ជាតិ
ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយឱសថឈ្មោះ​ NAIKA​ និងឱសថ SUMMER PLUS
21, Nov 2022 , 9:59 am        
រូបភាព
 (រូបភាពពីក្រសួងសុខាភិបាល)
(រូបភាពពីក្រសួងសុខាភិបាល)
ភ្នំពេញ៖ ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ផលិតផលឱសថឈ្មោះ NAIKA និងឱសថ SUMMER PLUS ដោយឱសថទាំងពីរនេះ គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ ការហាមឃាត់នេះ គឺដើម្បីជៀសវាងការខាតបង់ថវិកា និងប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់។

 
ច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ តម្រូវឱ្យរាល់ការចរាចរផលិតផលឱសថ ត្រូវមានគុណភាពក្នុងការបង្ការ និងព្យាបាលជំងឺគ្រប់ប្រភេទត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាល ក៏បានជូនដំណឹងដល់ពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយឱសថឈ្មោះ NAIKA និងឱសថ SUMMER PLUS ក៏ដូចជាបញ្ឈប់ការប្រើប្រាស់ផលិតផលឱសថដែលគ្មានលេខបញ្ជិកា។
 
ការហាមឃាត់របស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក មានរួមមាន គណនីឈ្មោះ Medicine Health កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ NAIKA គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ គណនីឈ្មោះ ផលិតផល សុខភាព កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ SUMMER PLUS និងផលិតផលផ្សេងទៀត ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។  ជាមួយគ្នានេះ ក្រសួងតម្រូវឱ្យម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀត បញ្ឈប់ការនាំចូល និងចែកចាយលក់ឱសថនេះជាបន្ទាន់ ក៏ដូចជាចាត់វិធានការទៅតាមផ្លូវច្បាប់ផងដែរ។
 
ករណី ពលរដ្ឋ ប្រទះឃើញជនណាដែលកំពុងចែកចាយ ឬលក់ផលិតផលឱសថឈ្មោះ NAIKA នេះ សូមប្រញាប់ទាក់ទង ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង  សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧,០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២ និង០១២ ៥៦២ ៤៤៦៕
 
 
 

Tag:
 ThmeyThmey
  ក្រសួងសុខាភិបាល
  ឱសថ NAIKA
  ឱសថ SUMMER PLUS
© រក្សាសិទ្ធិដោយ thmeythmey.com