ជាតិ
ព្រះមហាក្សត្រកម្ពុជា៖ វិបត្តិនយោបាយមីយ៉ាន់ម៉ា អាចបំផ្លាញមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសហគមន៍អាស៊ាន
21, Nov 2022 , 2:00 pm        
រូបភាព
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ។ រូបពីហ្វេសប៊ុក Royal du Cambodge
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ។ រូបពីហ្វេសប៊ុក Royal du Cambodge
ភ្នំពេញ៖ ក្នុងឱកាសនៃមហាសន្និបាត អន្តរសភាអាស៊ានលើកទី៤៣ (AIPA-43) ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានកត់សម្គាល់ថា វិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា អាចនឹងបំផ្លាញមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសហគមន៍អាស៊ាន ដែលបានរួមគ្នាខិតខំកសាងកន្លងមក។

 
ព្រះរាជសារបើកពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA-43) នៅថ្ងៃទី២១ វិច្ឆិកា របស់ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានថ្លែងដោយលោក ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា។ ព្រះរាសារបស់ ព្រះ​ករុណា ផ្ដោតលើសន្តិសុខក្នុងតំបន់អាស៊ាន និងការរួមគ្នាដោះស្រាយ។ 
 
អាស៊ានបានរួមគ្នា រំដោះប្រជាជនរាប់លាននាក់ឲ្យរួចផុតពីភាពក្រីក្រ និងបង្កើតឱកាសការងារយ៉ាងជាក់ស្តែងដល់ស្ត្រី។ អាស៊ាន បានរួមគា្នវិនិយោគលើការអប់រំប្រកបដោយគុណភាពសម្រាប់យុវជន និងធ្វើឱ្យប្រសើរឡើងនូវសេវាថែទាំសុខភាពសម្រាប់មនុស្សចាស់ជរា។ នេះជាព្រះរាជសារ ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្តម សីហមុនី ដោយមានព្រះបន្ទូលទៀតថា ជាភ័ព្វសំណាង ដែលអាស៊ានស្ថិតនៅក្នុងតំបន់ប្រកបដោយការរីកចម្រើន ដែលជាកន្លែងទាក់ទាញការវិនិយោគបរទេស ពាណិជ្ជកម្ម និងទេសចរណ៍។ 
 
ព្រះរាជសារព្រះមហាក្សត្រ តាមរយៈលោក ជាម យៀប អនុប្រធានទី១ រដ្ឋសភាកម្ពុជា បានសង្កត់ធ្ងន់ថា អាស៊ានត្រូវតែបន្តការពារ ថែរក្សាពួនជ្រុំនូវសន្តិភាព ដែលសម្រេចឲ្យបានគង់វង្ស​ស្ថិតស្ថេរយូរអង្វែង។ ព្រះមហាក្សត្រមានបន្ទូលទៀតថា សន្តិភាព​អាច​នឹងត្រូវ​បាន​បំផ្លាញ​នៅ​ពេល​ណា​មួយ ​ដោយសារ​បញ្ហា​ប្រឈម​ជា​ប្រពៃណី​ ពីទី​ជិតឬ​ឆ្ងាយ ​ក៏​ដូច​ជា​ការ​គំរាម​កំហែង​​មិន​មែនជា​ប្រពៃណី​ជាច្រើន ដែលអាច​បង្កអស្ថិរភាព​ដល់​សង្គម​​។ ជាពិសេស ផលប៉ះពាល់ក្នុងរយៈពេលវែង ដោយសារជំងឺរាតត្បាតកូវីដ-១៩ នឹងបន្តជះឥទ្ធិពលលើសេដ្ឋកិច្ច ក្នុងតំបន់អស់រយៈពេលជាច្រើនឆ្នាំ ឬជាច្រើនទសវត្សរ៍ទៅខាងមុខទៀត។
 
ចំណុចសំខាន់មួយទៀត ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានកត់សម្គាល់បែបនេះ៖ «វិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា មិនត្រឹមតែបង្កឲ្យមានហិង្សានយោបាយ និងជម្លោះប្រដាប់អាវុធផ្ទៃក្នុងឲ្យកាន់តែធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែនឹងធ្វើឱ្យប្រជាជន នៃប្រទេសនេះ បាត់បង់នូវឱកាសសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សរបស់ខ្លួនផងដែរ។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀត វាអាចបំផ្លាញមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសហគមន៍អាស៊ាន ដែលយើងទាំងអស់គ្នាបានខិតខំកសាងរួមគ្នា នាពេលកន្លងមក»។
 
ប៉ុន្តែបញ្ហាដ៏ធ្ងន់ធ្ងរទាំងនេះ គឺពុំមានអ្វី ដែលមិនអាចពុំអាចដោះស្រាយបាននោះទេ ។ ចំពោះការដោះស្រាយនោះ តាមរយៈការរួមគ្នាប្រើប្រាស់នូវធនធានមនុស្ស និងបញ្ញា គតិបណ្ឌិត និងការជឿនលឿនផ្នែកបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍។ បញ្ហាទាំង​នោះ អាស៊ាន ត្រូវ​មាន​គោលការណ៍សំខាន់ៗ ដែលខ្លួន​មានស្រាប់​ក្នុងការ​ដោះស្រាយ​  ដោយផ្អែកលើធម្មនុញ្ញអាស៊ាន និងអង្គការសហប្រជាជាតិ។ ជាពិសេសពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយឈរលើមូលដ្ឋានច្បាប់ ដើម្បីបម្រើឧត្តមប្រយោជន៍សម្រាប់ប្រជាជននៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។ នេះបើតាមព្រះរាជសាររបស់ ព្រះមហាក្សត្រ ។
 
ការជួបជុំគ្នានៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣នេះ បានឆ្លុះបញ្ចាំងអំពីស្មារតី នៃសាមគ្គីភាព ឯកភាព និងការប្តេជ្ញាចិត្តក្នុងការជម្នះលើបញ្ហាប្រឈមនានា ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវអនាគតមួយប្រកបដោយសន្តិភាព និងវិបុលភាពសម្រាប់តំបន់។  
 
ដើម្បីសម្រេចបាននូវអនាគតមួយនេះ ព្រះមហាក្សត្រកម្ពុជា
មានបន្ទូលបញ្ជាក់ថា ត្រូវតែធានាពីកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់ ឲ្យមានភាពស៊ីសង្វាក់គ្នាយ៉ាងជិតស្និទ្ធជាមួយនឹងទស្សនទាន នៃ «ចីរភាព បរិយាបន្ន និងភាពធន់» ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងមូលបទ នៃអង្គមហាសន្និបាត៕ 
 

Tag:
 AIPA-43
  ព្រះមហាក្សត្រ
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com