែងការរីករាយ​ជាពិសេស​ក្នុង​ខួប​៥០​ឆ្នាំ​នៃទំនាក់ទំនង​ការទូត​រវាង​ប្រទេសទាំងពីរ៕
 

Tag:
 សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com